ព្រៃវែង : ដីស្រែប្រមាណជាមួយហិកតាកន្លះដែលលាតសន្ធឹងស្ថិតក្នុងភូមិ រំចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មិនត្រូវបានអ្នកភូមិណាម្នាក់ហ៊ានយកដីនេះជាកម្មសិទ្ធិឡើយអស់ រយៈពេលរាប់សិបឆ្នាំមកនេះ ព្រោះខ្លាចរន្ទះបាញ់ ដោយសារសម្បថបងប្អូនពីរនាក់។
រឿងរ៉ាវជម្លោះបែកផ្សែងរវាងបងប្អូនបង្កើត ដែលផ្តើមឡើងដោយសារដីកេរមួយហិកតាកន្លះ រហូតឈានដល់បបួលគ្នាស្បថស្បែមុខព្រះអង្គមានបារមីនោះ មិនមែនទើបតែកើតឡើងនៅក្នុងសម័យកាលអ្នកមានដោយសារលក់ដីនេះទេ ពោលគឺរឿងនេះកើតឡើងប្រហែលជា៥ទៅ៦តំណមនុស្សមកហើយ។ ប៉ុន្តែបើទោះជារឿងរ៉ាវសម្បថនោះកន្លងផុតទៅរាប់រយឆ្នាំ ហើយម្ចាស់ទាំងពីរនាក់បងប្អូនបានស្លាប់ទៅហើយក៏ដោយ ក៏ដីស្រែទំហំមួយហិកតាកន្លះនេះ នៅមិនមានអ្នកភូមិណាម្នាក់ហ៊ានយកដីនេះធ្វើជាកម្មសិទ្ធិដែរ បើទោះជាអ្នកភូមិនោះមិនមានដីធ្វើកសិកម្មមួយអាក៏ដោយ ព្រោះខ្លាចត្រូវរន្ទះបាញ់ស្លាប់។
ទាក់ទិននឹងដីសម្បថក្លាយជាដីរន្ទះបាញ់រាប់រយឆ្នាំនេះ លោក សេក ឃាង មេឃុំព្រៃឈរ វ័យ៥០ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា រឿងរ៉ាវដីសម្បថក្លាយជាដីរន្ទះបាញ់នៅភូមិរំចេកនេះ លោកមិនបានដឹងច្បាស់ថា រឿងនេះកើតឡើងតាំងឆ្នាំណាទេ ពោលគឺ តាំងលោកដឹងក្តីមកឮតែពាក្យចាស់តំណាលថា ដីសម្បថក្លាយជាដីរន្ទះបាញ់តៗគ្នា ។
លោកមេឃុំបន្តថា ជីដូនជីតារបស់លោកក៏និយាយដែរថា តាំងពីពួកគាត់កើតមកឃើញដីនេះនៅទំនេរចោលគ្មាននរណាម្នាក់ទៅ ប្រកបរបរកសិកម្មលើនោះទេ ហើយចាស់ជំនាន់មុនក៏ប្រាប់គាត់ (យាយតា)ថា ដីជាដីសម្បថដែរ។
តាមតំណាលតគ្នាបានឲ្យដឹងថា ដីនេះមុននឹងក្លាយជាដីរន្ទះបាញ់នោះ ជាកម្មសិទ្ធឈ្មោះយាយ ឆែ ប៉ុន្តែក្រោយមកប្អូនបង្កើតរបស់គាត់ម្នាក់ (មិនចាំឈ្មោះ) ក៏មកទាមទារ ដោយសំអាងថា ជាដីកេររួម ត្រូវចែកគ្នា ក៏កើតជម្លោះឈ្លោះគ្នាបែកផ្សែង កាត់ក្តីតាមតុលាការភ្នែកភ្លឺមិនព្រមចាញ់ឈ្នះ ទាំងពីរនាក់បងប្អូននោះ ក៏បបួលគ្នាទៅរកតុលាការកាត់ក្តីតាមផ្លូវងងឹតវិញម្តង ដោយបបួលគ្នាទៅស្បថមុខព្រះ។
លោកមេឃុំបន្តទៀតថា ជាលទ្ធផល ពួកគេទាំងពីនាក់បងប្អូនឆ្កូតទាំងពីរនាក់ ហើយទូលតែដី។ ចំណែកឯដីស្រែចំនួនមួយហិកតាកន្លះនោះ ក៏ស្រាប់តែក្លាយជាដីមានរន្ទះបាញ់តែម្តង ហើយចាប់តាំងពីពេលនោះរៀងមកក៏គ្មាននរណាម្នាក់ហ៊ានទៅភ្ជួររាស់ ស្ទូងស្រូវលើដីនោះដែរ ពោលគឺវាបានបន្តរហូតមកដល់សព្វថ្ងៃនេះ។
រឿងរន្ទះបាញ់ឲ្យតែអ្នកណាចង់បានដីនេះ ត្រូវបានគេលើកយកមកនិទានថា ទោះបីនៅរបបទមិឡឥតសាសនា ប៉ុល ពត ល្បីថាមិនជឿ និងមិនគោរពរាល់ជំនឿក៏ដោយក៏មិនអាចធ្វើជាកម្មសិទ្ធិលើដីនេះ បានដែរ។ លោកមេឃុំព្រៃឈររូបនេះបានបន្តថា នៅក្នុងសម័យ ប៉ុល ពត នោះ លោកដឹងច្បាស់ណាស់ថា ពេលពួកមេៗបានបញ្ជាឲ្យកូនចៅយកត្រាក់ទ័រទៅភ្ជួរដីស្រែនោះ ដោយមិនថាមានបារមីកាន់អ្វីនោះទេ តែពេលនោះបើទោះជាពួកគេព្យាយាមជម្នះយ៉ាងណា ក៏នៅតែចុះចាញ់នឹងរន្ទះបាញ់នោះដែរ។
លោកបានបញ្ជាក់ថា៖«ពេលនោះខ្ញុំមិនបានដឹងច្បាស់ថា បាញ់ស្លាប់តៃកុងអាត្រាក់ ឬយ៉ាងណាទេ តែខ្ញុំនៅចាំថា អាត្រាក់ទ័រទាំងប៉ុន្មានដែលភ្ជួរស្រែនោះគឺត្រូវរន្ទះបាញ់ បែកកង់ស្ទើរទាំងអស់ ហើយដោយខ្លាចញញើតគ្រាប់រន្ទះនោះក៏លែងមាននរណាហ៊ានភ្ជួរទៀតដែរ»។
នៅឆ្នាំ២០០២ជាឆ្នាំដែលផ្លូវលេខ១ត្រូវបានក្រុមបរទេសធ្វើការ ស្ថាបនា ពេលនោះក្រុមហ៊ុនរកទិញដីស្រែដើម្បីជីកដីដឹកមកចាក់ធ្វើផ្លូវ នោះ។ លោកមេឃុំឲ្យដឹងថា ពេលនោះមិនខ្វះទេ គេណែនាំឲ្យក្រុមហ៊ុនទៅជីកដីស្រែនោះ ដោយមិនលក់ក្នុងតម្លៃមួយកាក់មួយសេនឡើយឲ្យតែជីក តែក្រោយពីដឹងថា ដីនេះជាដីសម្បថនិងមានបារមីកាន់នោះ ពួកគេក៏មិនហ៊ានដែរ កុំថាឡើយទៅជីក សូម្បីតែទៅមើលក៏មិនហ៊ានមើលផង។
ស្រដៀងនឹងការលើកឡើងរបស់លោកមេឃុំ លោក សំណាង ដែលមានរបងផ្ទះនៅជាប់នឹងដីនេះក៏បានឲ្យដឹងដែរថា៖ «តាមខ្ញុំដឹងតៗពីចាស់មក ដីនេះក្រោយមានបារមីកាន់ដោយប្រើអំណាចរន្ទះបាញ់ជាអាវុធការពារ ដីដ៏មានប្រសិទ្ធភាពនោះ បានសម្លាប់មនុស្សសត្វអស់ច្រើនហើយ»។ លោកបន្តថា អ្នកស្លាប់នោះ ភាគច្រើនអ្នកបំពាន និងខ្លះចង់សាកល្បងមើលថា តើដីនោះមានបារមីកាន់ទៀតឬអត់? ចំណែកអ្នកខ្លះទៀតគិតថា សត្វមិនអីទេ យកក្របីគោទៅចងឲ្យស៊ីស្មៅនោះក៏ត្រូវរន្ទះបាញ់សត្វទាំងនោះងាប់ ដែរ៕
ភ្នំពេញ ប៉ុស្តិ៍






