ភ្នំពេញ : តារាកំប្លែងនាង ប្រិមប្រិយ បានយកអាថ៌កំបាំងនៃជីវិតរបស់ខ្លួន ដែលកប់រាប់ឆ្នាំមក បើកកកាយឲ្យទស្សនិកជនបាន ដឹង ខណៈអ្នកសិល្បៈមួយចំនួនបែរព្យាយាមលាក់បាំងជីវិតឯកជនបែប នេះ បើទោះជាពួកគេមានប្រពន្ធប្តី និងកូនហើយក្ដី ព្រោះតែខ្លាចប្រជាប្រិយភាពរបស់ខ្លួនសាបរលាប។
ស្របជាមួយប្រជាប្រិយភាពកំពុងឡើងដូចកាំជណ្តើរតារាកំប្លែងសម្បូរវោហារស័ព្ទប្រចាំក្រុមនាយកុយ នាង ម៉ក់ សុគន្ធ ស្រីនិច ហៅ ប្រិមប្រិយ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ដោយឥតស្ទាក់ស្ទើរថា៖ «នាងមិនមែនជាស្រីនៅក្រមុំបរិសុទ្ធទេ»។
តារាកំប្លែងស្រីវ័យក្មេង២២ឆ្នាំ នេះបានជួបនូវជីវិតជាគូម្តងរួចហើយ ដោយមិនបានរៀបចំតាមគន្លងប្រពៃណីទេ ពោលគឺពួកគេបានសម្រេចបង្កើតសង្វាសស្នេហ៍ដោយចិត្ត និងចិត្ត កាលពីបួនឆ្នាំមុនម្ល៉េះ។
បើទោះយ៉ាងណា ការសម្រេចចិត្តបែបយុវវ័យឈាមរាវ របស់កូនស្រីសំណព្វចិត្តគ្រូល្ខោនល្បីប្រចាំក្រុមអប្សរាអមតៈនោះ មិនបានរួមដំណើរជាមួយគ្នាយូរឡើយ ពោលគឺ នាង និងបុរសជាប្ដីក្រៅប្រពៃណីនោះ បានបែកគ្នាទៅវិញក្នុងរយៈពេលខ្លី ដោយបន្សល់ទុកនូវកំណើតកូនប្រុសម្នាក់ បច្ចុប្បន្នចម្រើនវ័យបាន៣ឆ្នាំហើយ។
កន្លងមក ក្រៅពីភាពក្រមិចក្រមើមក្នុងការសម្តែងនោះ នាង ម៉ក់ សុគន្ធស្រីនិច ហៅប្រិមប្រិយត្រូវគេមើលឃើញថា រូបសម្រស់របស់នាងក៏មានភាពទាក់ទាញបុរសៗផងដែរ ហើយពេលនេះបើកុំតែនាងក្លាហានគាស់កកាយប្រាប់ទស្សនិកជនថា ខ្លួនធ្លាប់មានប្តី និងមានកូននោះ ក៏មិនមាននរណាម្នាក់មើលដឹងថា នាងធ្លាប់ឆ្លងកាត់ជីវិតជាគូដែរ។
ដោយទំនោរទទួលស្គាល់ការពិតខ្ពស់នោះ អ្នកមេម៉ាយកូនមួយចាយសម្រស់រូបនេះ លើកឡើងឲ្យដឹងដែរថា៖ «ថ្វីបើខ្ញុំមានឈ្មោះជាស្រី្តមានប្តី ម្តងហើយក៏ដោយ តែសព្វថ្ងៃនាងខ្ញុំមានអ្នកតាមស្រឡាញ់ច្រើន តែខ្ញុំតែងប្រាប់ទៅគេវិញថា ខ្ញុំមិនទាន់គិតទេរឿងនេះ» ។
ដោយសារតែធ្លាប់ពើបប្រទះនឹងស្នេហ៍មិនសមប្រកបម្តងរួចហើយនោះ ទើបនាងចង់គិតយូរមុននឹងគូរ ដោយនាងនិយាយថា៖ «បុរសដែលនាងនឹងជ្រើសរើសយកមកធ្វើជាគូអនាគត នោះគឺដាច់ខាតត្រូវតែមានការពិនិត្យឲ្យបានច្បាស់លាស់ជាមុន សិន មិនមែនចេះតែប្រថុយប្រថានឡើយ ព្រោះខ្លាចជួបនូវរឿងអកុសលដូចមុនទៀត ហើយបុរសនោះអាយុចាប់ពីជាង៣០ឆ្នាំឡើងទៅ» ។
ទោះជាយ៉ាងណាក្តី តារាកំប្លែងដែលទទួលបាននូវឱកាសសាងភាពល្បីក្នុងក្រុមនាយ កុយ ក្រោយពេលភរិយាដើមនាយ ហុងដា នាង ឃ្មឹបចាកចេញ បានអះអាងថា៖ «បញ្ហាគូស្រករទុកឲ្យពេលវេលាជាអ្នកកំណត់ ហើយក៏មិនទាន់ចង់គិតដែរនៅពេលនេះ ព្រោះចង់ប្រឡូកក្នុងអាជីពសិល្បៈឲ្យបានច្រើនជាងនេះ ហើយបើមានលទ្ធភាពខ្ញុំនឹងដាក់ទុនទិញឆាក ទិញឧបករណ៍ភ្លេង និងគ្រឿងរៀបចំតន្ត្រីពង្រីកក្លិបអប្សរាអមតៈរបស់ប៉ា កុំឲ្យប៉ាខ្ញុំគាត់ពិបាកជួលគេយកដាក់ទៀត»។
កន្លងមកនាងប្រិមប្រិយធ្លាប់លេចឮព័ត៌មានថាចងសម្ព័ន្ធស្នេហា ជាមួយនាយ ហុងដា បន្ទាប់ពីមហាជនមើលឃើញថា នាង និងនាយហុងដាមានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំងទាំងនៅលើឆាក ប៉ុន្តែកាលនោះ នាង ប្រិមប្រិយ ក៏បានមានទំនាក់ទំនងស្នេហ៍ជាមួយអ្នកចម្រៀង និងជាអ្នកតន្ត្រីករអាណិកជនខ្មែរនៅអាមេរិកវ័យស្របាលនាងឈ្មោះ នីត ប៉ុន្តែស្នេហាបែបភ្លើងចំបើងនេះ ឆេះតែមួយវឹបក៏រលត់ទៅវិញ ដោយនាងថែមទាំងទទួលស្គាល់ថា៖ «ចំណងស្នេហ៍រវាងខ្ញុំ និងសិល្បករវ័យក្មេងនៅអាមេរិកនោះ មិនអាចដឹកដៃគ្នាទៅមុខបានឡើយ ក្រោយពេលនិយាយគ្នាដឹងរឿងរ៉ាវផ្ទាល់ខ្លួនពីគ្នាកាន់តែច្រើន ពួកយើងក៏កាន់តែបង្កើនភាពស្មុគស្មាញដាក់គ្នា ក៏សម្រេចចិត្តបែកគ្នាតែម្តងទៅ»។
ទោះបីជាទទួលរងការបរាជ័យស្នេហ៍ជាបន្តបន្ទាប់ក៏ដោយ ក៏តារាកំប្លែងរូបនេះហាក់មិនអស់សង្ឃឹមក្នុងការស្វែងរកដៃ គូជីវិតឡើយ ព្រោះបើផ្អែកលើរូបសម្រស់របស់នាងប្រាកដជាមានបុរសមិនតិច ឡើយដែលតាមសុំស្នេហ៍ពីតារាស្រោះប្រិមប្រិយរូបនេះ៕
ភ្នំពេញ ប៉ុស្តិ៍






