Headlines:

ក្រសួង​ប្រកាស​បិទ​សាលា​ទប់ស្កាត់​ជំងឺ​មរណៈ​កុមារ

120719_02
សិស្ស​លាលា​ទាំង​នេះ ចេញ​ពី​ថ្នាក់​រៀន​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​កាល​ពី​ម្សិលមិញ​។ រូបថត វីរៈ ម៉ៃ

ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​ម្សិលមិញ បាន​ប្រកាស​បិទ គ្រឹះស្ថាន​បឋមសិក្សា មត្តេយ្យសិក្សា​រដ្ឋ​និង​ឯកជន​ទូទាំង​ប្រទេស​មុន​កាល​កំណត់​ឈប់ វិស្សមកាល គឺ​ចាប់​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា ដើម្បី​ទប់​ស្កាត់​ជំងឺ​មរណៈ​កុមារ​ដែល​បង្ក​ឲ្យ​មាន​ពង​បែក​នៅ​ដៃ ជើង និង​ក្នុង​មាត់​ដែល​គេ​ហៅ​ថា​(EV-71) បន្ទាប់​ពី​មាន​របាយការណ៍​មក​ពី​ខេត្ត​មួយ​ចំនួន​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​សុខភាព​កុមារ​។

យោង​ទៅ​តាម​លិខិត​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​អ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុទ្ធ​ជន និង​កីឡា បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​សិក្សា ២០១១-២០១២​នេះ សាលា​បឋម​សិក្សា​ និង​មត្តេយ្យ​សិក្សា​រាជធានី​ខេត្ត​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​មហាវិស្សមកាល​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ​តទៅ​ ដោយ​អនុលោម​ទៅ​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា​ ឆ្នាំ ២០១២ ស្តី​អំពី​ការ​បញ្ឈប់​ដំណើរ​ការ​សិក្សា​ដំណាច់​ឆ្នាំ​២០១១-២០១២។

លោក​ម៉ក់ វ៉ាន់ រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ ជា​ធម្មតា តាម​កាល​កំណត់​គ្រឹះស្ថាន​បឋមសិក្សា និង​មត្តេយ្យ​សិក្សា ត្រូវ​បាន​កំណត់​ឲ្យ​ឈប់​នៅ​ក្នុង​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ តែ​ឆ្នាំ​នេះ​ដោយ​សារ​តែ​មាន​ជំងឺ​មរណៈ​កុមារ​(EV-71) ក្រសួង​បាន​ស្នើ​សុំ​គោល​ការណ៍​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អនុញ្ញាត​ឲ្យ​សិស្ស​ឈប់​មុន​កំណត់​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ថ្មី​លើ​កុមារ។ ​លោក បាន​ឲ្យ​ដឹង​ថា ៖ «ជំងឺ​នោះ​ បង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ​ខ្លាំង​ណាស់ ហើយ​វា​ធ្វើ​ឲ្យ​កុមារ​ស្លាប់​រហ័ស​ជា​ទីបំផុត​ ដូច្នេះ​ហើយ​បាន​ជា​យើង​ស្នើ​សុំ​ទៅ​សម្តេច​នាយក​ឲ្យ​កុមារ​ឈប់​មុន​កាល កំណត់​»។​

លោក ​បាន​ឲ្យ​ដឹង​ទៀត​ថា ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ក្រសួង​ធ្វើ​ការ​បញ្ឈប់​បន្ទាន់​នោះ​ដោយ​សារ​តែ របាយការណ៍​មក​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា​ព្រះវិហារ រតនគិរី មណ្ឌលគិរី ប៉ៃលិន កំពង់ចាម កំពត សៀមរាប​ បន្ទាយ​មានជ័យ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ បាត់​ដំបង កំពង់ឆ្នាំង និង​ក្រចេះ មាន​កុមារ​ឈឺ​ច្រើន​ដូច​ជា​ក្តៅ​ខ្លួន​និង​ផ្តាសាយ ហើយ​ដើម្បី​ការពារ​ជំងឺ​ឆ្លង​ថ្មី​ក្រសួង​ក៏​អនុញ្ញាត​ឲ្យ​សាលាមត្តេយ្យ និង​បឋម​សិក្សា​ទាំង​ឯកជន និង​រដ្ឋ​ឈប់​មុន​កាល​កំណត់​ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​យើង​ពុំ​មែន​បំភ័យ​នោះ​ទេ គឺ​យើង​គ្រាន់​តែ​ជួយ​សម្រួល​ការ​ព្រួយបារម្ភ​របស់​អាណាព្យាបាល​សិស្ស​តែ ប៉ុណ្ណោះ​»។

សាលា​មត្តេយ្យ​សិក្សា​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​២៥៧៥​ ហើយ​សាលា​ឯកជន​មាន​ចំនួន​១៧៤ រីឯ សាលាបឋម​សិក្សា​មាន​ចំនួន​៦៨៤៩​ សាលា​ឯកជន​មាន​ចំនួន​២២២​។ ចំនួន​សិស្ស​មត្តេយ្យ​សិក្សា​មាន​ចំនួន​១២១​៣០​៦​នាក់ ឯកជន​មាន​ចំនួន​២០២៤៣​។ សិស្ស​បឋម​សិក្សា​មាន​ចំនួន​២១៤២៤៦៤​នាក់ សិស្ស​ឯកជន​ចំនួន​៥២២៥២​នាក់​។ លោក​ បន្ត​ថា​ ៖ «ចំពោះ​ការ​ឈប់​នោះ​សាលារដ្ឋ​នឹង​ចូល​វិស្សម​កាល​វិញ​នៅ​ក្នុង​ខែ​តុលា រីឯ​សាលា​ឯកជន​វិញ​យើង​មិន​បាន​កំណត់​ឲ្យ​ចូល​នៅ​ពេល​ណា​នោះ​ទេ ​គឺ​យើង​គ្រាន់​តែ​សុំ​ឲ្យ​គេ​ផ្អាក់​មួយ​រយៈ​សិន​តែ​ប៉ុណ្ណោះ​»។

កុមារាជីវ សុខហួរ អាយុ ១១​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៦ នៃ​សាលា​បឋម​សិក្សា​អង្គតាសោម ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា​ សាលា​របស់​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា​។ ​កុមារា​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា៖«​គ្រូ​របស់​ខ្ញុំ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​ឲ្យ​ ឈប់​មុន​ទាក់ទង​នឹង​ជំងឺ​នោះ​ទេ គឺ​គ្រាន់​តែ​ប្រាប់​ថា​គាត់​ខ្ជិល​បង្រៀន​ណាស់​ទើប​ឲ្យ​ឈប់ ហើយ​​រៀន​គួរ​ក៍​មិន​ឲ្យ​មក​រៀន​ដែរ​»។​

អ្នក​នាង​ប៉ោ សុភា ប្រធាន​ផ្នែក​រដ្ឋបាល​សាលា Home of English ​បាន​ឲ្យ​ដឹង​ថា​ សាលា​របស់​អ្នក​នាង​ បាន​អនុវត្តតាម​ការ​ណែនាំ​របស់​ក្រសួង​រួច​ហើយ គឺ​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ឈប់​ចាប់​ពី​ថ្ងៃ​ទី១៩ កក្កដា ហើយ​ចូល​សិក្សា​វិញ​នៅ​ថ្ងៃ​ទី៣០ កក្កដា។

លោក វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែងថា រហូត​មក​ដល់​ពេល​នេះ​ជំងឺ​ដៃ ជើង និង​មាត់​ដែល​ជា​ជំងឺ​កើត​ឡើង​ជា​ញឹកញាប់​ទៅ​លើ​កុមារ និង​ទារក​នោះ​ទូរលេខ​គឺ​នៅ​ដដែល​។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល និង WHO កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះបាន​ឆ្លង​ដល់​កុមារ ៥៩ នាក់ ហើយ​បាន​ផ្តាច់​ជីវិត​ពួក​គេ ៥២ នាក់ ខណៈ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​រាយការណ៍​ថា​មាន ៦៦ ករណី​ឈឺ​គិត​តែ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នេះ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ ៦៤ នាក់​បាន​បាត់​បង់​ជីវិត៕



This content has been locked. You can no longer post any comments.
Show/hide comments
busy