Headlines:

ក្រសួង​បារម្ភ​អំពី​ការ​នាំ​ចេញ​អង្ករ​ផ្កាម្លិះ

120710_11
ពូជ​ស្រូវ​​ចំនួន​​១០​​ប្រភេទ​ ដែល​​ក្រសួង​​កសិកម្ម​​បាន​​ដាក់​​បង្ហាញ​​ក្នុង​​វេទិកា​​ស្រាវជ្រាវ​ស្រូវ​​​នា​ពេល​​កន្លង​មក។ បច្ចុប្បន្ន​​ក្រសួង​​កំពុង​​ជំរុញ​ឲ្យ​កសិករប្រើប្រាស់​ពូជ​ស្រូវ​​ទាំង​​នេះ ។ រូបថត ហុង មិនា

ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​អំពី​លទ្ធភាព​ប្តឹង​ពី​ភាគី​ថៃ​ជុំវិញ​ការ​នាំ​ចេញ​អង្ករ​ផ្លា​ម្លិះ​ របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​ខណៈ​ថៃ​បាន​ចុះ​បញ្ជី​អង្ករ​ប្រភេទ​នេះ​រួច​ទៅ​ហើយ​ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ញា​អាជីវកម្ម។​

ក្រសួង​កសិកម្ម​កម្ពុជា​បច្ចុប្បន្ន​កំពុង​ជំរុញ​ឲ្យ​កសិករ​បង្កើន​ការ​ ដាំដុះ​ពូជ​ដែល​ជា​របស់​ខ្មែរ​ឲ្យ​បាន​ច្រើន​វិញ​ ដើម្បី​ចៀស​វាង​នូវ​បញ្ហា​នៅ​ពេល​ខាង​មុខ​។

បើ​ទោះ​បី​យ៉ាង​នេះ​ការ​ធ្វើ​វិភាគ​ទៅ​លើ​ DNA ​នៃ​ពូជ​ស្រូវ​ផ្កា​ម្លិះ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​នៅ​ឡើយ​ទេ​។

លោក ច័ន្ទ សារុន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់ ​និង ​នេសាទ ​បាន​ព្រមាន​ទៅ​ដល់​ក្រុម​ហ៊ុន​ធំៗ​ដែល​កែ​ច្នៃ​អង្ករ​នាំ​ចេញ​ថា ប្រភេទ​អង្ករ​ផ្កាម្លិះ​អាច​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ គឺ​ពេល​ដែល​កម្ពុជា​នាំ​ចេញ​អង្ករ​ទ្រង់​ទ្រាយ​ធំ​រហូត​ដល់​១​លាន​តោន ក្នុង​មួយ​ឆ្នាំ​។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​អង្ករ​ផ្កាម្លិះ​ទ្រង់ទ្រាយ​តូច​ដូច​សព្វ​ថ្ងៃ​​នឹង​មិន​មាន បញ្ហា​ ចោទ​នោះ​ទេ តែ​ការ​នាំ​ចេញ​ទ្រង់ទ្រាយ​ធំ​ជា​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង​ ការ​ប្តឹង​​ពី​ភាគី​ថៃ​អាច​នឹង​កើត​មាន​។ ​លោក​បាន​បន្ថែម​ថា៖ ​«អង្ករ​ទាំង​នេះ​ទៅ​ថ្ងៃ​ក្រោយ​គេ​នឹង​ត្រួត​ពិនិត្យ​ DNA ​មិន​មែន​ចេះ​តែ​លេង​សើច​ទេ​។ ​ឥឡូវ​នេះ​វា​ស្ថិត​ក្នុង​កម្រិត​តូច ​ដូច​នេះ​គេ​ចេះ​តែ​យោគយល់​ទៅ។​ ប៉ុន្តែ​ថ្ងៃ​ក្រោយ​ទ្រង់ទ្រាយ​នៃ​ការ​នាំ​ចេញ​ធំ​ ហើយ​ប្រកួត​ជាមួយ​ប្រទេស​ជិត​ខាង នោះ​គឺ​យើង​មាន​រឿង​»។

ជា​ដំណោះស្រាយ​លោក​ រដ្ឋ​មន្ត្រី​បាន​ជំរុញ​ការ​បង្ក​បង្កើន​ផលិត​ពូជ​ស្រូវ​ដែល​ក្រសួង​រក ឃើញ ហើយ​ជា​របស់​ខ្មែរ​ស្រាប់​ ព្រម​ទាំង​គុណភាព និង​ក្លិន​ក្រអូប​មិន​ខុស​គ្នា​ទេ។

លោក រដ្ឋ​មន្ត្រី និយាយ​ថា​៖ «យើង​កំពុង​ដាក់​វិធានការ​ឲ្យ​គាត់ ផលិត ​ផ្កា​រំដួល ផ្ការ​មៀត និង ផ្កា​រំដេង​ឲ្យ​បាន​ច្រើន តែ​មិន​ទាន់​ជោគជ័យ​ទេ​»។

លោក​បាន​លើក​ឡើង​ថា ​ប្រជាជន​កម្ពុជា​មិន​ចូល​ចិត្ត​ដាំ​ដុះ​ពូជ​ស្រូវ​ក្រអូប​ច្រើន​ទេ ព្រោះ​​ពួក​គាត់​មិន​និយម​បរិភោគ​អង្ករ​ល្អ​ដោយ​សារ​សមាជិក​គ្រួសារ​ច្រើន ​និង​មិន​ទម្លាប់​ធ្វើ​ស្រែ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នោះ​ទេ​។ លោក​បន្ត​ថា៖​ «គាត់​អត់​ទាន់ ​គិត​ថា ចាក​ចេញ​ពី​ឆ្នាំង​បាយ​ទៅ​លក់​ដូរ​ទេ​»។​

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ទៀត​បាន​អះអាង​ថា​ថៃ​ក៏​មិន​ទាន់​បាន​ធ្វើ ​វិភាគ​DNA​ដែល​បញ្ជាក់​ថា​ស្រូវ​ប្រភេទ​នេះ​ជា​របស់​ខ្លួន​ដែរ។​

លោក​ ងិន ​ឆាយ ​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ ​នៃ​ក្រសួង​កសិកម្ម បាន​និយាយ​ថា ​ពូជ​នេះ​ជា​ប្រភេទ​ពូជ​ដែល​មាន​រាប់​រយ​ឆ្នាំ​កន្លង​មក​ហើយ​ ហើយ​ថៃ​ក៏​មិន​ប្រាកដ​ថា​.ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ពូជ​ស្រូវ​ក្រអូប​មួយ​ប្រភេទ​នេះ​ដែរ ​ប៉ុន្តែ​គេ​បាន​​យក​ទៅ​ចុះ​ឈ្មោះ​ជា​សមា​ជិក​នៃ​អនុសញ្ញា​សហព័ន្ធ​ អន្តរ​ជាតិ​ការ​ពារ​ពូជ​ថ្មី​នៃ​ដំណាំ​(UPOV) ​ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ញា។ ​លោក​បន្ត​ថា​៖​ «គេ​អាច​ប្តឹង ​តែ​យើង​មាន​ឱកាស​បកស្រាយ។​ យើង​ក៏​មាន​ការ​​ព្រួយបារម្ភ​អ៊ីចឹង​ដែរ តែ​យើង​មាន​យន្ត​ការ​ឆ្លើយ​តប​បាន​។ ​យើង​គ្រាន់​មិន​ចង់​ឲ្យ​មាន​បញ្ហា​ហ្នឹង​នាំ​តែ​ស្មុគស្មាញ ព្រោះ​ពូជ​យើង​មាន​លក្ខណៈ​ល្អ​ប្រហាក់​ប្រហែល​ដែរ ​ដូច​នេះ​យើង​ជំរុញ​ពូជ​របស់​យើង​វិញ​»​។

បច្ចុប្បន្ន​ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ផលិត​អង្ករ​នៅ​កម្ពុជា​ភាគ​ច្រើន​នាំ​ចេញ​អង្ករ​ផ្កា​ម្លិះ​។

លោក លឹម​ ប៊ុន​ហេង ប្រធាន​ក្រុមហ៊ុន​ឡូរ៉ង់​ដែល​បាន​កែច្នៃ​អង្ករ​ផ្កា​ម្លិះ​លក់​ជាង ៣​ពាន់​តោន​កាល​ពី​ដំណាច់​ឆមាស​ទី​មួយ​ឆ្នាំ​២០១១ ​ហើយ​ចំនួន​អង្ករ​ក្រអូប​ផ្កា​ម្លិះ​នេះ​បាន​កើន​ដល់​ប្រមាណ​៦​ពាន់​តោន​នៅ ​ដំណាច់​ឆមាស​ឆ្នាំ​នេះ​។ ​ លោក​បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​ទទួល​បាន​ព័ត៌មាន​នេះ​ក្នុង​ពេល​កន្លង​មក​ តែ​អន្តរជាតិ​មិន​គាំទ្រ​ថៃ​ទេ​ ព្រោះ​ពូជ​ស្រូវ​ផ្កា​ម្លិះ​នេះ​មាន​យូរយារ ហើយ​គេ​និយម​ដាំដុះ​នៅ​ខេត្ត​បាត់ដំបង បន្ទាយ​មាន​ជ័យ ​និង​ ខេត្ត​ស៊ីសាកេត (ខ្មែរ​សុរិន្ទ​)។  លោក​បាន​បន្ត​ទៀត​ថា ការ​ប្រើ​ពូជ​ដែល​ក្រសួង​កសិកម្ម​បាន​ណែនាំ ​គឺ​យើង​អាច​ចៀស​ផុត​ពី​បញ្ហា ​តែ​អតិថិជន​មិន​គាំទ្រ​អង្ករ​ក្រអូប​ដែល​ក្រសួង​បាន​ណែនាំ​ច្រើន​នោះ ទេ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​ធ្លាប់​ដាក់​ឈ្មោះ​ផ្កា​រំដួល ផ្កា​រំដេង​ដែរ​ តែ​អតិថិជន​គេ​ហាក់​ដូច​ជា​អល់​ឯក​ក្នុង​ការ​ប្រើ​ប្រាស់។ អង្ករ​ដូច​គ្នា​ តែ​គេ​ថា​គេ​អត់​ទុក​ចិត្ត​ទេ ទល់​តែ​ផ្កា​ម្លិះ សូម្បី​ទីផ្សារ​ក្នុង​ប្រទេស​នៅ​ផ្សារ​ទំនើប​ក៏​ដូច​គ្នា​ដែរ»។

តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ នឹង​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​ត្រឹម​ឆ្នាំ​ ២០១​៥ ហើយ​ដែល​និន្នាការ​នេះ​កំពុង​ឆ្ពោះ​ទៅ​មុខ​។ បើ​ទោះបី​យ៉ាង​នេះក្តី ក្តី​បារម្ភ​ទាក់​ទង​នឹង​ការ​សម្រេច​បាន​គោល​នេះ​នៅ​តែ​មាន​ ខណៈ​បញ្ហា​ដើម​ទុន​ និង​លទ្ធភាព​នៃ​ការ​កែច្នៃ​នៅ​មាន​កម្រិត​នៅ​ឡើយ។

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ប្រមាណ ​៣៥​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​ទៅ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ថា​នឹង​អាច​ប៉ះពាល់​ដល់​ផែន​ការ​នាំ​ចេញ​អង្ករ​ទៅ​ថ្ងៃ​មុខ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy