បាងកកៈ អតីតទេសាភិបាលរងធនាគារថៃ បានឲ្យដឹងថា និន្នាការពិភពលោកក្នុងការបន្ទាបអត្រាការប្រាក់ អាចនឹងប៉ះពាល់ដល់រូបិយប័ណ្ណអាស៊ី ដូចជា ប្រាក់បាតជាដើម ព្រមទាំងធ្វើឲ្យមានការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុនៅ តំបន់នេះផងដែរ។
លោក Bandid Nijathaworn ប្រធានវិទ្យាស្ថាន Thai Institute of Directors បានឲ្យដឹងថា កំណើនផលិតផលក្នុងស្រុកទាបជាងការរំពឹងទុក អាចនឹងជំរុញឲ្យមានការកាត់បន្ថយអត្រាការប្រាក់នៅអាស៊ី។
ការសម្រេចចិត្តរបស់ធនាគារកណ្តាលអឺរ៉ុប ក្នុងការកាត់បន្ថយអត្រាការប្រាក់ ០,២៥ភាគរយ មកនៅត្រឹម០,៧៥ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធនាគារប្រជាជនរបស់ចិន កាត់បន្ថយអត្រាការប្រាក់ ០,៣១ ភាគរយ មកនៅត្រឹម ៦ភាគរយ។
ខណៈដែលប្រទេសថៃ អាចនឹងកាត់បន្ថយអត្រាការប្រាក់តាមនិន្នាការពិភពលោក ប្រទេសនេះ ត្រូវពិចារណាលើកត្តាផ្សេងៗទៀត ដូចជា អត្រាអតិផរណា។
លោកបណ្ឌិត Bandid បានឲ្យដឹងថា និន្នាការបន្ទាបអត្រាការប្រាក់ ឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ដូច្នេះកត្តាហានិភ័យមួយចំនួននៅឆមាសទីពីរ គឺសេដ្ឋកិច្ចពិភពលោកទន់ខ្សោយ ហើយអាចនឹងនាំដល់និន្នាការអតិផរណា។ លោកបានលើកឡើងថា៖ «ប្រសិនបើសេដ្ឋកិច្ចថៃ មានកំណើនតិចជាងការរំពឹងទុក នោះ គោលនយោបាយអត្រាការប្រាក់ អាចនឹងបង្កើតការប្រើប្រាស់តាមរយៈការកាត់បន្ថយអត្រាការប្រាក់។ តែបើអតិផរណាកើន អាជ្ញាធរអាចរក្សាអត្រាការប្រាក់ខ្ពស់ ដើម្បីគ្រប់គ្រងការប្រើប្រាស់»។ លោកបានជំរុញធ្វើយ៉ាងណាឲ្យមានតុល្យភាពរវាងការជំរុញសេដ្ឋកិច្ច និងការរក្សាស្ថិរភាពសារពើពន្ធ៕ CS
ភ្នំពេញ ប៉ុស្តិ៍

