កាលពីប៉ុន្មានខែមុននេះ កែវ ពេជ្រពិសី បានត្រៀមចិត្តត្រៀមកាយនឹងចាប់អាជីពថ្មីជាពិធីការិនីនៅទូរទស្សន៍ហង្សមាស ប៉ុន្តែទន្ទឹមនឹងការទន្ទឹងរង់ចាំរបស់ទស្សនិកជន បែរជា កែវ ពេជ្រពិសី លេចមុខក្នុងនាមជាពិធីការិនីនៅលើឆាកតន្ត្រីរបស់ទូរទស្សន៍បាយ័នទៅវិញ។ ការហក់លោតមួយក្ឌាំងមិននឹកស្មានរបស់តារាស្រីរូបនេះត្រូវបានអះអាងឲ្យដឹងថា ដើម្បីធ្វើការប្រមូតរឿង ខណៈដែលពន្លឺអនាគតអាជីពពិធីការិនីរបស់នាងនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់ថាយ៉ាងណានោះនៅឡើយ។
មុននេះ កែវ ពេជ្រពិសី បានបញ្ជាក់ថា នាងមានគម្រោងរួចជាស្រេចហើយសម្រាប់ការចេញចាប់អាជីពជាពិធីការិនីនៅទូរទស្សន៍ហង្សមាស តែតារារូបនេះសុំទុករឿងកុងត្រាការងារ និងតម្លៃខ្លួនក្នុងកម្រិតណាមួយជារឿងសម្ងាត់សិន។ ប៉ុន្តែរំលងមិនទាន់នឹងបានប៉ុន្មានផង កែវ ពេជ្រពិសី បែរជាត្រូវបង្វែរទិសខុសគម្រោង ពោលគឺនាងបានលេចមុខនៅទូរទស្សន៍បាយ័នដែលមានគ្រឹះរឹងមាំទៅហើយទៅវិញ។
ភាពមិនច្បាស់លាស់ការងាររបស់តារារូបនេះ ត្រូវបានបងស្រីរបស់នាង ឲ្យដឹងថា ការលេចមុខរបស់នាង គឺគ្រាន់តែជាការរំលេចខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន មុននឹងរឿងភាគក្រោមចំណងជើង «ពន្លកស្នេហ៍ក្បែរជាយដែន» ដែលនាងជាតួឯកជិតចាក់ផ្សាយនៅទូរទស្សន៍បាយ័នតែប៉ុណ្ណោះ។
ស្ត្រីដែលលើកទូរស័ព្ទ ពេជ្រពិសី ហើយអះអាងថាខ្លួនជាបងស្រីរបស់ កែវ ពេជ្រពិសី បាននិយាយតាមទូរស័ព្ទថា៖«អូ! អាហ្នឹង...កាលដែលគាត់(កែវ ពេជ្រពិសី) ឡើងធ្វើពិធីករនៅបាយ័នហ្នឹង គឺគាត់ឡើងដើម្បីប្រមូតរឿងថ្មីរបស់គាត់ដែលជិតចាក់ផ្សាយនៅប៉ុស្តិ៍ បាយ័នព័ត៌មាន គឺរឿងភាគ ពន្លកស្នេហ៍ក្បែជាយដែន ដែលថតនៅខេត្តព្រះវិហារជាមួយនឹង ចន ច័ន្ទលក្ខិណា ហ្នឹង ហើយគាត់ដើរតួជាទាហានម្នាក់»។
ទោះបីជាបង្ហាញមុខ១០០ភាគរយនៅលើឆាកតន្ត្រី«ដួងតារារយពាន់» របស់ទូរទស្សន៍បាយ័ន តែតារារូបនេះ នៅតែមាត់រឹងមិនទាន់ហ៊ានបញ្ចេញវាចារឲ្យបានច្បាស់ថា នាងពិតជាចូលខ្លួនបម្រើការងារជាពិធីការិនីនៅក្រោមដំបូលរបស់បាយ័នយ៉ាងណានោះឡើយ។ នាងបានត្រឹមតែប្រាប់ថា នៅពេលនេះមិនប្រាកដទេ។
បងស្រីកែវ ពេជ្រពិសី បាននិយាយថា៖«នៅពេលនេះ ពិសី ជាប់ថត ហើយរឿងគាត់ធ្វើពិធីការិនីនៅបាយ័ន ឬយ៉ាងណានោះ អត់ទាន់ច្បាស់នៅឡើយ ព្រោះគាត់ធ្វើពិធីការិនីនោះ បាយ័ន បានប្រាប់ថា ដើម្បីប្រមូតនាងមុននឹងចាក់រឿង ហើយរឿងហង្សមាស អីនោះទាល់តែសួរគាត់ផ្ទាល់»។
ទោះជានាងជ្រើសយកប៉ុស្តិ៍ទូរទស្សន៍មួយណាឈរជើងក៏ដោយ គេនៅតែសង្ឃឹមថា តារារូបនេះនឹងអាចស្តារភាពល្បីល្បាញមួយកម្រិតឡើងវិញ បន្ទាប់ពីនាងហាក់មានភាពស្ងប់ស្ងាត់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយពេលដែលនាងបានបរាជ័យលើចំណងអាពាហ៍ពិពាហ៍នោះ។
គួរបញ្ជាក់ថា កែវ ពេជ្រពិសី បានហក់ចូលប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងឆ្នាំ២០០០ ហើយរឿង «រស់ជាតិជីវិត» បានលើកឲ្យនាងមានភាពល្បីល្បាញរហូតមកទល់នឹងពេលនេះ។ ក្នុងជីវិតសិល្បៈ កែវ ពេជ្រពិសី បានជួបនឹងរឿងដ៏អាម៉ាស់មួយ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងបុរសអាណិកខ្មែររស់នៅអូស្ត្រាលី ដែលក្រោយមកនាងត្រូវបានគេចោទថា បានបោកប្រាស់ប្រាស់បុរសរូបនោះ៕
ភ្នំពេញ ប៉ុស្តិ៍

