ក្រុងឡាសវេហ្គាសៈ សមាគមកីឡាប្រដាល់ពិភពលោក (WBA) បាននិយាយកាលពីថ្ងៃពុធថា កីឡាករប្រដាល់ Amir Khan របស់ចក្រភពអង់គ្លេស ត្រូវបានស្ថិតក្នុងនាមជាម្ចាស់ខ្សែក្រវាត់ WBA ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមរបស់ខ្លួនដដែលនៅមុនពេលការឡើង សង្វៀនជាមួយនឹងកីឡាករ Danny Garcia ដែលជាម្ចាស់ខ្សែក្រវាត់ WBA ក្នុងទីក្រុង Las Vegas។
Khan បានបាត់បង់ខ្សែក្រវាត់ WBA និង IBF ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមរបស់ខ្លួនក្រោមស្នាដៃរបស់កីឡាករ Lamont Peterson នៅក្នុងស្ថានភាពដ៏ចម្រូងចម្រាសកាលពីខែធ្នូ។
Khan ដែលត្រូវបានដកស្រង់សម្តីខណៈនិយាយនៅលើគេហទំព័រទូរទស្សន៍ Sky Sports (www1.skysports.com) ថា «យុត្តិធម៌ត្រូវបានផ្តល់ហើយ»។
កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលនឹងប្រកួតជាមួយនឹងកីឡាករមិនស្គាល់ចាញ់សញ្ជាតិអាមេរិក Garcia នៅរាត្រីថ្ងៃស្អែកនោះ បានបន្តថា៖ «ខ្ញុំពិតជារីករាយដែលខ្សែក្រវាត់ WBA នឹងផ្តល់ឲ្យរូបខ្ញុំក្នុងនាមជាម្ចាស់ជើងឯក ហើយវាមានន័យថា ខ្ញុំដើរទៅលើសង្វៀននៃការប្រកួតនេះក្នុងនាមជាម្ចាស់ជើងឯកពិភពលោក»។
រូបគេបានបន្ថែមទៀតថា៖ «វាមាននូវឱកាសមួយក្នុងការឈ្នះខ្សែក្រវាត់ WBA ប៉ុន្តែមិនតែប៉ុណ្ណោះ ពានរង្វាន់ទស្សនាវដ្តី the Ring ក៏អាចនឹងឈ្នះផងដែរ»។
Khan បានបាត់បង់ខ្សែក្រវាត់ពីស្ថាប័ន WBA និង IBF របស់គេក្រោមស្នាដៃកីឡាករ Peterson តាមរយៈកាត់សេចក្តីដ៏ខកចិត្តមួយ ក្រោយពីត្រូវបានរងការកាត់ពីរពិន្ទុដោយលោក អាជ្ញាកណ្តាលពីបទដែលរូបគេរុញទៅលើគូប្រកួត។
ការប្រកួតឡើងវិញមួយ ដែលត្រូវបានកំណត់នៅខែឧសភានោះ ត្រូវបានអំពាវនាវ ក្រោយពី Peterson ត្រូវបានពិនិត្យឃើញជាវិជ្ជមានទៅលើការធ្វើតេស្តស្វែងរកសារធាតុ ញៀនឥតព្រាងទុកមួយដែលត្រូវបានធ្វើឡើងដោយសមាគមប្រឆាំងគ្រឿង ញៀនស្ម័គ្រចិត្តដែលមានមូលដ្ឋាននៅក្នុងទីក្រុង Las Vegas តែម្តង។
សម្រាប់ការប្រកួតនៅរាត្រីថ្ងៃស្អែកនេះផងដែរ កីឡាករប្រដាល់របស់ចក្រភពអង់គ្លេស Daye Haye និង Dereck Chisora នឹងត្រូវជម្រះគំនុំរបស់ខ្លួននៅក្នុងការប្រកួតមួយនៅលើសង្វៀន Upton Park ក្នុងទីក្រុងឡុងដ៍៕ IS
ភ្នំពេញ ប៉ុស្តិ៍

