ភ្នំពេញៈ ការច្នៃម៉ូដសម្លៀកបំពាក់ និងភាពឡូយឆាយរបស់ពលរដ្ឋកម្ពុជាមើលទៅមានសន្ទុះងើបយ៉ាងខ្លាំង នៅក្នុងសម័យថ្មីនេះ។ ការរីកចម្រើនបែបនេះហើយ ទើបមានទំាងអ្នកច្នៃម៉ូដជាតិ និងអន្តរជាតិ កំពុងខិតខំប្រឹងប្រែងបង្កើតគំនិតច្នៃម៉ូដសម្លៀកបំពាក់ ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងធ្វើការប្រកួតប្រជែងគ្នារវាងអ្នកច្នៃម៉ូដជាតិ និងអន្តរជាតិនៅពេលខាងមុខ។
ទន្ទឹមនឹងការឈានចូលមកដល់នៃការប្រកួតច្នៃម៉ូដនេះ ព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ត្រូវបានរៀបចំគឺកម្មវិធីជប់លៀងស្លៀកពាក់ជាលក្ខណៈបុរាណ នៅក្នុងទសវត្សរ៍ឆ្នាំ៤០, ៥០ និង៦០ ដែលនឹងប្រព្រឹត្តទៅនៅក្លិបកម្សាន្ត Riverhouse នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះ ក្រោមការរៀបចំកម្មវិធីច្នៃម៉ូដរបស់ក្រុមហ៊ុន edge Management Group ។
អ្នកស្រី សូហ្វី អ្នករៀបចំកម្មវិធីនេះបានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើងក្នុងបំណងដើម្បីណែនាំដល់ការរៀបចំធ្វើ កម្មវិធី Cambodia Fashion week ដែលនឹងរៀបចំឡើងនៅប៉ុន្មានខែទៀតនេះ និងដើម្បីជាឱកាសជួបជុំអ្នកច្នៃម៉ូដជាតិ និងអន្តរជាតិ ដែលពួកគេនឹងចូលរួមការបង្ហាញម៉ូដសម្លៀកនៅក្នុងកម្មវិធីនោះ។ ម្យ៉ាងដើម្បីបង្ហាញពីអ្នកចូលរួមធ្វើការឧបត្ថម្ភគាំទ្រដល់ កម្មវិធី fashion week ផងដែរ។
នៅក្នុងកម្មវិធីជប់លៀងស្លៀកពាក់បុរាណនោះ នឹងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាពីស្ថាប័ននានាដែលពាក់ព័ន្ធចូលរួម ប្រមាណ ១៥០ នាក់។ កម្មវិធីនោះនឹងរៀបចំដោយចាប់ផ្តើមពីម៉ោង៧:៣០ រហូតដល់ម៉ោង៩:៣០យប់ សម្រាប់អ្នកមានលិខិតអញ្ជើញ ប៉ុន្តែចាប់ពីម៉ោង៩:៣០ទៅគឺភ្ញៀវទាំងឡាយអាចចូលរួមកម្សាន្តបាន ដោយសេរី។
អ្នករៀបចំរូបនោះ បានបញ្ជាក់ថា Cambodia Fashionweek ដែលនឹងរៀបចំធ្វើឡើងនៅពេលខាងមុខនោះ មានអ្នករចនាម៉ូដនៅក្នុងស្រុកចូលរួមប្រមាណ១៣នាក់ និងក្រៅស្រុកជាច្រើនប្រទេសដែលមានការចូលរួមពីប្រទេសសិង្ហបុរី វៀតណាម ម៉ាឡេស៊ី ថៃ បារាំង អូស្រ្តាលី និងនូវែលសេឡង់។ កម្មវិធីនេះ នឹងរៀបចំឡើងនៅខែកញ្ញា និងធ្នូ នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កម្មវិធី Cambodia Fashion Week ត្រូវបានរៀបចំជាលើកដំបូងក្នុងឆ្នាំ២០១១ ដោយមានការចូលរួមពីសំណាក់អ្នកច្នៃម៉ូដល្បីមកពីសហរដ្ឋអាមេរិក ហើយនៅឆ្នាំនេះ គេនឹងរៀបចំឲ្យកាន់តែធំជាងឆ្នាំមុន៕
ភ្នំពេញ ប៉ុស្តិ៍







