ឧត្តរមានជ័យៈ ឈើគ្រញូងទម្ងន់ប្រហែល២តោន និងរថយន្តកាមរីមួយគ្រឿងត្រូវសមត្ថកិច្ចស្រុកអន្លង់វែងអះអាងថា ត្រូវបានចាប់រឹបអូសយកដោយកម្លាំងសមត្ថកិច្ចចម្រុះនៅក្នុង ស្រុកនេះ កាលពីថ្ងៃពុធ។
លោក ងួន ធីរិទ្ធិ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថា ឈើគ្រញូងទម្ងន់ប្រហែល២តោន ត្រូវរឹបអូសដោយកងកម្លាំងចម្រុះ រួមមានកងរាជអាវុធហត្ថ នគរបាល មន្ទីររុក្ខាប្រមាញ់ និងព្រះរាជអាជ្ញាអមតុលាការខេត្ត ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបផ្ទះមួយ នៅក្នុងភូមិស្លែងពណ៌ ឃុំត្រពាំងតាវស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ។
លោកបញ្ជាក់ថា ម្ចាស់ផ្ទះបានរត់គេចបាត់ ខណៈអាជ្ញាធរឆ្មក់ចូលឆែកឆេរ ឥឡូវនេះនគរបាលកំពុងស្វែងរកចាប់ខ្លួន។
លោកបន្តថា ៖ «វាហាក់ដូចជាគេបានដឹងពីសកម្មភាពនៃការឆ្មក់បង្ក្រាបរបស់យើងជាមុន»។
លោកថា តាមការស៊ើបអង្កេតម្ចាស់ផ្ទះនិងឈើប្រណីតទាំងនេះមិនមែនជា របស់អ្នកនៅភូមិស្លែងពណ៌ទេ តែអាចជាអ្នករស់នៅខេត្តផ្សេង។លោកថ្លែងថា៖«មកដល់ពេលនេះ ក្រុមជនល្មើសជាម្ចាស់ផ្ទះនេះយើងនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយ តែយើងកំពុងស្វែងរកចាប់ខ្លួនពួកគេ»។
ពាក់ព័ន្ធនឹងការរឹបអូសឈើនិងរថយន្តនេះ លោក ងួន ធីរិទ្ធិ ថ្លែងថារថយន្តនិងឈើប្រណីតទាំងនេះ ឥឡូវត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ននៅមន្ទីររុក្ខា ប្រមាញ់ខេត្តដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។
លោក កុយ កាន់យ៉ា ព្រះរាជអាជ្ញាអមតុលាការខេត្តឧត្តរមានជ័យ និងលោក កូន ឌី ប្រធានមន្ទីររុក្ខាប្រមាញ់ខេត្ត មិនអាចទាក់ទងសុំការធ្វើអធិប្បាយបានទេ កាលពីម្សិលមិញ៕ PN
ភ្នំពេញ ប៉ុស្តិ៍

