Headlines:

ក្រសួង​ធនធាន​ទឹក​អំពាវនាវ ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថាន​ភាព​ទឹក​ជំនន់​តាម​ដង​ទន្លេ

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​អំពាវនាវ សុំឲ្យ​អាជ្ញាធរ​ដែន​ដី និង​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​កម្ពុជា ទន្លេ​សាប ទន្លេ​បាសាក់ និង​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថាន​ភាព​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​បង្ក​ជា​ព្យុះ​ភ្លៀង​ជន់​លិច​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​លើនៃ​អាង​ទន្លេ​មេង្គ ដើម្បី​ចៀស​វាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ជាយ​ថាហេតុ។

លោក​លឹម​ គាន​ហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង ឧតុនិយម នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ស្តីពី ស្ថាន​ភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ ដោយ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ ប្រព័ន្ធសម្ពាធ​ទាប (ITCZ) ដែល​កំពុង​អូស​កាត់​ពី​លើ អាងទន្លេ​មេគង្គ (ពី​ប្រទេស​មីយ៉ាន់ម៉ា ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិច ខាង​កើត​ប្រទេស​ហ្វីលីពីន បាន​និង​កំពុង​មាន​ឥទ្ធិពល មកលើ​អាង​ទន្លេ​មេង្គ ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ថៃ ពិសេស​នៅ​ក្នុង​អាង​ទន្លេ​មេង្គភាគ​ខាង​លើ។

លោក​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ទៀត​ថា៖​«ស្ថានភាព​នេះ នឹង​បណ្ដាល​ឲ្យ​ទឹក​ទន្លេ​មេគង្គ​កម្ពុជា ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​អាង​បឹង​ទន្លេសាប ចាប់​កើន​ឡើង ធ្វើឲ្យ​តំបន់​ទំនាប​មួយ​ចំនួន ដែល​ស្ថិត​នៅ​អមដង​ទន្លេខាង​លើ ចាប់​ផ្ដើម​លិច​ជា​បន្ត​បន្ទាប់ ដែល​ការលិច​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​បាល់​ដល់​ដំណាំ កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ»។

លោក​បាន​អំពាវនាវ សូមឲ្យអាជ្ញាធរដែនដី​ និង ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេទាំង​នោះ ចាត់​វិធាន​ការ​ប្រមូល​កសិផល​ឲ្យ​ទាន់​ពេល​វេលា និង​សូម​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្នខ្ពស់ ចំពោះស្ថាន​ភាព​ទឹក​ជំនន់​ខាង​លើ ដើម្បីចៀសវាង​នូវ​គ្រោះ​ថ្នាក់ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy