ភ្នំពេញ: ផលិតផលសោទ្វារសម្រាប់ប្រើប្រាស់ក្នុងលំនៅដ្ឋាននាំចូលមកពី ប្រទេសអ៊ីតាលីកំពុងមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើ ប្រាស់លំដាប់ខ្ពស់នៅកម្ពុជា បើទោះបីជាផលិតផលផ្សេងៗទៀតមានតម្លៃប្រហាក់ប្រហែលគ្នាក៏ដោយ។
លោក សុជាតិ យុទ្ធរ៉ូ ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុនខេសឹបផ្លាយ K.Supply Co, Ltd បានប្រាប់ថា ក្រុមហ៊ុនរបស់លោកបាននាំចូលសោ មកពីប្រទេសអ៊ីតាលី កូរ៉េនិងសហរដ្ឋអាមេរិក។ សោទាំងនេះមានច្រើនប្រភេទ ប៉ុន្តែសោដែលនាំចូលមកពីប្រទេសអ៊ីតាលីទទួលបានការគាំទ្រច្រើន ជាងគេ ជាពិសសអ្នកមានប្រាក់ចំណូលខ្ពស់។ លោកបានបន្តថា ការដែលផលិតផលផលិតនៅប្រទេសអ៊ីតាលីទទួលបានការគាំទ្រច្រើននោះ គឺដោយសារតែសោទ្វារដែលផលិតនៅប្រទេសនេះមានក្បាច់ច្រើន ស្អាត មានគុណភាពខ្ពស់ និងមានតម្លៃសមរម្យទៀតផង។
លោកបានថ្លែងថា៖«កាលពីមុនអ្នកមានជីវភាពធូរធារមួយចំនួនបានទៅ ទិញសោទ្វារនៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្នពួកគាត់មិនចាំបាច់ចំណាយពេលធ្វើដំណើរទៅក្រៅ ប្រទេសទៀតទេ ពីព្រោះនៅពេលនេះក្រុមហ៊ុនរបស់ខ្ញុំបាននាំចូលសោទ្វារដែលមាន គុណភាពខ្ពស់ និងមានការធានាសម្រាប់ការប្រើប្រាស់ជូនទៀតផង»។ លោកបន្តថា៖«តម្រូវការផលិតផលសោកំពុងមានការកើនឡើង ហើយខ្ញុំគិតថា តម្រូវការនេះនឹងមានការកើនឡើងបន្ថែមទៀត ព្រោះកាលណាវិស័យសំណង់រីកចម្រើនការលក់សោទ្វារក៏នឹងកើនឡើងដែរ» ។
លោក សុជាតិ យុទ្ធរ៉ូ បានបន្តថា ការលក់សោនៅក្រុមហ៊ុនរបស់លោកកំពុងមានដំណើរការល្អ ព្រោះមិនសូវមានការប្រកួតប្រជែងច្រើនទេ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកកំពុងពង្រីកទីផ្សារឲ្យបាន គ្របដណ្តប់នៅទូទាំងប្រទេសផងដែរ។ លោកបន្តថា មានសណ្ឋាគារ និងលំនៅដ្ឋានមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាបបានទិញផលិតផលនាំចូលដោយក្រុមហ៊ុនរបស់លោកយកទៅ ប្រើប្រាស់ផងដែរ។
ផ្ទុយទៅវិញអ្នកស្រី គីម ហួរ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន វេង ហុង លក់សោទ្វារដែលនាំចូលផ្តាច់មុខមកពីប្រទេសអាល្លឺម៉ង់បានថ្លែង ថា ការលក់សោទ្វារនាពេលបច្ចុប្បន្ននេះមិនសូវមានដំណើរការល្អទេ ដោយសារមានការប្រកួតប្រជែងច្រើនពិសេសផលិតផលសោនាំចូលមកពី ប្រទេសចិន។ អ្នកស្រីបានបន្តថា អតិថិជនភាគច្រើនពួកគាត់មិនយល់និងមិនបានធ្វើការប្រៀបធៀបគុណភាពផលិតផលមានតម្លៃថោក និងផលិតផលមានគុណភាពខ្ពស់ និងតម្លៃថ្លៃនោះទេ ដែលជាហេតុធ្វើឲ្យការលក់របស់ក្រុមហ៊ុនអ្នកស្រីមានការថយចុះ ប្រមាណ៣០ភាគរយ ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកន្លងមក។
អ្នកស្រីបញ្ជាក់ថា៖«បើគិតរយៈពេល៦ខែឆ្នាំនេះប្រៀបធៀបនឹងរយៈ ពេលដូចគ្នាកាលឆ្នាំមុនការលក់សោទ្វារនៅក្រុមហ៊ុនរបស់ខ្ញុំមិន មានការកើនឡើងទេ ពោលគឺការលក់ស្ថិតក្នុងសភាពនៅទ្រឹង»។ អ្នកស្រីបានបន្តថា៖«បើទោះបីជាការអភិវឌ្ឍផ្នែកលំនៅដ្ឋាននៅ បន្តកើនឡើងក៏ដោយ ប៉ុន្តែការលក់សោទ្វាររបស់ហាងអ្នកស្រីនៅតែជួបឧបសគ្គដដែល គឺដោយសារចរន្តនៃការប្រកួតប្រជែងកំពុងកើនឡើង»៕
ភ្នំពេញ ប៉ុស្តិ៍







