ក្នុងនាមជាកូនខ្មែរមួយរូប តើអ្នកយល់ថា សមត្ថភាពប្រើប្រាស់ភាសាជាតិរបស់អ្នក ស្ថិតក្នុងកម្រិតណា? ជាការ ពិត វាជាសំណួរមួយដែលពិបាកស្វែងរកចម្លើយ ព្រោះថាយើងមិនអាចវាស់ស្ទង់ឲ្យច្បាស់ថា តើត្រឹមណាដែលចាត់ទុកកម្រិតល្អ មធ្យម ឬខ្សោយនោះទេ។ យើងគ្រាន់តែដឹងថា យើងជាកូនខ្មែរ យើងអាចអាន ស្តាប់ និងសរសេរភាសាខ្មែរបានប៉ុណ្ណោះ។
ដោយសារតែប្រជាជនខ្មែរ អាចប្រើប្រាស់ភាសារបស់ខ្លួនសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ទើបមានការប្រើប្រាស់ពាក្យពេចន៍ខុសឆ្គងដោយមិនដឹងខ្លួន។
លោកសាស្រ្តាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានឲ្យដឹងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រើប្រាស់ភាសាខ្មែរខុសច្រើនមែនទែន ដោយលោកបានលើកឡើងថា៖ «ដូចជា ពាក្យថា (ជាមួយ) និង (សម្រាប់) ត្រូវបានប្រើខុសច្រើនណាស់។ អ្នកខ្លះថា រីករាយជាមួយបទចម្រៀង អរគុណសម្រាប់ឯកឧត្តម។ អត់ត្រូវប្រើអ៊ីចឹងទេ វាខុសពាក្យខ្មែរ»។
ការប្រើប្រាស់ពាក្យពេចន៍ខ្មែរជារៀងរាល់ថ្ងៃ ស្ទើរតែក្លាយជាទម្លាប់ដែលយុវជនជំនាន់ក្រោយពិបាកវិនិច្ឆ័យរកខុស ត្រូវណាស់។ ដូច្នេះ លោកសាស្រ្ដាចារ្យ ចងក្រងពាក្យពេចន៍ដែលដកស្រង់ចេញពីសៀវភៅវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត មកបោះពុម្ពជាសៀវភៅថ្មី ក្រោមចំណងជើងថា «សទ្ទានុក្រមសទិសន័យ» ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនក្នុងការប្រើប្រាស់ពាក្យ ពេចន៍ភាសាខ្មែរឲ្យបានងាយស្រួល និងត្រឹមត្រូវ។
ដើម្បីចងក្រងសៀវភៅវេយ្យាករណ៍ និងពាក្យសទ្ទខ្មែរទាំងអស់ លោក គីមស្រ៊ាង បានចំណាយពេលជាច្រើនខែ។
ជាលទ្ធផល រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកបានរៀបរៀងសៀវភៅបានជាង ១០ក្បាល ប៉ុន្ដែសម្រាប់សៀវភៅសទ្ទានុក្រមសទិសន័យនេះ លោកបានចំណាយពេលជាងមួយខែប៉ុណ្ណោះក្នុងការរៀបរៀងចងក្រង។
គួរបញ្ជាក់ផងដែរថា សៀវភៅសទ្ទានុក្រមសទិសន័យនេះ ជាស្នាដៃបោះពុម្ពទី២របស់លោកទូច គីមស្រ៊ាង ហើយវាទើបតែចេញលក់លើទីផ្សារជាង១ខែប៉ុណ្ណោះក្នុងតម្លៃ ២ដុល្លារ។ ដូច្នេះ លោកអ្នកអាចរកជាវបាននៅបណ្ណាគារសន្តិភាព ស្តង់លក់សៀវភៅម្តុំសាលាបឋមសិក្សាដូនពេញ និងនៅសាលា Future Leader តែប៉ុណ្ណោះ៕
ភ្នំពេញ ប៉ុស្តិ៍






