ក្រុមហ៊ុន «កម្ពុជា ឡៃហ្វ» ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ ត្រូវបានបង្កើតមុនគេបង្អស់នៅកម្ពុជា។ ក្រុមហ៊ុននេះចាប់ផ្តើមឡើងតាមរយៈកិច្ចព្រមព្រៀងចំណុះរវាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រុមហ៊ុនឯកជនចំនួន៤ទៀតនៅប្រទេសឥណ្ឌូនេស៊ី ថៃ និងក្រុងហុងកុង។
នៅពេលដែលអ្នកជិះជណ្តើរយន្តដល់ជាន់ទី២១ នៃវិមានកាណាឌីយ៉ា អ្នកនឹងឃើញក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាជាក់ជាមិនខាន។
លោក មុំ បញ្ញាហ៊ឺ ដែលជាប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនកម្ពុជាឡៃហ្វបាន ឲ្យដឹងថា ក្រុមហ៊ុននេះមានសេវាកម្មចំនួន៣ប្រភេទ ដែលទី១គឺ សេវាធានារ៉ាប់រងមួយជីវិត ទី២គឺសេវាធានារ៉ាប់រងមានកាលកំណត់ និងទី៣គឺសេវាធានារ៉ាប់រងលើទ្រព្យបំណុល។ លោកបន្តថា ដើម្បីទិញសេវាកម្មនីមួយៗ អតិថិជនត្រូវតែមានអាយុចាប់ពី២០ឆ្នាំ ដល់៦០ឆ្នាំ ដែលកម្រិតសំណងក្នុងករណីរួមទាំង មរណភាពដោយជរាពាធ គ្រោះថ្នាក់ជាយថាហេតុ និងជំងឺដទៃទៀតជាដើម។
លោក បញ្ញាហ៊ឺ បានបញ្ជាក់ថា៖ «ប្រជាជនខ្មែរនៅខ្វះការយល់ដឹងអំពីការធានារ៉ាប់រងនៅឡើយ ហើយសេវាកម្មនេះអាចជួយឲ្យពួកគាត់(អតិថិជន) ចេះរៀបចំគម្រោងរយៈពេលវែង បើក្នុងករណីមានបញ្ហាអ្វីកើតឡើងទៅថ្ងៃមុខ ពួកគាត់អាចគេចផុតពីហានិភ័យ និងអាចរក្សាទ្រព្យសម្បត្ដិរបស់ពួកគេដដែល ដោយយើងជាអ្នកចេញមុខរ៉ាប់រងចំពោះសំណងទាំងនោះ»។
ជាងនេះទៅទៀត វាមានគុណប្រយោជន៍ យ៉ាងច្រើនសម្បូរបែបទៀត ដោយអាចឲ្យអ្នក និងអ្នកជាទីស្រឡាញ់របស់អ្នកចៀសផុតពីឱនភាពហិរញ្ញវត្ថុពេលអនាគត ដែលពាក់ព័ន្ធដល់កេរមរតក និងមុខជំនួញរបស់អ្នក។
បើនិយាយទៅដល់ឱកាសការងារនៅក្នុងជំនាញនេះវិញ យុវវ័យយើងអាចមានឱកាសច្រើន ពីព្រោះវាគឺជាសេវាកម្មថ្មីបំផុតនៅកម្ពុជា ដែលទាមទារធនធានមនុស្សក្នុងវិស័យនេះ។ លោក បញ្ញាហ៊ឺ បានប្រាប់ឲ្យដឹងដែរថា បច្ចុប្បន្ននេះលោកកំពុងតែស្វែងរកបុគ្គលិក ផ្នែកទីផ្សារចំនួន១០នាក់ ហើយផ្តល់ឱកាសការងារដល់យុវវ័យដែលកំពុងសិក្សានៅមហាវិទ្យាល័យ និងហ្វឹកហាត់បន្ថែមផ្នែកសេវាធានារ៉ាប់រងទៀតផង។ បើសិនជាក្រុមហ៊ុនរីកដុះដាលទៅមុខទៀត នោះ នឹងរើសបុគ្គលិកបន្ថែមទៀត៕
ភ្នំពេញ ប៉ុស្តិ៍







