Headlines:

បក្ស​រាជានិយម​ពីរ​ទុក​រណឫទ្ធិ​ក្រៅ​ឆាក

120720_05
ព្រះអង្គម្ចាស់ នរោត្តម​ រណឫទ្ធិ​ ប្រធាន​បក្ស​ នរោត្តម​ រណឫទ្ធិ​​។ ហុង មិនា

ក្រុម​មន្រ្តី បាន​និយាយ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ គណបក្ស​នរោត្តម រណឫទ្ធិ អាច​ច្របាច់​បញ្ចូល​គ្នា​ដោយ​គ្មាន​វត្តមាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ បន្ទាប់​ពី​ព្រះអង្គ បាន​ច្រាន​ចោល​កិច្ច​ប្រជុំ​ជា​មួយ​លោក ញឹក ប៊ុនឆៃ ដើម្បី​ពិភាក្សា​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មួយ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​មុន ចាក​ចេញ​ទៅ​ចិន​ថា គណបក្ស​របស់​លោក​និង​គណបក្ស នរត្តម រណឫទ្ធិ កំពុង​តែ​រៀបចំ​សមាជិក​របស់​ខ្លួន​ចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​មេដឹកនាំ​បក្ស​ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​រស់​ក្រោម​ឆត្រ​របស់​គណបក្ស ហ៊្វិនស៊ិនប៉ិច​តែ​មួយ បន្ទាប់​ពី​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​ច្រានចោល​កិច្ចចរចា​ស្តី​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង បក្ស​ទាំង​ពីរ​កាល​ពី​ខែ​មុន​។

លោក ញឹក ប៊ុន ឆៃ បាន​បញ្ជាក់​ថា​៖ «​ដូច​ដែល​ខ្ញុំ បាន​ឃើញ មេ​ដឹក​នាំ​បក្ស ៨០​ភាគរយ​ចង់​ច្របាច់​បញ្ចូល​គ្នា​។ ដូច្នេះ ខ្ញុំ សង្ឃឹម​ថា ដំណើរ​ការ​នៃ​ការ​រួបរួម​គ្នា​នេះ អាច​ធ្វើ​ទៅ​បាន​»។

លោក ញឹក ប៊ុន​ឆៃ បាន​អះអាង​ថា បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​រួម​នៃ​ការ​រួបរួម​គ្នា​ដែល​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ក្រោម​ការ​សម្រប​សម្រួល​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ទទួល​បរាជ័យ ក្រុម​មេ​ដឹក​នាំ​គណបក្ស នរោត្តម រណឫទ្ធិ​ បាន​ប្រជុំ​គ្នា​ដើម្បី​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​នេះ ដោយ​អះអាង​ថា គាត់ មិន​បាន​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​នេះ​ទេ ហើយ​ថា ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ចាប់​ពី​ឥឡូវ​នេះ​ទៅ​ប្រជាប្រិយភាព​របស់​ព្រះ​អង្គ បាន​ និង​កំពុង​ធ្លាក់​ចុះ​។

លោក សៅ រ៉ានី សមាជិក​សភា​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អគ្គលេខាធិការ​បក្ស បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​មេដឹកនាំ និង​សមាជិក​គណ​បក្សលោក  នៅ​មូលដ្ឋាន បាន​ឯកភាព​រួបរួម​គ្នា​ជាមួយ​ហ៊្វុនស៊ិនប៉ិច​ក្នុង​ពេល​ឆាប់ៗ​នេះ ​ដោយ​មិន​ចាំបាច់​មាន​ទ្រង់​រណឫទ្ធិ ហើយ​ថា តាង​នាម​អគ្គ​លេខាធិការ​បក្ស នរោត្តម រណឫទ្ធិ លោក និង​អគ្គលេខា​រង​៦​រូប​ផ្សេង​ទៀត បាន​សរសេរ​លិខិត​ថ្វាយ​សម្តេច​ឪនរោត្តម សីហនុកាល​ពី​ថ្ងៃ​ចន្ទ​ទី១៦​ដោយ​ស្នើ​ព្រះ​អង្គ​បញ្ចុះ​បញ្ចូល​ទ្រង់​រណឫទ្ធិ​ឲ្យ​លាលែង​ពី​នយោបាយ​ជា​មុន​សិន​។

លោក បាន​អះអាង​ថា​ ការ​ច្របាច់​បញ្ចូល​គ្នា​រវាង គណបក្ស​ នរោត្តម​ រណឫទ្ធិ​ និង​ហ៊្វុនស៊ិនប៉ិច ត្រូវ​តែ​បន្ត​យោង​តាម​កិច្ចព្រមព្រៀង​រួម​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ក្រោម​ការ​សម្រប​សម្រួល​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប៉ុន្តែ​ថា ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដរាប​ណា​ទ្រង់​រណឫទ្ធិ នៅ​តែ​ជា​ប្រធាន​គណបក្ស​នោះ​។ ប៉ុន្តែ​លោក សៅ រ៉ានី បាន​អះអាង​ថា បន្ទាប់​ពី​គណបក្ស​រាជា​និយម​ទាំង​ពីរ បាន​រួប​រួម​គ្នា​ដោយ​រស់​នៅ​ក្រោម​ដំបូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាមួយ​គ្នា គណបក្ស នឹង​យាង​ទ្រង់​រណឫទ្ធិ​ឲ្យ​ដឹក​នាំ​ហ៊្វុនស៊ិនប៉ិច​ម្តង​ទៀត​។

លោក សៅ រ៉ានី បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ យល់​ឃើញ​ថា ​ប្រសិន​បើ​ [យើង​] មិន​រួបរួម​គ្នា​ទេ នោះ​នឹង​ស្លាប់​នៅ​ឆ្នាំ​២០១៣»។

ក្នុង​លិខិត​ឆ្លើយ​តប​មួយ​ពី​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៨ ព្រះ​អង្គម្ចាស់​រណឫទ្ធិ បាន​សង្កត់​ធ្ងន់​ថា ឧបសគ្គ​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ គឺ​មិន​មែន​ដោយ​សារ​តែ​ព្រះ​អង្គ​ទេ ប៉ុន្តែ​ថា ឧបសគ្គ​នេះ គឺ​ដោយ​សារ​វិច្ឆេទកម្ម​របស់​លោក ញឹក ប៊ុនឆៃ។

លិខិត​របស់​ទ្រង់​រណឫទ្ធិ បាន​សរសេរ​ថា​៖ «​ជា​បឋម​ ខ្ញុំ សូម​រំឭក​ជូន​ឯកឧត្តម​ឲ្យ​បាន​ជ្រាប​ថា ការ​ផ្តួចផ្តើម​នៃ​ការ​បង្រួប​បង្រួម រវាង​គណបក្ស​នរោត្តម រណឫទ្ធិ និង​ហ៊្វុនស៊ិនប៉ិច​ថា វា ពិត​ណាស់​ស្តែង​ចេញ​ពី​ឆន្ទៈ​របស់​ខ្ញុំ​។ ខ្ញុំ បាន​ព្យាយាម​ជម្នះ​គ្រប់​ឧបសគ្គ​និង​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ទទួល ការ​សម្រប​សម្រួល​នេះ​ និង​ឧបត្ថម្ភ​ដោយ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី [ហ៊ុន សែន​] ​ដើម្បី​ឈាន​ទៅ​ទទួល​បាន​ការ​ចុះ​​ហត្ថលេខា​រួម​នា​ថ្ងៃ​ទី​២៤​ខែ​ឧសភា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព»។

ទន្ទឹម​គ្នា​នេះ​ដែរ ទ្រង់​រណឫទ្ធិ បាន​ព្រមាន​ថា លោក សៅ រ៉ានី មិន​អាច​យក​គណបក្ស​នរោត្តម​ រណឫទ្ធិ របស់​ព្រះ​អង្គ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ចរចា​បាន​ទេ រាល់​លទ្ធផល​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ចរចារ​វាង​លោក សៅ រ៉ានី និង​បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​មិន​ត្រូវ​ទទួល​ស្គាល់​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក សៅ រ៉ានី បាន​អះអាង​ថា គណបក្ស​រាជា​និយម​ទាំង​ពីរ ត្រូវ​តែ​ច្របាច់​បញ្ចូល​គ្នា​ ប៉ុន្តែ​មិន​បាន​ប្រាប់​កាល​បរិច្ឆេទ​ជាក់​លាក់​ណាមួយ​ទេ ហើយ​បាន​អះអាង​ថា វា​មិន​មែន​ជា​ការ​ផ្តាច់​ខ្លួន​ទេ វា​គ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​និង​មធ្យោបាយ​នៃ​ច្របាច់​បញ្ចូល​គ្នា​តែ​ប៉ុណ្ណោះ៕ NR



This content has been locked. You can no longer post any comments.
Show/hide comments
...
No need to waste your time. I know you just think of the benefit to you, not the country. United or not both of the party will end by 2013 unless cpp want to keep....
khmer boy on July 20, 2012 Report
vote down vote up Votes: 0
...
នេះជាការរោបចំរបស់ប
សំរែ on July 20, 2012 Report
vote down vote up Votes: 0
busy