ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានធ្វើការវិនិយោគបន្ថែមជិត២លានដុល្លារលើប្រព័ន្ធបច្ចេកវិទ្យានិងការដំឡើងម៉ាស៊ីន ATM សម្រាប់អតិថិជនរបស់ខ្លួន ដែលការបំពាក់ម៉ាស៊ីន ATM នឹងចាប់ផ្តើមចុងឆ្នាំនេះ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហត្ថាកសិករបានចុះកិច្ចព្រមព្រៀងទិញបច្ចេកវិទ្យានេះពី BPC Banking Technology ។
លោក ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ និយាយថា ហត្ថាកសិករដែលមានប្រាក់បញ្ញើ សរុបជិត ៣២លានដុល្លារ នឹងកា្លយជាគ្រឹះស្ថានមីក្រូហិរញ្ញដំបូងគេដែលដាក់ឲ្យដំណើរ ការប្រព័ន្ធ SmartVista ក្នុងវិស័យធនាគារដែលគេប្រើប្រាស់នៅក្នុងពិភពលោក។ លោកបន្តថា៖ «ម៉ាស៊ីន ATM ដែលយើងជ្រើសរើសនេះជាម៉ាស៊ីនដែលចេញចុងក្រោយបំផុត នាំមកពីប្រទេសអាល្លឺម៉ង់។ ខ្ញុំហាននិយាយថា នៅក្នុងស្រុកខ្មែរ ធនាគារពាណិជ្ជទាំងអស់មិនទាន់មានម៉ាស៊ីននេះប្រើនៅឡើយទេ»។
ម៉ាស៊ីន ATM ចំនួន១៣គ្រឿងនឹងត្រូវដំឡើងនៅចុងឆ្នាំនេះ ដែលមាននៅក្រុងភ្នំពេញ និង ខេត្តដែលមានអាជីវកម្មរីកចម្រើនដូចជា សៀមរាប ខេត្តព្រះសីហនុ និងកំពង់ចាម ហើយឆ្នាំបន្ទាប់នឹងត្រូវដំឡើងនៅទូទាំងប្រទេស។ លោកថ្លែងថា៖ «ហត្ថាកសិករនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ ១៣គ្រឿងសិន ព្រោះថវិការបស់យើងមានកំណត់»។
លោក Naltoly Loginov ប្រធានក្រុមប្រឹក្សាភិបាលនៃ BPCបាននិយាយក្រោយពីចុះហត្ថលេខាថា ក្រុមហ៊ុនរបស់លោកផ្តល់បច្ចេកវិទ្យាលើកដំបូងដល់អតិថិជននៅ កម្ពុជា ហើយ លោកក៏មើលឃើញពីសក្តានុពលនៅទីផ្សារកម្ពុជាផងដែរ ព្រោះមានធនាគារច្រើន តែការបើកការិយាល័យនៅកម្ពុជានៅប្រើពេលច្រើនទៀត។
BPC បានផ្គត់ផ្គង់សេវាកម្មដល់អតិថិជនចំនួន៩៣ធនាគារនៅប្រទេស៣១ក្នុងពិភពលោក។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏នឹងដាក់ឲ្យដំណើរការម៉ាស៊ីន ATM ចំនួន៣០គ្រឿង នៅចុងខែកក្កដា ឬដើមខែសីហា ក្នុងនោះ១៥គ្រឿងដាក់នៅភ្នំពេញ និង១៥ទៀតដាក់ឲ្យដំណើរការនៅតាមបណ្តាខេត្ត។
លោក ប៉ាល់ ប៊ុយបុណ្ណាង អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាឲ្យដឹងថា កម្ពុជាមាន ធនាគារពាណិជ្ជចំនួន៣២ ធនាគារឯកទេសចំនួន៧ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣២ តែមានតែគ្រិះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីអតិថិជន។
លោក ប៊ុន មុនី ប្រធាននាយកប្រតិបត្តិ គ្រិះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា លីមីតធីត និយាយថា ការដំឡើងម៉ាស៊ីន ATM នឹងជួយទាក់ទាញអតិថិជនបន្ថែម តែលោកនៅមិនទាន់បានគិតទៅដល់ការដំឡើងម៉ាស៊ីន ATM នៅឡើយទេ ដោយសារអតិថិជនរបស់លោកភាគច្រើននៅតាមទីជនបទ។ លោកបន្តថា ៣០ ភាគរយនៅទីប្រជុំជន និង ៧០ភាគរយនៅតាមទីជនបទ ហើយ ស្ថាបនាទទួលបានប្រាក់បញ្ញើជាង៥០លានដុល្លារពីអតិថិជន ដែលមានជិត៤ម៉ឺននាក់រហូតដល់ពេលនេះ។
លោកបន្តថា៖ «យើងមិនទាន់គិត ព្រោះវាមិនប្រញាប់ពេកសម្រាប់ម៉ាស៊ីនទំនើបនោះ។ ខ្ញុំយល់ថា ម៉ាស៊ីន ATM ពេញនិយមប្រើតែនៅក្នុងទីក្រុង ព្រោះប្រជាជនមានចំណេះដឹងខ្ពស់ តែអតិថិជនរបស់ស្ថាបនាមានអតិថិជនភាគច្រើននៅតាមជនបទ»។
វិស័យហិរញ្ញវត្ថុនៅក្នុងកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើននឹងនៅមានឱកាសច្រើន៕
ភ្នំពេញ ប៉ុស្តិ៍







