ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនដែលមកបណ្តាក់ទុននៅកម្ពុជាកំពុង ពិបាកទាក់ទាញកម្មករឲ្យចូលទៅបម្រើការក្នុងឧស្សាហកម្មដំឡើង ហើយថាកម្មករភាគច្រើនយល់ដឹងច្រើនតែវិស័យកាត់ដេរ។ នេះបើតាមមន្ត្រីសមាគមអាជីវកម្មជប៉ុននៅកម្ពុជា (JBAC)បានថ្លែងកាលពីថ្ងៃម្សិលមិញ។
លោក Kiyotaka Doho អគ្គលេខាធិការសមាគមដែលមានសមាជិក ១១៤ក្រុមហ៊ុន មកពីច្រើនវិស័យ បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុននៅត្រូវការកម្លាំងពលកម្មប្រមាណពី២ម៉ឺនទៅ ៣ម៉ឺននាក់ទៀត ខណៈបច្ចុប្បន្នមានកម្មករជាង១ម៉ឺននាក់ប៉ុណ្ណោះ ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រ និងក្រុមហ៊ុនរបស់ជប៉ុននៅកម្ពុជា។ លោកបន្តថា៖ «ក្រុមហ៊ុនជប៉ុនក៏ជួបប្រទះបញ្ហាផងដែរ នៅពេលដែលកម្មករខ្មែរភាគច្រើនស្គាល់តែការងារផ្នែករោងចក្រ កាត់ដេរ ហើយពេលបញ្ចូលគាត់ទៅជាកម្មករផ្នែកខ្ចៅ សម្រាប់ផ្គត់ផ្គង់ឲ្យការផលិតរថយន្តធុនធ្ងន់ បែរជាមានការលំបាក។ សូម្បីយើងប្រកាសរើសកម្មករ ក៏យើងមិនងាយប្រមូលបានកម្មករដែរ»។
លោកបន្ថែមថា ក្រុមហ៊ុនជប៉ុនដែលមកទីនេះ គេមិនសំដៅដល់កម្មករដែលមានជំនាញស្រាប់នោះទេ ប៉ុន្តែគេត្រូវការយកអ្នកទាំងនោះមកបណ្តុះបណ្តាល។
លោកបានបញ្ជាក់ថា នៅដំណាច់ឆ្នាំ២០១១ ក្រុមហ៊ុនជប៉ុនចំនួន៨៦ បានមកចុះឈ្មោះប្រកបអាជីវកម្មនៅកម្ពុជា ហើយ៦ខែឆ្នាំនេះ មានក្រុមហ៊ុន៦៨ផ្សេងទៀតបានមកចុះបញ្ជីថ្មីនៅក្រសួងពាណិជ្ជកម្ម។
លោកបន្តថា ក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាភាគច្រើនដើម្បីបង្កើត រោងចក្រផលិតខែ្សភ្លើង គ្រឿងបង្គុំអគ្គិសនី និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត តែកម្មករកម្ពុជា ភាគច្រើនយល់ដឹងតែលើវិស័យកាត់ដេរទេ។
លោក Kenji Uemantsu អគ្គនាយកនៃនាយកដ្ឋានផែនការជីវកម្មនៃក្រុមហ៊ុនYazaki Products co., Ltd, ដែលផលិតខ្សែបង្គុំរថយន្តសម្រាប់នាំចេញទៅកាន់ប្រទេសថៃ និងមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង បាននិយាយថា រោងចក្រមួយនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ និងមានកម្មករជាង៥០០នាក់កំពុងបម្រើការ ហើយចំនួនកម្មករគ្រោងនឹងបង្កើនរហូតដល់ទៅប្រមាណ៣ពាន់នាក់នៅ រង្វង់៣ឆ្នាំទៀត។ លោកបន្តថា៖ «រោងចក្រនេះលំបាកក្នុងការរកកម្មករទៅបម្រើការ ដោយសារខេត្តកោះកុងមានប្រជាជនតិច តែទោះជាយ៉ាងណា ទីតាំងខេត្តកោះកុងសមស្របជាងគេសម្រាប់ការផលិតរួចនាំចេញទៅ ថៃ»។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា បញ្ហាពលករមិនមែនជាបញ្ហាទេ ព្រោះអាចទទួលការបណ្តុះបណ្តាល។ លោកបន្តថា សភាពាណិជ្ជកម្មនឹងជួយផ្សព្វផ្សាយនៅតាមសាលារៀននានាឲ្យយុវជន បានដឹកពីរឿងនេះ បើសិនក្រុមហ៊ុនមានការវិនិយោគពិតប្រាកដ។
លោកបានថ្លែងថា៖ «កត្តាទាក់ទាញកម្លាំងពលកម្មគឺជាការវិនិយោគពិតប្រាកដ និង ការផ្តល់ប្រាក់ខែសមរម្យដើម្បីរស់បានសមរម្យដែរ»។
កម្លាំងពលកម្មភាគច្រើននៅកម្ពុជាបានប្រមូលផ្តុំទៅលើវិស័យកាត់ ដេរ ដែលមានកម្មករបម្រើការងារក្នុងវិស័យនេះរហូតដល់ជាង៣សែននាក់ ហើយកម្ពុជានៅតែមានចំនួនកម្មករចំណាកស្រុកជាច្រើនផងដែរ ដើម្បីស្វែងរកប្រាក់ខែខ្ពស់។
ក្រុមហ៊ុនជាច្រើនកំពុងសំដៅមកកម្ពុជា ដែលកត្តាភាគច្រើនបណ្តាលមកពីការកើនឡើងតម្លៃពលកម្មនៅប្រទេសមួយ ចំនួនពិសេសនៅថៃជាដើម។
លោក Kenji Uemantsu បានឲ្យដឹងថា៖ «ដូចអ្នកដឹងហើយ តម្លៃពលកម្មនៅប្រទេសថៃនឹងឡើងខ្ពស់ ដូចនេះយើងត្រូវតែផ្លាស់ប្តូរទីតាំង ក្រៅពីថៃ»។
កាលពីថ្ងៃពុធ មានក្រុមហ៊ុនជប៉ុនចំនួន៣៣ បានធ្វើពិព័រណ៍ការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដើម្បីផ្សព្វផ្សាយពីឱកាសការងារនៅតាមក្រុមហ៊ុនជប៉ុននៅកម្ពុជា ។
លោក កឹម អឿន នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើកឡើងថា ពិព័រណ៍ការងារក្រុមហ៊ុនជប៉ុននៅកម្ពុជានេះនឹងជួយនិស្សិត ឲ្យបានស្គាល់ និងទទួលបានឱកាសការងារនៅក្រុមហ៊ុនជប៉ុនដែលកំពុងរកស៊ីនៅ កម្ពុជា។ លោកបន្តថា៖ «ពិព័រណ៍នេះក៏នឹងទាក់ទាញយ៉ាងហោចនិស្សិតប្រាំរយនាក់ចូលទៅ ទស្សនានឹងសាកសួរព័ត៌មានដែរ ហើយធ្វើឲ្យប្អូននិស្សិតអាចមានឱកាសរកការងារបាន»។
និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យមេគង្គកម្ពុជា កញ្ញា ទូច លាភា បានចូលរួមក្នុងពិព័រណ៍នេះដើម្បីសាកសួរព័ត៌មាន និងស្វែងយល់ពីប្រភេទការងារនិង ការផ្តល់ប្រាក់ខែរបស់ក្រុមហ៊ុនជប៉ុន។ កញ្ញា ទូច លាភា បាននិយាយថា៖ «ខ្ញុំបានសួរក្រុមហ៊ុនមួយចំនួន និងមើលពីលក្ខខណ្ឌការងារ។ ខ្ញុំគិតថាគេឲ្យប្រាក់ខែគួរសមដែរ ហើយក្រុមហ៊ុនទាំងនោះមិនទាមទារបទពិសោធច្រើនទេ»៕
ភ្នំពេញ ប៉ុស្តិ៍

