Headlines:

ខ្សែ​ក្រវាត់​K Cement:ផល សុផាត​ប៉ះយឹម ឌៀប​រីឯជាម អាដាំ ជួបពុទ្ធ ហ៊ុច

120713_25a
ជំនួប​រវាង​ ពុទ្ធ ហ៊ុច និង​ យឹម ឌៀប កាល​ពី​ជុំ​ទីមួយដោយ​នៅ​ពេលនោះ ពុទ្ធ ហ៊ុច បានឈ្នះទាំង​លំបាក​​។ យឺន ពន្លក

ភ្នំពេញៈ សប្តាហ៍​ទី​៥​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ K Cement ទម្ងន់​៦៥​គីឡូក្រាម​នៅ​ថ្ងៃ​អាទិត្យ​នៅ​ស្ថានីយ ទូរទស្សន៍​កងយោធពល​ ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ បាន​តម្រូវ​ទៅ​លើ​កីឡាករ​នៅ​ក្នុង​ពូល ​B ​គឺ​អ្នក​ឈ្នះ​នៅ​ជុំ​ទី១​ត្រូវ​ប្រ​កួត​គ្នា​ និង​អ្នក​ចាញ់​ប៉ះ​ជា​មួយ​អ្នក​ចាញ់​។​

ផល ​សុផាត​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ដែល​មាន​៣​ពិន្ទុ​ក្នុង​ ដៃ​ត្រូវ​ប្រកួត​ជា​មួយ​យឹម ឌៀប មក​ពី​សមាគម​ ក្រសួង​ការពារ​ជាតិ​ដែល​មាន​៣​ពិន្ទុ​ដូច​គ្នា​ ចំណែក​ឯ ជាម ​អាដាំ​ មក​ពី​ក្លិប​ឃ្លាំង​មឿង​ដែល​ទើប​តែ​មាន​១​ពិន្ទុ​ត្រូវ​ប៉ះ​ជា​មួយ ពុទ្ធ​ ហ៊ុច​ មក​ពី​ក្លិប​ពុទ្ធ​សេរីវង្ស​កីឡា​ដែល​មាន​មួយ​ពិន្ទុ​ដូច​គ្នា​។​

សម្រាប់​ ជាម អាដាំ​ និង ​ពុទ្ធហ៊ុច ប្រសិន​បើ​អ្នក​ណា​ចាញ់គឺ​នឹង​បាត់​ឱកាស​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​តាម​ពូល​ជា​មិន​ខាន​។

លោក វ៉ែន សុផល ​គ្រូ​បង្វឹក​របស់​ ផល ​សុផាត​ បាន​អះអាង​ថា​ កូន​សិស្ស​របស់​លោក​នឹង​ឈ្នះ​ យឹម ​ឌៀប ​ដោយ​បច្ចេក​ទេស​កណ្តាប់​ដៃ​ ដោយ​លោក​សង្ឃឹម​៨០​ភាគ​រយ​។​ ចំណែក​លោក​ ឈិត ​សារឹម​ គ្រូ​បង្វឹក​របស់ យឹម ​ឌៀប​ មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​កូន​សិស្ស​របស់​ខ្លួន​ឡើយ​ហើយ​លោក​សង្ឃឹម​ឈ្នះ​ តែ​៥០ភាគ​រយ​ប៉ុណ្ណោះ​ ដោយ​លោក​បាន​បញ្ជាក់​ថា គេ​មាន​កម្លាំង​ល្អ​ ស្នៀត​ល្អ តែ​ទឹក​ចិត្ត​ប្រកួត​អន់​ និង​យឺត​។

កីឡាករ​ទាំង​ពីរ​ធ្លាប់​ប្រកួត​គ្នា​ចំនួន​ពីរ​ដង​ ដោយ​ឈ្នះ​ម្នាក់​ម្តង​ហើយ​ការ​ប្រកួត​ចុង​ក្រោយ ​ផល​សុផាត​ បាន​ឈ្នះ ​ជាម ​អាដាំ​ រីឯ​យឹម ឌៀប ឈ្នះ​ ពុទ្ធ​ ហ៊ុច ​ដោយ​ពិន្ទុ​ដូច​គ្នា​។

រីឯ ជាម អាដាំ​ និង ពុទ្ធ ហ៊ុច​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្តី​បារម្ភ​រៀង​ៗ​ខ្លួន​ពីព្រោះ​ពួក​គេ​ ទាំង​ពីរ​ត្រូវ​តែ​មាន​ម្នាក់​ឈ្នះ​ ហើយ​អ្នក​ចាញ់​នឹង​ត្រូវ​ខ្ទាត​ចេញ​ពី​ពូល។

លោក សុខ វិជ័យ គ្រូ​បង្វឹក​របស់​ ជាម អាដាំ បាន​អះអាង​ថា ជាម អាដាំ​ មិន​អាច​ចាញ់​បាន​ទេ ​ពីព្រោះ​គេ​ហ្វឹកហាត់​បាន​ល្អ​ និង​មាន​បទពិសោធ​ល្អ​ជាង​ដៃ​គូ​។ ដោយ​ឡែក លោក យឹម​ឈឿន ​គ្រូ​បង្វឹក​របស់​ ពុទ្ធ ហ៊ុច​វិញ បាន​និយាយ​ថា​ លោក​មិន​ហ៊ាន​អះអាង​ពី​ការ​ឈ្នះ​នោះ​ទេ​ប៉ុន្តែ​ ពុទ្ធ​ ហ៊ុច​ មាន​ក្បាច់​ពិសេស​ទៅ​តាម​ស្ថានភាព។ លោក​បាន​បន្ត​ថា៖ «​កូន​សិស្ស​ខ្ញុំ​នៅ​ខ្ចី​ជាង​ប៉ុន្តែ​មាន​ឱកាស​ផ្តួល​ដៃ​គូ​បាន​នៅ​ពេល​ ប្រកួត​ជាក់​ស្តែង»៕