Headlines:

ស្មុំ​ស្រុក​មេសាង មិន​បាន​សុំ​រន្ទះ​បាញ់

  • Prev
  • 1 of 3
  • Next

ភ្នំពេញៈ ជា​យូរលង់​ណាស់​មក​ហើយ​ល្បី​ថា អ្នក​ស្រុក​មេសាង​ក្នុង​មួយ​ឆ្នាំ​ បើ​មិន​បាន​ដើរ​សុំ​ទាន​ទេ​នោះ​នឹង​ត្រូវ​រន្ទះ​បាញ់​។ ពាក្យ​នេះ​ក៏​នៅតែ​ដិត​ដាម​ជាប់​ជា​ចម្ងល់​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ដដែល បើ​ទោះ​ជា​សម័យ​បច្ចុប្បន្ន​នេះ​ជំនឿ​បែប​អរូបី​បែប​នេះ​ស្ទើរ​តែ​សាប​រលាប អស់​ទៅ​ហើយ​ក្ដី។

ចម្ងល់​នេះ​ត្រូវ​បំភ្លឺ​ដោយ លោក​ ខឹម​ ឈុំ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​មេសាង ដែល​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ឲ្យ​ដឹង​ថា នៅ​ស្រុក​មេសាង​មាន​៨​ឃុំ​ និង​មាន​១១៨​ភូមិ។ ដោយ​ឡែក​មាន​តែ​ឃុំ​ត្រពាំង​ស្រែ និង​ឃុំ​ព្រៃ​រំដេញ ដែល​មាន​ប្រជាជន​ធ្វើ​ចំណាក​ស្រុក​សុំទាន។​

ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​បាន​បញ្ជាក់​ថា​ នៅ​ឃុំ​ត្រពាំង​ស្រែ​មាន​ភូមិ​ដែល​មាន​ប្រជាជន​ខ្លះ​​តែង​និយម​ចេញ​ដើរ សុំទាន​នោះ ​គឺ​មាន​ភូមិ​ស្រម៉​ និង​ភូមិ​ប្រហួត​។ ដោយ​ឡែក​ឃុំ​ព្រៃ​រំដេញ​ក៏​មាន​ពី​រភូមិ​ដែរ គឺ​ភូមិ​ចារ​ និង​ភូមិ​គ្រើល​ ហើយ​ភូមិ​ទាំង​២​នេះ​ ក៏​មិន​មែន​មាន​ប្រជាជន​ទូទៅ​ដែរ​ ពោល​គឺមួយ​ភូមិៗ​មាន​តែ​បួន​ដប់​គ្រួសារ​ទេ ដែល​និយម​ប្រកប​របរ​នេះ​។

ដោយ​សម្អាង​ថា ​លោក​ជាមន្ត្រី​ដែល​ធ្វើ​ការ​ជាមួយ​ប្រជាជន​ស្រុក​មេសាង​នេះ​ជិត​មួយ​ ជីវិត​​នោះ​​ ប្រធាន​ក្រុម​ប្រឹក្សា​វ័យ​៦៤​ឆ្នាំរូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «​របរ​សុំទាន​របស់​ប្រជាជន​ប្រមាណ​ជា​បួន​ភូមិ​ក្នុង​២​ឃុំ​នេះ​ បើ​តាម​ខ្ញុំ​សម្គាល់​មើល​ទៅ​ គឺ​មាន​២​ប្រភេទ​»។

យោង​តាម​លោក ខឹម ឈុំ ប្រភេទ​ទី១​ជា​អ្នក​សុំទាន​មាន​ជីវភាព​ក្រីក្រ​ពិត​ និង​គ្មាន​កម្លាំង​ទៅ​ស៊ី​ឈ្នួល​គេ ដែល​ភាគ​ច្រើន​ជា​អ្នក​វ័យ​ចំណាស់។​ រីឯ​ប្រភេទ​ទី២​ ជា​អ្នក​សុំ​ទាន​តាម​ទម្លាប់ ពោល​គឺ​គាត់​មិនខ្សត់​ខ្សោយ​ ឬ​បាត់​បង់​កម្លាំង​ពលកម្ម​ទេ តែ​គាត់​ក៏​ដើម​សុំទាន​ព្រោះ​ថា​វា​ជា​របរ​មិន​ចំណាយ​ដើម​ទុន ហើយ​ក៏​មិន​ពិបាក​បញ្ចេញ​កម្លាំង។

លោក ខឹម ឈុំ បាន​សង្កេត​ឃើញ​ថា មាន​អ្នក​សុំ​ទាន​ខ្លះ​ ប្រកប​របរ​នេះ​រហូត​ដល់​មាន​ជីវភាព​ធូរធារ​ទៀត​ផង។

ទាក់​ទិន​នឹង​ពាក្យ​ថា​ មិន​បាន​សុំ​ទាន​រន្ទះ​បាញ់​នោះ​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​វ័យ៦៤​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ពាក្យ​ថា​មិន​បាន​សុំ​រន្ទះ​បាញ់​នេះ​ មិន​មែន​ជា​ពាក្យ​ដែល​ត្រូវ​បណ្តាសា​ព្រះ ឬ​បណ្ដាំ​ពី​អ្នក​មាន​បារមី​ឯណា​ដែរ​។ ពាក្យ​នេះ​ក៏​មិន​មែន​កើត​ចេញ​ពី​ក្រុម​ប្រជាជន​អ្នក​និយម​សុំទាន​នោះ​ទេ​ ពោល​គឺ​ពាក្យ​នេះ​គឺ​កើត​ឡើង​ដោយ​អ្នក​ភូមិ​ដែល​មិន​មែន​ជា​អ្នក​សុំ​ទាន​ និយាយ​បែប​ឌឺដង​ដាក់​ពួក​អ្នក​សុំទាន​ដែល​មាន​ជីវភាព​ធូរធារ​នោះ​ថា​ «ម៉េច​ ពួក​ឯង​បើមិន​បាន​ដើរ​សុំទាន​រន្ទះ​បាញ់​អីអា​!»។  ពាក្យ​នេះក៏​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ ​។

បើទោះ​យ៉ាង​ណា​មក​ដល់​បច្ចុប្បន្ន​ទម្លាប់​នេះ​ ត្រូវ​បាន​អ្នក​ភូមិ​ទាំង​នោះ​បោះ​បង់​ស្ទើរ​ទាំង​ស្រុង​ហើយ​ ដោយ​លោក​ប្រធាន​ក្រុម​ប្រឹក្សា​រូប​នេះ​អះអាង​ថា៖ «របរ​នេះ​មាន​ការ​ថយ​ចុះ​ច្រើន ទាំង​អ្នក​ដើរ​សុំ​ទាន​ដោយ​ដៃ​ទទេ​និង​អ្នក​ដែល​ដើរ​ឃោសនា ដោយ​អម​ជា​មួយ​លិខិត​ធ្វើ​បុណ្យ​ផ្សេង​ៗ»​។

កត្តា​ដែល​នាំ​ឲ្យ​ថយ​ចុះ​នេះ​ដែរ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​រូប​នេះ ​សម្តែង​នូវ​មោទនភាព​ថា៖ «ក្រៅពី​មាន​ការ​ណែនាំ​អាជ្ញាធរ​ជា​ញឹក​ញយ​ផង​ និង​ពួក​គាត់​មាន​កូន​ចៅ​ចេញ​ទៅ​កាត់​ដេរ ឬ​រក​ស៊ី​ផ្សេងៗ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​កាន់​តែ​វិវឌ្ឍ​ផង​នោះ របរ​នេះ​ក៏​ស្ទើរ​តែ​អស់​ហើយ​ដែរ នៅ​មាន​តាៗ​យាយ​ចាស់ៗ​បួន​ដប់​នាក់​ប៉ុនហ្នឹង​ទេ»។

ថ្វីដ្បិត​តែ​អ្នក​សុំទាន​ទាំង​នោះ​ងាក​មក​ប្រកប​ការងារ​ទទួល​ទាន​ ផ្សេង​ហើយ ក៏​អ្នក​ស្រុក​ភូមិ​គាត់​នៅ​តែ​ដិត​ដាម​ឈ្មោះ​ថា ស្រុក​សុំ​ទាន​ដដែល​។

លោក​បាន​លើក​ឡើង​ថា៖ «​មាន​ពាក្យ​លេង​សើច​ពេល​ទៅ​ចូល​រួម​ប្រជុំ​ម្តងៗ​មិត្ត​ភក្តិ​តែង​និយាយ​ចំអក​ថា «ពួក​អ្នក​ស្រុក​សុំ​ទាន​មក​ប្រជុំ​ដែរ​»។

លោក​បាន​ក៏​លើក​ឡើង​ទៀត​ថា​ នៅ​ស្រុក​មេ​សាង​របស់​លោក​មិន​មែន​ល្បី​តែ​អ្នក​សុំទាន​ទេ គឺ​កាល​ពី​មុន​អ្នក​មក​ពី​ចម្ងាយ​គេ​មិន​ចង់​ហ៊ាន​មក​ស្រុក​មេសាង​ទេ ព្រោះ​ខ្លាច​ត្រូវ​ចោរ​ប្លន់។

ទាក់ទិន​នឹង​រឿង​នេះ លោក​បញ្ជាក់​ថា៖​ «កាល​ពី​ដើម​នៅ​ស្រុក​មេសាង មាន​មេ​ចោរ​មួយ​ល្បី​ឈ្មោះ​ខ្លាំង​មែន​ទែន​ឈ្មោះ​ថា អាសារូ​ៗ​ សម័យ​នោះ​អ្នក​ស្រុក​ណា​ក៏​ខ្លាច​វា​ដែរ​ លុះ​ដល់​ពេល​វាងាប់​ទៅ​ក៏​បន្សល់​នូវ​ឈ្មោះ​អាក្រក់​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រុក​ទៅ ការ​ពិត​ក្រោយ​វា​ងាប់​ទៅ​ មិន​មាន​ចោរ​ណា​ម្នាក់​បន្ត​អំណាច​វា​នេះ​ទេ គឺ​ស្រុក​នេះ​សន្តិភាព​ជា​ធម្មតា»៕



This content has been locked. You can no longer post any comments.
Show/hide comments
busy