Headlines:

សុផាត មាន​៦ពិន្ទុ ខណៈ​ឌៀប និង​អាដាំ មាន​៤ពិន្ទុ

  • Prev
  • 1 of 2
  • Next

ភ្នំពេញៈ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ K Cement ​ទម្ងន់​៦៥​គីឡូក្រាម​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​លើ​សង្វៀន​ទូរទស្សន៍​កង យោធពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​ ផល សុផាត​ មក​ពី​ក្លិប​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ បន្ទាប់​ពី​គេ​បាន​ប្រកួត​ឈ្នះ ​កីឡាករ ​យឹម ​ឌៀប ​មក​ពី​សមាគម​ក្រសួង​ការពារជាតិ​។

សរុបជា​រួម ផល សុផលា កំពុង​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ដោយ​ស្ថិត​នៅ​កំពូល​នៃ​តារាង​ពូល B។ ចំណែក​ឯ កីឡាករ​ យឹម​ ឌៀប ​ដែល​បាន​ប្រកួត​ចាញ់​ ផល ​សុផាត ​មាន​ពិន្ទុ​តែ​៤​ប៉ុណ្ណោះ​ដែល​ស្មើ​ជា​មួយ​កីឡាករ​ជាម​ អាដាំ មក​ពី​ក្លិប​ឃ្លាំង​មឿង​ ខណៈ​កីឡាករ​រូប​នេះ​បាន​ប្រកួត​ឈ្នះ​កីឡាករ​ពុទ្ធ ហ៊ុច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស។

នៅ​ក្នុង​ចំណោម​កីឡាករ​៤​រូប​នៅ​ក្នុង​ពូល B ​ដែល​ឆ្លង​កាត់​ពីរ​ប្រកួត​ដូច​កីឡាករ​ ផល ​សុផាត ​មាន​៦​ពិន្ទុ​ កីឡាករ​ ជាម ​អាដាំ​ និង​កីឡាករ យឹម​ ឌៀប​មាន​៤​ពិន្ទុ​ កំពុង​តែ​ប្រទាញ​ប្រទង់​គ្នា​ដណ្តើម​យក​ច្រក​ចេញ​ដោយ​រង់ចាំ​មួយ​ប្រកួត​ ទៀត​សម្រាប់​កាត់​ក្តី​ ប៉ុន្តែ​កីឡាករ ពុទ្ធ​ ហ៊ុច ដែល​ចាញ់​ពីរ​ប្រ​កួត​ហើយ​នោះ​គ្មាន​សំណាង​នឹង​បាន​ឆ្លង​ផុត​ពី​ពូល​ B នេះ​ឡើយ​។

ស្ថានភាព​ប្រកួត​ជាក់​ស្តែង​លើ​សង្វៀន​

ការ​ទទួល​បាន​ជ័យជម្នះ​របស់​កីឡាករ ផល សុផាត មិន​មែន​កើត​ឡើង​ដោយ​ងាយស្រួល​នោះ​ឡើយ ពីព្រោះ​ស្នៀត​ជើង​ទាត់​របស់ យឹម ឌៀប ធ្ងន់ ប៉ុន្តែ​កណ្តាប់​ដៃ​របស់​គេ​ហាក់​ដូច​ជា​វាយ​មិន​ចំ​គោលដៅ​បាន​ល្អ។

ទោះ​បី​យ៉ាង​ណា ​យឹម ​ឌៀប ​មាន​ពិន្ទុ​នាំ​មុខ​នៅ​ក្នុង​ទឹក​ទី​១​ និង​ទី​៣​។​ ផល​ សុផាត ​មាន​ស្នៀត​កណ្តាប់​ដៃ​លឿន​រហ័ស​វាយ​ចំ​គោល​ដៅ​ និង​មាន​ស្នៀត​ដក​ថយ​ គេច​រហ័ស​ មិន​ឲ្យ​ដៃ​គូ​វាយ​ត្រូវ​ទាន់​នោះ​ឡើយ។

សុផាត​មាន​ប្រៀប​៣​ទឹក ​គឺ​ទឹក​ទី២​ទី៤​និង​ទី៥ ​ដែល​បាន​ធ្វើ​ឲ្យ​ចៅ​ក្រម​កាត់​សេច​ក្តី​ឲ្យ​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ ក្រោយ​ការ​ប្រកួត​បាន​៥​ទឹក​ពេញ​។

ចំណែក​ឯ​កីឡាករ​ ជាម អាដាំ​ ដែល​មាន​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ក៏​មាន​ភាព​រហ័ស​រហួន​គេច​ផុត​ពី​ទម្ងន់​ ជើង​របស់​កីឡាករ ពុទ្ធ ហ៊ុច​ ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ​ស្នៀត​កណ្តាប់​ដៃ​របស់​ អាដាំ បាន​វាយ​កាន់​តែ​ល្អ​នៅ​ពេល​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី៤​និង​ទី៥​។ ​ចំណែក​ឯ ពុទ្ធ ហ៊ុច​ ដែល​មាន​ជំនាញ​ទាត់​ផង​នោះ មាន​ការ​លំបាក​ប្រើ​ស្នៀត​ជើង​ ពីព្រោះ​គេ​ទាត់​មិន​ត្រូវ​ដៃ​គូ​ ដោយ​សារ ​ជាម ​អាដាំ គេច​បាន​រហ័ស ​ហើយ​ជា​ញឹកញាប់​ ពុទ្ធ​ ហ៊ុច​ ច្រើន​ដួល​ដោយ​ខ្លួន​ឯង ​ខណៈ​ដែល​គេ​វាយ​មិន​ចំ​គោលដៅ៕