ភ្នំពេញៈ ក្រុមមន្ត្រីកម្ពុជានៅមិនច្បាស់លាស់ពីការដកកងទ័ពពីតំបន់ គ្មានយោធាបណ្តោះអាសន្នជុំវិញតំបន់ជម្លោះជិតប្រាសាទព្រះវិហារ តាមបង្គាប់របស់តុលាការអន្តរជាតិ កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១១ នោះទេ ខណៈកាសែតថៃមួយបានចុះផ្សាយថា កម្ពុជានឹងដកទ័ពពីតំបន់នេះនៅថ្ងៃខួបនៃការចេញដីកាពីតុលាការ មួយនេះ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទកម្ពុជា លោកឧត្តមសេនីយ៍ ជា តារា និងមន្រ្តីរដ្ឋាភិបាលពីររូបដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា ទំនងមានការកែសម្រួលកងទ័ព នៅថ្ងៃទី១៨ ខែកក្កដា ពីតំបន់ជម្លោះក្តៅគគុកជាមួយថៃ នៅជិតប្រាសាទព្រះវិហារ។
នៅពេលសួរបញ្ជាក់ថា តើកងទ័ពនឹងត្រូវដកចេញនៅថ្ងៃ១៨ កក្កដានោះឬអត់ ខណៈរយៈមួយឆ្នាំត្រឹមបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានកំណត់ឲ្យមានតំបន់គ្មានយោធាបណ្តោះអាសន្ន១៧,៣គីឡូម៉ែត្រ ការ៉េ និងបញ្ជាឲ្យភាគីទាំងពីរដកទ័ពចេញ«ភ្លាមៗ» លោក ជា តារា បានតបថា «ហ្នឹងហើយ!»។
លោក ជា តារា បានថ្លែងបន្តថា ៖«សម្តេចតេជោ មិនចង់មានសង្គ្រាមនៅតាមព្រំដែនទេ»។
លោកថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងគោរពបញ្ជារបស់ ICJ កាលពីខែកក្កដា ឆ្នាំ២០១១ និងប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ»។ ប៉ុន្តែ លោកមិននិយាយថា តើកងទ័ពចំនួនប៉ុន្មាននាក់ នឹងដកចេញពីតំបន់គ្មានយោធាបណ្តោះអាសន្ននោះទេ។
សេចក្តីសម្រេចរបស់ ICJ បានបញ្ជាថា កងទ័ពត្រូវតែដកចេញ ដើម្បីឲ្យក្រុមសង្កេតការណ៍ឯករាជ្យអាចត្រូវបានបញ្ជូនទៅ តំបន់ព្រំដែនជម្លោះ។
ប្រភពពីមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ចំនួនពីររូបក៏មិនអាចផ្តល់ សេចក្តីលម្អិតច្បាស់ជាងនេះដែរទេ ប៉ុន្តែ អះអាងថា កងទ័ពមួយចំនួនអាចនឹងសម្រួលចេញនៅថ្ងៃទី១៨ កក្កដា ខាងមុខនេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកកាសែតនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីម្សិលមិញថា ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលថា កម្ពុជាប្រកាសថា ខ្លួននឹងដកទ័ពចេញនៅថ្ងៃនោះ គឺមិនត្រឹមត្រូវទេ។
លោក កុយ គួង ថ្លែងបន្តថា ៖ «កម្ពុជាពិតជាមានឆន្ទៈ ដើម្បីអនុវត្តទៅតាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១។ យើងពិតជាចង់អនុវត្តតាមដីកាបង្គាប់នោះ។ ដើម្បីអនុវត្តតាមដីកាបង្គាប់នោះ យើងនឹងមានឆន្ទៈក្នុងការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នដែលកំណត់ដោយតុលាការ។ ក៏ប៉ុន្តែយើងមិនទាន់ប្រកាសនៅថ្ងៃនេះទេ។ យើងនឹងប្រកាសនាថ្ងៃខាងមុខ»។ លោកថា វានឹងល្អដែរបើកម្ពុជានិងថៃអាច«រួមដៃគ្នា» ហើយប្រកាសថា ភាគីទាំងពីរនឹងដកទ័ពរួមជាមួយគ្នា។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក ថានី ថងភក្តី បានថ្លែងថា លោកមិនបានដឹងព័ត៌មានពីមន្រ្តីកម្ពុជាធ្វើការកែសម្រួលកង ទ័ពនេះទេ ហើយថា លោកនឹងផ្ទៀងផ្ទាត់ព័ត៌មាននេះមុនធ្វើអត្ថាធិប្បាយ។ លោកបន្តថា៖ «ទោះយ៉ាងណានាយករដ្ឋមន្រ្តី យីងឡាក់ នឹងមកកម្ពុជានៅថ្ងៃសុក្រទី១៣ កក្កដា ហើយលោកស្រីនឹងជួបជាមួយសម្តេច ហ៊ុន សែន ដូច្នេះយើងត្រូវចាំមើល ថាតើអ្វីដែលនាយករដ្ឋមន្រ្តីទាំងពីរនឹងពិភាក្សាគ្នា»។
ប្រសិនបើការសម្រួលទ័ពត្រូវធ្វើឡើងវានឹងបង្ហាញអំពីជំហាន ដ៏សំខាន់សម្រាប់ការចរចាការទូតរវាងប្រទេសទាំងពីរដើម្បី បញ្ចប់ជម្លោះដីជិតប្រាសាទព្រះវិហារ។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញអំពីការសរសើរទៅវិញទៅមក ប៉ុន្តែ បានធ្វើឲ្យមានដំណើររីកចម្រើនតិចតួចក្នុងការដោះស្រាយជម្លោះ ព្រំដែនចាប់តាំងពីនាយករដ្ឋមន្រ្តីថៃរូបនេះបានចូលកាន់ តំណែងជំនួសលោក អាភីស៊ីត វេចាជីវ៉ា កាលពីខែមិថុនា ២០១១។ ប៉ុន្តែ កាលពីចុងខែមុន ប្រជុំក្រុមការងាររួមបានព្រមព្រៀងថា ភាគីទាំងពីរនឹងដកទ័ព៣០ថ្ងៃ បន្ទាប់ពីតំបន់ព្រំដែនដោះមីនរួចរាល់ ហើយថានឹងជួបប្រជុំម្តងទៀតនៅខែនេះ ដើម្បីធ្វើឲ្យដំណើរការនោះបន្តទៅមុខដោយរលូន៕ PS រាយការណ៍បន្ថែម វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

