ភ្នំពេញ : ប្រសិនបើអ្នកពូកែខាងអត់ធ្មត់ស៊ូទ្រាំនឹងកម្ដៅថ្ងៃ ខ្យល់ ភ្លៀងផ្គរដោយមិនខ្លាចកូរពោះ ឬហេវហត់នោះ អ្នកអាចជាបេក្ខភាពដ៏ល្អម្នាក់ក្នុងការចូលរួមប្រកួតដាក់បាតដៃ លើរថយន្តស៊ូបារុ ដើម្បីដណ្ដើមយករង្វាន់ថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។
ការប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ត្រូវបានរៀបចំឡើងជាលើកទី ២ដោយក្រុមហ៊ុន មូធ័រអ៊ីមេជ ខេមបូឌា ដែលនាំចូល និងលក់ចែកចាយនូវរថយន្តស៊ូបារុ។ ការប្រកួតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហាខាងមុខនេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមទស្សនាយ៉ាងកុះករ។
អ្នកនាង ថាក់ សុធាវី មកពីក្រុមហ៊ុន មូធ័រ អ៊ីមេជ ខេមបូឌា បាននិយាយ៖ «កាលពីឆ្នាំមុនមានអ្នកចុះឈ្មោះចូលរួមជាង១០០នាក់ ប៉ុន្តែមានតែ៧០នាក់ទេដែលត្រូវបានជ្រើសរើសយក ទៅប្រកួតនៅមុខផ្សារទំនើបសូរិយា។ ដោយឡែកឆ្នាំនេះ យើងសង្ឃឹមថាចំនួនអ្នកចូលរួមនឹងកើនឡើង ដោយសារបេក្ខជនដែលធ្លាប់ប្រកួតកាលពីឆ្នាំមុន ពួកគាត់នឹងនាំមិត្តភក្ដិបងប្អូនមកចូលរួមប្រកួតជាមួយថែមទៀត»។
យ៉ាងណាមិញ បុគ្គលិកក្រុមហ៊ុនរូបនេះបានបញ្ជាក់ថា យើងនឹងធ្វើការជ្រើសរើសប្រមាណ៨០នាក់ទេ។
ការប្រកួតដាក់បាតដៃនេះត្រូវបានរៀបចំឡើងដើម្បីស្វែងរកមនុស្ស ដែលចូលចិត្តបើកបរ មានចិត្តជាអ្នកកីឡា មានការប្ដេជ្ញាចិត្តខ្ពស់ និងចេះបត់បែនគ្រប់កាលៈទេសៈ ដែលស្រដៀងទៅនឹងលក្ខណសម្បត្តិរបស់រថយន្តស៊ូបារុ។
លោក ហួន ផានី ដែលជាអ្នកគ្រប់គ្រងផ្សព្វផ្សាយ នៅក្រុមហ៊ុនអចលនទ្រព្យធំមួយ បានឲ្យដឹងថា លោកធ្លាប់ចូលរួមការប្រកួតទាំងនៅប្រទេសកម្ពុជា និងនៅសិង្ហបុរី។
បេក្ខជនដែលតស៊ូបានយូរជាងគេក្នុងចំណោមបេក្ខជនខ្មែរនៅវគ្គផ្ដាច់ ព្រ័ត្រឯទឹកដីសិង្ហបុរី រូបនេះបានប្តេជ្ញាថា៖ «បទពិសោធកាលពីឆ្នាំមុនគឺកាន់តែធ្វើឲ្យខ្ញុំមានជំនឿចិត្ត ក្នុងការចូលរួមប្រកួតម្ដងទៀតនៅឆ្នាំនេះ»។
ការប្រកួតនៅមុខផ្សារទំនើបសូរិយានឹងជម្រុះយកបេក្ខជន-បេក្ខនារី១០ នាក់ដើម្បីត្រៀមខ្លួនទៅប្រកួតយករង្វាន់រថយន្តស៊ូបារុមួយគ្រឿង ដ៏ថ្មីសន្លាងនៅប្រទេសសិង្ហបុរី ជាមួយនឹងបេក្ខជនជាង៣០០នាក់ទៀតមកពីថៃ ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម ឥណ្ឌូនេស៊ី ចិន ម៉ាកាវ និងសិង្ហបុរី។
ព័ត៌មានស្ដីពីការចុះឈ្មោះប្រកួតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ នេះរហូតដល់ថ្ងៃទី៣០ ខែកក្កដា សូមអញ្ជើញទៅអគារពិព័រណ៍រថយន្តស៊ូបារុ ស្ថិតនៅផ្ទះលេខ ៤៨ ផ្លូវម៉ៅសេងទុង រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩ ៤៦ ២៨៕
ភ្នំពេញ ប៉ុស្តិ៍







