សៀមរាបៈ អាជ្ញាធរជាតិអប្សរា នឹងដំឡើងថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរ បរទេសនៅពេលខាងមុខនេះ។ នេះបើតាមការអះអាងពីមន្ត្រីកាលពីថ្ងៃម្សិលមិញ។
អ្នកជំនាញខាងវិស័យទេសចរណ៍បានលើកឡើងថា ការដំឡើងនេះនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។
លោក ប៊ុន ណារិទ្ធិ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា អ្នកជំនាញទេសចរណ៍កំពុងសិក្សាអំពីគម្រោងតម្លៃនេះ ប៉ុន្តែគេមិនទាន់ដឹងពីពេលវេលានៃការបញ្ចប់ការសិក្សា និង អត្រានៃការដំឡើងថ្លៃនេះជាក់លាក់នៅឡើយទេ។
លោកបន្តថា៖ «យើងកំពុងសិក្សាគ្រប់គ្រងរៀបចំទេសចរ កាលណាយើងបញ្ចប់ការសិក្សាយើងនឹងយកទៅបង្ហាញរដ្ឋាភិបាល បើរដ្ឋាភិបាលឯកភាព វានឹងមានការដំឡើង»។
ផែនការដំឡើងថ្លៃនេះ គឺមិនដំឡើងផ្ទាល់ទៅលើថ្លៃសំបុត្របច្ចុប្បន្ននោះទេ ប៉ុន្តែគេនឹងតម្រូវឲ្យភ្ញៀវបង់រាល់ពេលចូលទស្សនាប្រាសាទនីមួយៗ។ បច្ចុប្បន្នតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ជន បរទេសគឺ២០ដុល្លារសម្រាប់ភ្ញៀវម្នាក់។ នេះបើតាមលោក ប៊ុន ណារិទ្ធិ។ លោកបន្តថា៖ «ប្រទេសមួយចំនួន លក់សំបុត្រដោយឡែកៗពីគ្នា។ យើងកំពុងពិចារណាវិធីនេះ»។
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បានព្រមានថា ផែនការដំឡើងថ្លៃសំបុត្រហាក់មិនចំាបាច់នោះទេ ហើយវានឹងប៉ះពាល់ដល់ភ្ញៀវទេសចរ។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលើកឡើងថា តម្លៃចូលទស្សនាប្រាសាទនៅកម្ពុជាគឺនៅថោកជាងគេមែន តែសេវាកម្មក៏នៅខុសគ្នាដែរ។ ការដំឡើងថ្លៃនៅពេលនេះហាក់ដូចជាមិនទាន់ចាំបាច់នោះឡើយ។ លោកបន្តថា៖ «យើងស្វាគមន៍គម្រោងរបស់អាជ្ញាធរអប្សរាដែលសិក្សាលើកគម្រោងដំឡើងថ្លៃមុននឹងដំឡើង ថ្លៃជាក់ស្តែង។ បើសិក្សាច្បាស់លាស់វានឹងមិនប៉ះពាល់ភ្ញៀវទេ»។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជានិយាយថា ផែនការនេះអាចប៉ះពាល់ខ្លះដល់ភ្ញៀវ។
បើទោះបីយ៉ាងនេះក្តីលោកអះអាងថា គេត្រូវគិតដល់សេវាកម្មអ្វីត្រូវបន្ថែមដល់ភ្ញៀវទេសចរទាំងនោះ ៖«គេធ្វើយ៉ាងណា គេត្រូវរៀបចំប្រព័ន្ធឲ្យស្រណុកដល់ភ្ញៀវ គឺកុំបង្កើតភាពយឺតយ៉ាវដល់ភ្ញៀវ នាំឲ្យគាត់ធុញទ្រាន់ក្នុងការរង់ចាំគ្រប់តែប្រាសាទសម្រាប់ ការទិញសំបុត្រនោះ»។
លោក ប៊ុន ណារិទ្ធិ អះអាងថា ការដំឡើងថ្លៃណាមួយនៅពេលខាងមុខនឹងមិនប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវនោះទេ ព្រោះតម្លៃនៅប្រទេសផ្សេងៗខ្ពស់ជាងកម្ពុជាសូម្បីការចូល ទស្សនាសារមន្ទីររបស់គេម្តង តម្លៃសំបុត្រមានដល់៥០ ឬ ៦០ដុល្លារឯណោះ។
តួលេខសិ្ថតិភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់រមណីយដ្ឋាន អង្គរបានកើនឡើង២៨,៧២ភាគរយក្នុងរយៈពេលប្រាំខែដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមតួលេខដដែលបានបង្ហាញថា កាលពីប្រាំខែឆ្នាំមុនរមណីយដ្ឋានអង្គរទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជាង៦២ម៉ឺននាក់ ដោយឡែកឆ្នាំនេះចំនួនភ្ញៀវបានកើនដល់ជិត៨សែននាក់បានចូល ទស្សនាអង្គវត្ត៕
ភ្នំពេញ ប៉ុស្តិ៍







