ភ្នំពេញៈ តារាសម្តែងអ្នកកំប្លែង ពិធីករ និងតារាចម្រៀងជាច្រើនដួងបានដាក់នូវយុទ្ធនាការរួមមួយកាលព្រឹក ថ្ងៃទី១២ ខែកក្កដាដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ ព័ត៌មានចំពោះកុមារកម្ពុជាលើប្រធានបទ «កុមារក្នុងក្តីសង្ឃឹម»។
កម្មវិធីដែលអ្នកសិល្បៈជាច្រើនកំពុងរួមចំណែកជាមួយនឹងរដ្ឋាភិបាលលើបញ្ហាកុមារមួយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ជំរុញលើកកម្ពស់សុខុមាលភាពកុមារ និងការអប់រំ ធ្វើយ៉ាងណារួមចំណែកជួយតម្រង់ផ្លូវកុមារដែលជាទំពាំងស្នងឫស្សី ទាំងនោះឲ្យពួកគេទទួលនូវការអប់រំមួយដ៏ប្រសើរដើម្បីដើរតួនាទីដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ។
ក្នុងបរិវេណសាលាមត្តេយ្យឃីងដឹមឃីតដែលមានអាសយដ្ឋានជិតផ្សារ ដីហុយតាមបណ្តោយផ្លូវហាណូយ រាជធានីភ្នំពេញ លោក សាម៉ន បណ្ឌិត អ្នកសម្របសម្រួលគម្រោង និងដឹកនាំសិល្បករក្នុងយុទ្ធនាការនេះ បានសម្លឹងទៅកាន់កុមារកំពុងអង្គុយត្រៀបត្រានៅក្នុងពិធី ហើយនិយាយថា៖«កុមារពួកគាត់ត្រូវការការគាំពារ ការអប់រំ និងដឹកនាំល្អពីពួកយើងជាមនុស្សចាស់ ជាអ្នកដឹកនាំ ហើយអ្នកសិល្បៈពួកគាត់ជាអ្នកដែលពួកគេស្រឡាញ់ អ្នកដែលគេចូលចិត្ត ដូច្នេះពួកគេនឹងធ្វើតាមតម្រាប់ល្អៗរបស់សិល្បករ»។
លោកបញ្ជាក់ថា៖ «ពួកយើងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំកុមារ និងយុវជននៅកម្ពុជា»។
តារាកំប្លែងជើងចាស់ លោក វីតាមីនសេ មានប្រសាសន៍៖«ពួកយើងចង់យកឱកាសពីការងារសិល្បៈរបស់យើងខ្លះ ជួយផ្តល់បទពិសោធជីវិតដល់ពួកគេ និងផ្តល់នូវដំបូន្មានល្អសម្រាប់ពួកគេ ដើម្បីឲ្យទំពាំងនៅពេលនេះ រឹងមាំនៅពេលគេធំជាឫស្សី»។
តារាចម្រៀង កែវ វាសនា ដែលធ្លាប់មានបញ្ហាជីវភាពកាលពីក្មេងនោះបាននិយាយថា៖ «ក្មេងៗនៅក្នុងសម័យនេះ ពួកគេមានភាពប្រសើរជាងកាលពីប៉ុន្មានឆ្នាំមុន តែទោះជាយ៉ាងណា ពួកគេនៅតែត្រូវការ ការអប់រំ និងវប្បធម៌ល្អៗពីមនុស្សចាស់ ហើយតាមរយៈការរួមចំណែករបស់យើងនៅពេលនេះសង្ឃឹមថា ពួកគេនឹងទទួលបាននូវអ្វីៗដែលថ្មីបន្ថែម»។
ពិធីការិនី ឌួង ហ្សូរីដា វិញបាននិយាយទៅថា៖ «នៅពេលនេះ ខ្ញុំមានមុខមាត់កិត្តិយស ខ្ញុំមានអ្វីៗទាំងអស់ តែអ្វីៗទាំងនោះមិនមែនកើតឡើងដោយងាយទេ ខ្ញុំខំយ៉ាងខ្លាំងពីជីវិតជាក្មេងកំព្រាឪពុក។ ខ្ញុំគិតថា អ្នកទាំងអស់គ្នានឹងប្រឹងប្រែងរៀនសូត្រដើម្បីអនាគត និងចៀសឲ្យផុតពីអំពើអបាយមុខផងទាំងឡាយ»៕
ភ្នំពេញ ប៉ុស្តិ៍







