សិង្ហបុរីៈ ម៉ាឡេស៊ី បានក្លាយជាជនជាតិបរទេសដែលបានទិញអចលនទ្រព្យច្រើនជាងគេនៅប្រទេស សិង្ហបុរី នេះបើយោងទៅតាមទិន្នន័យដែលបានបង្ហាញដោយអាជ្ញាធរផ្នែកអភិវឌ្ឍន៍ ទីក្រុង និងក្រុមស្រាវជ្រាវ CBRE។
ជនបរទេសដែលបានទិញអចលនទ្រព្យ នៅក្នុងឆមាសទី១ឆ្នាំ២០១២នេះ មានជនជាតិម៉ាឡេស៊ី២៧,៦ភាគរយ ខណៈអតិថិជនមកពីប្រទេសចិន បានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ ដោយមានចំនួន២០,៣ភាគរយ។ កាលពីឆមាសទី២ ឆ្នាំ២០១១ កន្លងមកជនជាតិចិនដែលបានទិញអចលនទ្រព្យនៅសិង្ហបុរីមានចំនួន២៩,៦ ភាគរយ ចំណែកជនជាតិម៉ាឡេស៊ី មានចំនួន១៨,៧ភាគរយ។
លោក Ong Kah Seng ប្រធានក្រុមហ៊ុនស្រាវជ្រាវ R'ST បានថ្លែងថា៖«ការកើនឡើងចំនួនជនជាតិម៉ាឡេស៊ីដែលទិញអចលនទ្រព្យ នៅសិង្ហបុរីនេះ គឺដោយសារតែប្រទេសទាំង២មានទីតាំងនៅជិតគ្នា។ ម៉្យាងទៀតមានប្រជាជនម៉ាឡេស៊ីជាច្រើនកំពុងរស់នៅក្នុងប្រទេស សិង្ហបុរីផងដែរ»។
លោកបានបន្ថែមទៀតថា ជនជាតិឥណ្ឌូនេស៊ី ក៏មានចំណែកយ៉ាងធំផងដែរ ក្នុងឆមាសទី១ឆ្នាំ២០១២នេះ ដោយមានចំនួន១៨,៤ភាគរយ។
លោក Ong បានកត់សម្គាល់ថា៖«សិង្ហបុរី ជាកន្លែង១ដ៏ល្អសម្រាប់វិស័យអចលនទ្រព្យ ពិសេសសិង្ហបុរីជាប្រទេសដែលនៅចំកណ្តាលតំបន់ផងដែរ៕ BP
ភ្នំពេញ ប៉ុស្តិ៍







