ឧត្តរមានជ័យៈមន្ត្រីកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថា ឈើគ្រញូងប្រហែលជាង ២០០០គីឡូក្រាម និងឡានម៉ាកកាម៉ារីមួយគ្រឿង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរឹបអូស កាលពីថ្ងៃពុធក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មេបញ្ជារការកងរាជអាវុធហត្ថស្រុកអន្លង់វែង លោកងួន ទ្ធីរិទ្ធបានមានប្រសាសន៍ថា ឈើគ្រញូងប្រហែលជាង ២០០០គីឡូក្រាមត្រូវបានកងកម្លាំងចំរុះរួមមាន កងរាជអាវុធហត្ថ នគរបាល មន្ត្រីរដ្ឋបាលព្រៃឈើ និងតំណាងព្រះរាជអាជ្ញាតុលាការខេត្ត ខណៈពេលពួកគេឆ្មក់ចូលទៅក្នុងផ្ទះមានទីតាំងស្ថិតនៅភូមិ ស្លែងពរ ឃុំត្រពាំងទាវ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១២ប្រហែលជាម៉ោង ៣:៣០នាទីរសៀល។
លោកបន្ថែមថា ម្ចាស់ផ្ទះបានរត់គេចខ្លួន ខណៈពេលអាជ្ញាធរមានសមត្ថកិច្ចកំពុងឆ្មក់ចូលទៅក្នុងផ្ទះ។ បច្ចុប្បន្នប៉ូលីសកំពុងស្វែងរកចាប់ខ្លួន។
ភ្នំពេញ ប៉ុស្តិ៍

