Headlines:

Garcia បាន​ផ្តួល Khan ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទីបួន

120716_26b
Danny Garcia បាន​វាយ​ចំ​លើ​ផ្ទៃមុខ​របស់ Amir Khan នា​ជំនួបរបស់​ពួក​គេ​​កាល​ពីថ្ងៃសៅរ៍​កន្លង​មក​។ Reuters

ក្រុង​ឡាសវេហ្គាសៈ កីឡាករ​ប្រដាល់​សញ្ជាតិ​អាមេរិក Danny Garcia បាន​ផ្តួល​ឲ្យ​កីឡាករ Amir Khan របស់​ចក្រភព​អង់គ្លេស​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤​ដើម្បី​បន្ថែម​ការ​ឈ្នះ​ ខ្សែ​ក្រវាត់​របស់​ស្ថាប័ន WBA នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ទៅ​លើ​ខ្សែ​ក្រវាត់​ពី​ស្ថាប័ន WBC របស់​គេ​លើ​សង្វៀន​ក្នុង​ទីក្រុង Las Vegas កាល​ពី​ថ្ងៃ​សៅរ៍​។

Khan ដែល​បាន​ទទួល​ជ័យជម្នះ​២៦​លើក ចាញ់​៣​លើក និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១៨​លើក និង​ហាក់​មាន​ប្រៀប​នៅ​ដើម​ទឹក​នោះ បាន​ប្រើ​កណ្តាប់​ដៃ​វាយ​ទៅ​លើ​គូ​ប្រកួត​យ៉ាង​លឿន ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការ​ការពារ​របស់ Garcia នៅ​តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព ហើយ​បន្ទាប់​មក​ក្នុង​ទឹក​ទី​៣ ​គេ​បាន​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ចំ​ពេញ​ទំហឹង​ដែល​ធ្វើ​ឲ្យ Khan ដួល​លើ​សង្វៀន។

កីឡាករ​របស់​អង់គ្លេស​រូប​នេះ បាន​ព្យាយាម​ងើប​ឡើង​វិញ​ដើម្បី​បន្ត​ការ​ប្រកួត ប៉ុន្តែ​ជើង​ទាំង​ពីរ​របស់​គេ​នៅ​តែ​ស្ថិត​ក្នុង​សភាព​ញ័រ ស្រប​ពេល​ដែល​កណ្ដឹង​បាន​បន្លឺ​សំឡេង​បញ្ចប់​ទឹក​។

ការ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​បាន​ធ្វើ​ឲ្យ Khan ដួល​ម្តង​ទៀត​នៅ​ក្នុង​ទឹក​ទី​៤ ហើយ​បើ​ទោះ​បី​រូប​គេ​អាច​ទប់​លំ​នឹង​របស់​ខ្លួន​មុន​ការ​រាប់​ដល់​១០​ក៏​ ដោយ ប៉ុន្តែ​លោក​អាជ្ញា​កណ្តាល Kenny Bayless បាន​បញ្ចប់​ការ​ប្រដាល់​នេះ បើ​ទោះ​បី Khan បាន​គិត​ថា ការ​បញ្ឈប់​នេះ អាច​នឹង​ឆាប់​ពេក​ក៏​ដោយ​។

Garcia បាន​និយាយ​ថា គេ​មាន​អារម្មណ៍​ថា កីឡាករ​របស់​អង់គ្លេស បាន​មើល​ស្រាល​ទៅ​លើ​រូប​គេ​។

Garcia ដែល​បាន​បង្កើន​ជ័យជម្នះ​រហូត​ដល់​ទៅ​២៤​លើក មិន​ធ្លាប់​ចាញ់ និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១៥​លើក​នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ដឹង​ថា Khan នឹង​វាយ​យ៉ាង​រហ័ស ពី​ព្រោះ​គេ​បាន​គិត​ថា ខ្ញុំ​មិន​មាន​ថាមពល​។ ប៉ុន្តែ​ខ្ញុំ​បាន​រង់ចាំ និង​បាន​បង្កើន​ការ​វាយ ហើយ​បាន​ប្រើ​ល្បឿន និង​ថាមពល​ដែល​ខ្ញុំ​មាន»។

នៅ​ក្នុង​ការ​ប្រកួត​មួយ​គូ​ទៀត​ អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក David Haye បាន​ផ្តួល​មិត្ត​រួម​សញ្ជាតិ​អង់គ្លេស​របស់​គេ Dereck Chisora ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី៥​ដើម្បី​ទទួល​ជម្នះ​លើ​ការ​ប្រកួត​ប្រកប​ដោយ​ គំ​នុំ​របស់​ពួក​គេ​នៅ​លើ​សង្វៀន Upton Park ភាគ​ខាង​កើត​ទី​ក្រុង​ឡុងដ៍។

ការ​ប្រដាល់​នៅ​លើ​ទីលាន​នៃ​ក្លិប​កីឡា​បាល់​ទាត់ West Ham United របស់​ក្របខ័ណ្ឌ English Premier League សម្រាប់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​អន្តរជាតិ WBO និង WBA មួយ​នេះ ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​លុច​សំបួ។

ក្រុម​ប្រឹក្សា​កីឡា​ប្រដាល់​ចក្រភព​អង់គ្លេស មិន​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​ការ​ប្រកួត​នេះ​ ឬ​ក៏​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​កីឡាករ​ឡើយ​៕ IS