ភ្នំពេញៈ ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃភាពចង្អៀតណែនតាន់តាប់ ដែលអាចដាក់ប្រព័ន្ធពន្ធនាគារប្រទេសនេះ ចូលទៅក្នុងលំដាប់ទី ៣៥ នៃពន្ធនាគារ ដែលមានភាពចង្អៀតណែន នៅក្នុងពិភពលោក ដោយសារតែសន្ទុះកើនឡើងនៃជនជាប់ឃុំ ពីបទល្មើសគ្រឿងញៀន ជិត ៤ ដង ចាប់តាំងពីឆ្នាំ ២០០៨ មក។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលចេញផ្សាយ កាលពីម្សិលមិញ។
របាយការណ៍ ដែលមានចំនួន ២១ ទំព័រ ជាភាសាអង់គ្លេស បានបង្ហាញថា តាមរបាយការណ៍ ពីអគ្គនាយកដ្ឋានពន្ធនាគារបានរាយការណ៍ថា មានមនុស្សចំនួន ២៧៤៧ នាក់ ត្រូវបានឃុំខ្លួន ក្រោមបទចោទប្រកាន់ ទាក់ទងនឹងគ្រឿងញៀន នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១១ ហើយចំនួននេះ បានកើនឡើងពីចំនួន ១០៤៦ នាក់ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១០។ សន្ទុះនៃកំណើននេះ បានកើនឡើងនៅអំឡុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន អស់រយៈពេលពេញមួយឆ្នាំ ដែលមានមនុស្សចំនួន ១០០០នាក់ត្រូវបានចាប់ខ្លួន។
របាយការណ៍ឲ្យដឹងទៀតថាពន្ធនាគារទូទាំងប្រទេសកម្ពុជា បានផ្ទុកជនជាប់ឃុំពេញទំហំផ្ទុក ប្រមាណស្មើនឹង ១៧១ ភាគរយ ដែលកត់សម្គាល់ឃើញថា មានភាពប្រសើរឡើងជាងនៅអំឡុង ឆ្នាំ ២០១១ ប៉ុន្តែនៅតែមានភាពធ្ងន់ធ្ងរជាងនៅអំឡុងឆ្នាំ ២០១០ នៅពេលពន្ធនាគារទាំងឡាយ ផ្ទុកជនជាប់ឃុំពេញ ១៦៧ ភាគរយ។ របាយការណ៍បានបន្ថែមថា៖«ប្រព័ន្ធគ្រប់គ្រងពន្ធនាគារកម្ពុជាបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតនៅក្នុងលំដាប់លេខ ៣៥ ក្នុងចំណោមពន្ធនាគារដែលមានភាពចង្អៀតណែន ក្នុងពិភពលោក»។ របាយការណ៍បានឲ្យដឹងទៀតថា ទោះបីជាមានការកើនឡើងនូវការចាប់ខ្លួនក្នុងករណីគ្រឿងញៀនក៏ដោយ ក៏ចំនួនជនជាប់ឃុំ នៅតាមពន្ធនាគារទូទាំងប្រទេសកម្ពុជា មានសន្ទុះកើនឡើងតិចតួច ត្រឹមតែ ២,៣ ភាគរយ នៅក្នុងចន្លោះខែមេសា ឆ្នាំ២០១១ និង ខែកុម្ភៈ ឆ្នាំ ២០១២។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូ មានប្រសាសន៍ថា គួរឲ្យលើកទឹកចិត្តដែលមើលឃើញថា កំណើនជនជាប់ឃុំ មានការថយចុះសន្សឹមៗ ប៉ុន្តែនៅតែមាននិន្នាការខ្លះ គួរឲ្យព្រួយបារម្ភណាស់។ នៅពេលកត់ត្រាកំណើនជនជាប់ឃុំ នៅតាមពន្ធនាគារ អាជ្ញាធរ បានដាក់បញ្ចូលជនល្មើសគ្រឿងញៀន ១៧០០ នាក់ បន្ថែមទៀត នៅក្នុងប្រព័ន្ធគ្រប់គ្រងពន្ធនាគារ។ ចំនួននេះ រាប់បញ្ចូលបន្ថែមទាំងប្រជាពលរដ្ឋជិត ២៥០ នាក់ ដែលត្រូវបានចាប់ខ្លួន ដោយគ្រាន់តែប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។
អ្នកនាង បានឲ្យដឹងទៀតថា៖«ប្រការនេះ បានបង្ហាញឲ្យឃើញនូវកង្វះខាតការយល់ដឹងជារួមចំពោះទិដ្ឋភាព ដ៏ធំធេងនេះ។ មានមធ្យោបាយច្រើនបែបប្រកបដោយប្រសិទ្ធភាព និងមិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីដោះស្រាយបញ្ហាគឿងញៀនទេ»។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានថ្លែងថា ពន្ធនាគារ នឹងនៅតែចង្អៀតណែនដដែលដរាបណាពន្ធនាគារទាំងនោះ នៅតែត្រូវបានគេប្រើប្រាស់ ដូចជា ទីកន្លែងទុកជនអនាថារបស់សង្គម។
ប្រទេសកម្ពុជា គួរតែអនុវត្តវិធានការជម្រើសផ្សេងៗ ដើម្បីជំនួសឲ្យការឃុំខ្លួនក្នុងពន្ធនាគារ ដូចជាទោសការងារសហគមន៍ ប្រើប្រាស់គោលកាណ៍ព្យួរទោស ប្រព័ន្ធដោះលែងដោយមានលក្ខខណ្ឌ ប្រើប្រាស់ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ មុនពេលជម្រះក្តី ព្រមទាំងមណ្ឌលព្យាបាលអ្នកញៀនថ្នាំ ដោយមិនឃុំខ្លួន ដែលប្រើប្រាស់វិធីសាស្ត្រដែលមានពិសោធល្អ។ លោកស្រីថ្លែងថា៖ «រដ្ឋាភិបាលទីបំផុត បានចាប់ផ្តើមជជែកគ្នា អំពីការប្រើទោសការងារសហគមន៍ និងទោសផ្សេងៗទៀត ដែលមិនត្រូវឃុំខ្លូន ប៉ុន្តែយើងមិនទាន់បានឃើញការអនុវត្តបានជាក់ស្តែងនៅឡើយទេ»។
លោក លីវ ម៉ូវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ចំនួនទណ្ឌិត ពិតជាមានការកើនឡើង ដែលបង្កឲ្យមានភាពចង្អៀតណែន នៅក្នុងពន្ធនាគារនៅទូទាំងប្រទេស ប៉ុន្តែការកើនឡើងនោះ គឺត្រឹមតែ១ ភាគរយកន្លះ តែប៉ុណ្ណោះ វាមិនបានកើនឡើង រហូតដល់ ២ ភាគរយទេ។ លោកនិយាយថា៖«ចំនួនពន្ធនាគារយើង បានផ្ទុកអ្នកទោសលើសចំនួនស្តង់ដារ ដែលត្រូវកំណត់ឲ្យផ្ទុក តែយើងមិនអាចបង្កើតពន្ធនាគារបន្ថែមទៀតទេ ពីព្រោះករណីដែលកើនឡើងខ្លាំង គឺដោយសារបទល្មើសគ្រឿងញៀន ស្រវឹង រំលោភនិងអំពើហិង្សាក្នុងគ្រួសារ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា កត្តាដែលបណ្តាលឲ្យចំនួនទណ្ឌិតឬក៏ពិរុទ្ធជនបន្តការកើនឡើងដោយសារតុលារបានអនុវត្តក្រមព្រហ្មទណ្ឌថ្មី ដោយសម្រេចជ្រើសរើសឲ្យជាប់ឃុំបណ្តោះអាសន្នជាជាងការសម្រេចឲ្យ នៅក្រៅឃុំ។ លោកបន្ថែមថា៖«ដើម្បីកាត់បន្ថយនៅភាពចង្អៀតណែននេះ តុលាការគួរតែជ្រើសរើសឲ្យនៅក្រៅឃុំឬព្យួរទោស និងលុបបំបាត់ការឃុំខ្លួនលើសនីតិវិធី»៕
ភ្នំពេញ ប៉ុស្តិ៍

