ភ្នំពេញៈ ចំនួនអ្នកដំណើរតាមព្រលានយន្តហោះអន្តរជាតិសំខាន់ទាំងពីររបស់ កម្ពុជាបានកើនឡើងជិត២០ភាគរយនៅឆមាសទីមួយឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការកើនឡើងនេះបានមកដោយសារកំណើននៃការមកដល់របស់អ្នកដំណើរតាមផ្លូវអាកាស។ នេះបើតាមការអះអាងពីមន្ត្រី។
ទិន្នន័យទទួលបានពីព្រលានយន្តហោះកម្ពុជាបង្ហាញថា ភ្ញៀវសរុបដែលមកដល់កម្ពុជា នៅឆមាសទីមួយ ឆ្នាំនេះបានកើនឡើងពី៨៥៨ ៧៩៥នាក់នៅឆមាសទីមួយកាលពីឆ្នាំមុន ដល់ ១ ០២៩ ២៨៥នាក់ ក្នុងនោះភ្ញៀវមកតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញកើនឡើង១៤ ភាគរយ រហូតដល់ ៤៨៦ ៤៤៣នាក់ ខណៈភ្ញៀវមកតាមព្រលានយន្តហោះអន្តរជាតិសៀមរាបបានកើនឡើង ២៤,៦៩ភាគរយដល់ ៥៤១ ៨៤២នាក់។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ថ្មីៗនេះចំនួនជើងហោះហើរបែប Charter flight កើនឡើងជាច្រើន ខណៈក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបង្កើនជើងហោះហើរទៀងទាត់មក កម្ពុជា។
លោកបានថ្លែងថា៖ «យើងមានកំណើនជើងហោះហើរជាCharter flight ច្រើនគួរឲ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃមានពី ៥ ទៅ ៧ជើង ពិសេសមកពីចិន និងកូរ៉េ។ សៀមរាប នៅតែជាតំបន់ទាក់ទាញដ៏សំខាន់»។
លោកបានបន្តថា ឧស្សាហកម្មទេសចរណ៍ អាចនឹងមិនរីកចម្រើនបានឡើយ បើគ្មានការរួមចំណែកពីមធ្យោបាយធ្វើដំណើរទេនោះ ព្រោះផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំភ្ញៀវទេសចរពី ជុំវិញពិភពលោក ដែលមានចំនួនសរុបប្រហែល៥០ភាគរយ។
លោក អាង គឹមអៀង ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក៏បានរួមចំណែកធ្វើឲ្យមានកំណើននេះផងដែរ។ លោកបានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានភាពទាក់ទាញ និងទំនាក់ទំនងទៅនឹងប្រទេសជាច្រើន ជុំវិញពិភពលោក បន្ទាប់ពីរដ្ឋាភិបាល បានអនុវត្តនូវគោលនយោបាយបើកចំហជើងមេឃ។
លោកបានថ្លែងថា៖ «ខ្ញុំបានកត់សម្គាល់ឃើញថា ចាប់តាំងពីចេញនយោបាយនេះមក យើងមានភ្ញៀវទេសចរជាច្រើន មកពីគ្រប់ច្រកនៃប្រទេសទាំងអស់ដែលយើងមិនធ្លាប់មាន។ បច្ចុប្បន្ន យើងមានភ្ញៀវជាច្រើនមកពីស្រីលង្កា និងមកពីអាមេរិកឡាទីនផងដែរ»។ លោកឲ្យដឹងថាកំណើននេះឆ្លុះបញ្ចាំងអំពីអ្វីដែលរដ្ឋាភិបាល បានចេញគោលនយោបាយបើកចំហជើងមេឃ ដោយលោកបានគូសបញ្ជាក់ថាប្រទេសកម្ពុជាបានទទួលភាពទាក់ទាញកាន់តែច្រើនពីភ្ញៀវទេសចរនៅក្នុងតំបន់ និងមកពីអឺរុប។
លោក ថោង ខុន បានឲ្យដឹងថា ចំនួនភ្ញៀវមកពីក្នុងតំបន់នៅតែមានអាទិភាពខ្ពស់។ ទោះបីយ៉ាងនេះក្តីលោកបានបញ្ជាក់ថា ភ្ញៀវមកពីបស្ចិមប្រទេសក៏កើនឡើងផងដែរ ទោះបីពួកគេមានវិបត្តិបំណុល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ៕
ភ្នំពេញ ប៉ុស្តិ៍







