Headlines:

តម្លៃ​ស្បៀង​អាហារ នឹង​ស្ទុះ​ងើប​ក្នុង​រយៈ​ពេល ១​ទសវត្សរ៍​ខាង​មុខ

120713_14b
ស្រ្តី​វៀតណាម​កំពុង​លក់​ផ្លែឈើ ក្តាម និង​ត្រី នៅ​ផ្សារមួយ​ក្នុង​ស្រុក ​Gia Vien​​ ជាយ​ក្រុង​ហាណូយ។ Reuters

ក្រុង​រ៉ូមៈ តម្លៃ​ស្បៀង​អាហារ ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​នៅ​ទសវត្សរ៍​ក្រោយ​នេះ ដោយ​សារ​តម្លៃ​ប្រេង​ខ្ពស់ នឹង​បង្កើន​ថ្លៃ​ដើម​ផលិតកម្ម​ ក៏​ដូចជា​តម្រូវ​ការ​ជីវៈ​ឥន្ធនៈ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​(OECD) និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​ (FAO)។

ទន្ទឹម​នឹង​នោះ​ដែរ អង្គការ OECD និង​អង្គការ​ FAO បាន​សរសេរ​ក្នុង​របាយការណ៍​រួម​គ្នា​មួយ​ និង​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា កំណើន​ទិន្នផល​កសិកម្ម នឹង​ធ្លាក់​ចុះ​នៅ​អំឡុង​ឆ្នាំ ២០១២ ដល់ ឆ្នាំ​២០២១ ខណៈ​តម្លៃ​ស្បៀង​កើន​ឡើង ដោយ​សារ​ផ្ទៃ​ដី និង​ទឹក​សម្រាប់​ធ្វើ​កសិកម្ម​ថយ​ចុះ និង​ដោយ​សារ​ថ្លៃ​ដើម​កើន​ខ្ពស់​ជាង​នេះ។

អង្គការ FAO បាន​បន្ត​ឲ្យ​ដឹង​ថា ទិន្នផល​កសិកម្ម​ ចាំបាច់​ត្រូវ​កើន​ឡើង​ ៦០​ភាគរយ​ក្នុង​រយៈ​ពេល ​៤០​ឆ្នាំ​ខាង​មុខ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ស្បៀង ដែល​កំពុង​កើន​ឡើង​ឥត​ឈប់​ឈរ ដោយ​សារ​កំណើន​ប្រជាជន និង​ការ​ផ្លាស់​ប្តូរ​ចំណី​អាហារ។

អង្គការ OECD និង​អង្គការ FAO បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា វិសាលភាព​ក្នុង​ការ​បង្កើន​ដី​កសិកម្ម​នៅ​មាន​កម្រិត ហើយ​ដី​កសិកម្ម​ប្រមាណ ២៥​ភាគរយ ខូច​គុណភាព​ខ្លាំង​។

អង្គការ​ទាំង​ពីរ បាន​បន្ត​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ដដែល​ថា​៖ «ភាព​រាំង​ស្ទះ​នៃ​កំណើន​ធនធាន សម្ពាធ​បរិស្ថាន និង​ថ្លៃ​ដើម​វត្ថុ​ធាតុ​ដើម​ខ្ពស់ នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ស្បៀង​ស្ទើរ​គ្រប់​តំបន់​។ ការ​ប្រ​មើល​មើល​នេះ បង្ហាញ​ថា យើង​គួរ​តែ​ចាប់​អារម្មណ៍​បង្កើន​កំណើន​ផលិតភាព​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព»។

របាយការណ៍​ដដែល​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា តម្លៃ​ស្បៀង​ដែល​មិន​រួម​បញ្ចូល​អត្រា​អតិផរណា​ដែរ នោះ នឹង​មាន​ស្ថិរភាព ឬ​ក៏ ធ្លាក់​ចុះ ​ធៀប​នឹង​តម្លៃ​នាពេល​បច្ចុប្បន្ន ខណៈ​តម្លៃ​ស្បៀង​នេះ នៅ​តែ​មាន​តម្លៃ​ជាម​ធ្យម​ខ្ពស់​ជាង​១០​ ទៅ ៣០​ភាគរយ ធៀប​នឹង​តម្លៃ​ស្បៀង​កាល​ពី​អំឡុង​ពេល​១០​ឆ្នាំ​មុន៕ BP



This content has been locked. You can no longer post any comments.
Show/hide comments
busy