ភ្នំពេញៈ អ្នកប្រដាល់ជើងចាស់ វ៉ោយ សុធន ដែលបានប្រឡូកក្នុងវិស័យកីឡាប្រដាល់ជាង១០ឆ្នាំកន្លងមកហើយនោះ ត្រូវបានរៀបចំឲ្យធ្វើការប្រកួតក្នុងលំដាប់គូឯក ក្នុងទម្ងន់៧៣គីឡូក្រាមជាមួយកីឡាករវ័យក្មេងកំពុងមានឈ្មោះបោះ សំឡេង អ៊ុង វិរៈ នៅលើសង្វៀនបាយ័នបឹងស្នោ នាល្ងាចថ្ងៃសុក្រ ទី១៣ ខែកក្កដានេះ។
អ្នកប្រដាល់និយមប្រើកែងនិងស្នៀតជង្គង់ វ៉ោយ សុធន ធ្លាប់ប្រកួតមិនក្រោមជាង២០០ដងនោះទេ ហើយប្រវត្តិនេះ វាខុសគ្នាជាមួយ អ៊ុង វិរៈ ដែលធ្លាប់ប្រកួតមិនទាន់ដល់៤០ដងផង។ ប៉ុន្តែបើនិយាយពីសមត្ថភាពប្រកួតជាក់ស្តែងនៅលើសង្វៀន នាពេលបច្ចុប្បន្ន វ៉ោយ សុធន ដែលទើបបានយកឈ្នះ យុគ យក្សគីល កាលពីចុងសប្តាហ៍មុននោះ អាចនឹងជួបការលំបាកច្រើន ក្នុងការប្រឈមមុខជាមួយ អ៊ុង វិរៈ ស្អែកនេះ។
ជុំវិញការប្រកួតនេះ លោក វ៉ោយ អេង ជាឪពុក និងជាគ្រូបង្វឹក វ៉ោយ សុធន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅក្នុងអំឡុងពេលនៃការប្រកួតប្រដាល់ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០១២ ថ្ងៃបើកឆាក ក្នុងសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖«ខ្ញុំក៏មិនទាន់ដឹងថា ការប្រកួតលើកនេះ វានឹងមានលទ្ធផលយ៉ាងណានោះដែរ ព្រោះខាងគេមានប្រៀបជាងយើងច្រើន ជាពិសេសផ្នែកកម្ពស់»។
គ្រូបង្វឹកក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យរូបនេះ បានគូសបញ្ជាក់ថា៖«បើនិយាយពីល្បិច និងបទពិសោធនៃការប្រកួត វិរៈ មិនអាចប្រៀបផ្ទឹមជាមួយ សុធន បាននោះទេ រីឯកម្លាំងស៊ុហ្វអាចស៊ីសងគ្នាបាន ប៉ុន្តែការចាញ់ប្រៀបផ្នែកកម្ពស់ វានៅតែជាបញ្ហា ដែលធ្វើឲ្យខ្ញុំមិនហ៊ានសន្មតពីលទ្ធផលទុកជាមុនបានដដែល ព្រោះវាមានការលំបាកណាស់ នៅពេលអ្នកមានជំនាញវាយកៀកដូច សុធន ទៅប្រឈមមុខជាមួយអ្នកខ្ពស់បែបនេះ។ តែទោះបីជាយ៉ាងណា ខ្ញុំជឿជាក់ថា សុធន អាចនឹងតស៊ូបាន៥ទឹកពេញ ដោយគ្មានអ្វីកើតឡើងនោះទេ»។
កីឡាករវ័យ១៩ឆ្នាំ អ៊ុង វិរៈ របស់សិស្សគុនក្លិបកងពលតូចឆត្រយោង៩១១ មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីទំនុកចិត្ត និងការហ្វឹកហាត់ត្រៀមខ្លួនរបស់គេបាននោះទេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ តែទោះបីជាយ៉ាងណា អ្នកលេងស្នៀតចម្រុះ ឡៅ ស៊ីណាត ដែលជារៀមច្បង និងជាអ្នកជួយបង្ហាត់បង្ហាញ បន្ទាប់ពីលោកគ្រូធំ ហង្ស ស៊ឺន នោះ បាននិយាយថា វិរៈ អាចនឹងមានសង្ឃឹមឈ្នះច្រើន ព្រោះគេបានមកហ្វឹកជាប់លាប់ល្អណាស់។
កីឡាករដ៏ល្បីឈ្មោះ ឡៅ ស៊ីណាត បានធ្វើការប្រៀបធៀបយ៉ាងដូច្នេះថា៖«សុធន ក៏មានល្បិចប្រកួតល្អដែរ ប៉ុន្តែគេចាស់ហើយ ដូច្នេះកម្លាំងរបស់គេអាចនឹងមានការធ្លាក់ចុះ រីឯ អ៊ុង វិរៈ វិញគេនៅក្មេង ពូកែចាប់ក្រៀក មានកម្លាំងពេញខ្លួន ហើយថែមទាំងមានស្នៀតប្រកួតវាយលុកបានច្បាស់លាស់ទៀត។ សរុបមកសម្រាប់ការប្រកួតស្អែកនេះ ខ្ញុំនៅតែជឿជាក់ថា វិរៈ មានសង្ឃឹមឈ្នះ វ៉ោយ សុធន ៧០ភាគរយ»៕
ភ្នំពេញ ប៉ុស្តិ៍

