ភ្នំពេញៈ ក្នុងខែកក្កដានេះ កាលពីឆ្នាំ២០១១ តារាម៉ូដែលក្នុងក្រុម Cambodia Super Models ចំនួន៥រូបក្នុងនោះមាន អ្នកនាង ចន ច័ន្ទលក្ខិណា លី ម៉ារីណា យ៉ាន លីដា កញ្ញា សារ៉ាយ សក្ខិណា និង កញ្ញា ទឹម រដ្ឋា ដែលដឹកនាំដោយតារាចម្រៀង យ៉ែម សំអូន បានបង្ហាញវត្តមានគួរភ្ញាក់ផ្អើលនៅលើទឹកដី ឯនាយសមុទ្រប្រទេសអូស្ត្រាលីជាលើកដំបូង។ ដោយឡែកនៅខែកក្កដា ឆ្នាំ២០១២នេះ លោក យ៉ែម សំអូន ក៏បាននាំតារាម៉ូដែលប្រុសស្រីកម្ពុជាស្រស់ស្អាតជាច្រើនរូបចេញ ទៅសម្តែង និងដើរម៉ូដនៅទីនោះដែរ។
តារាសម្តែង និងបង្ហាញម៉ូដ ដែលនឹងបង្ហាញវត្តមាននៅប្រទេសអូស្ត្រាលីក្នុងយុទ្ធនាការដើរ បង្ហាញម៉ូដជាលើកទី២នោះ រួមមានអ្នកនាង សឿ សុធារ៉ា កញ្ញា ម៉ាក សែនសូនីតា អ្នកនាង យ៉ាន លីនដា កញ្ញា សម ម៉ាណា និងលោក អ៊ុន សិទ្ធា ហើយលោក យ៉ែម សំអូន ដើរតួជាអ្នកគ្រប់គ្រង និងដើរម៉ូដ។
ពួកគេបានចាកចេញជាមួយនឹងសម្ពាយយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមាន សម្លៀកបំពាក់ជាច្រើនកំប្លេ និងរបស់របរតុបតែងផ្សេងៗនៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ។
លោក យ៉ែម សំអូន ប្រាប់ថា ការដើរបង្ហាញម៉ូដនេះមានរយៈពេលមួយខែ ដោយចាប់ផ្តើមការសម្តែងដំបូងនៅថ្ងៃទី១៤។ មិនខុសពីឆ្នាំមុនការសម្តែង និងដើរម៉ូដលើកនេះ មានការឧបត្ថម្ភសម្លៀកបំពាក់ពីហាងប៉ារ៉ាឌី៕
ភ្នំពេញ ប៉ុស្តិ៍







