Headlines:

ក្រសួង​អប់រំ​ស្នើ​នាយក​រដ្ឋ​មន្ត្រី​បិទ​សាលា

មន្រ្តី​ក្រសួង​អប់រំ​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ​ក្រសួង​បាន​ចេញ​លិខិត​មួយ​ទៅ​ឲ្យ​សាលា​បឋម​សិក្សា និង​មត្តេយ្យ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បិទ​ទ្វារ​បន្ទាប់​ពី ពួក​គេ​ទទួល​​បាន​របាយការណ៍ និង​ស្ថិតិ​នៃ​ការ​ស្លាប់​កុមារ​ដោយសារ​ជំងឺ​ EV71 ​ពី​ក្រសួង​សុខាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

លោក ប៉ែន សារឿន ប្រធាន​នាយកដ្ឋាន​សុខភាព​សម្រាប់​សាលារៀន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បន្ទាប់​ពី​ពួក​គេ​បាន​ឃើញ​របាយការណ៍​អំពី​ជំងឺ​នោះ និង​របាយការណ៍​ពី​ក្រសួង​សុខាភិបាល ពួក​គេ​មាន​ការ​បារម្ភ​អំពី​សុខភាព​កុមារ​នៅ​តាម​សាលា ហើយ​នេះ​ជា​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​ការ​បិទ​សាលា​មុន​វិស្សមកាល។

លោក​បន្ត​ថា​៖ «បន្ទាប់​ពី​យើង​ទទួល​បាន​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​ក្រសួង​សុខាភិបាល និង​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) អំពី​ជំងឺ​ EV-71 ​និង​ទទួល​ព័ត៌មាន​ផង​ដែរ​ពី​គ្រូ​នៅ​បណ្តា​ខេត្ត​នានា ដែល​បារម្ភ​អំពី​ជំងឺ​នេះ ​យើង​បាន​សម្រេច​ចិត្ត​បញ្ជូន​របាយការណ៍​នោះ និង​ក្តី​បារម្ភ​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី​ដើម្បី​ស្នើ​សុំ​អនុសាសន៍ អំពី​ករណី​នេះ»។

លោក ប៉ែន សារឿន និយាយ​ថា​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​បាន​ដាក់​សំណើ​នោះ​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជាមួយ​របាយការណ៍ ហើយ​បន្ទាប់​មក​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចារ​មក​វិញ​អនុញ្ញាត​ឲ្យ​សិស្ស​សាលា​ទាំង​នោះ​ឈប់​មុន​ វិស្សមកាល ដោយ​សារ​វិស្សមកាល​របស់​ពួក​គេ​ក៏​ជិត​មក​ដល់​ដែរ។

លោក សារឿន បន្ត​ទៀត​ថា​៖ «យើង​មិន​បាន​ជួប​ផ្ទាល់​ទល់​មុខ​ជាមួយ​មន្រ្តី​ក្រសួង​សុខាភិបាល និង​មន្រ្តី​អង្គការ​សុខភាព​ពិភពលោក​ទេ ប៉ុន្តែ​យើង​បាន​ទទួល​របាយការណ៍​នោះ​ពី​ក្រសួង​សុខាភិបាល អង្គការ​សុខភាព​ពិភព​លោក ​និង​សាលា​មួយ​ចំនួន​តាម​បណ្តា​ខេត្ត​នានា​អំពី​ជំងឺ​នេះ នោះ​ហើយ​ជា​ហេតុផល​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​បាន​សម្រេច បញ្ជូន​របស់​របាយការណ៍​នោះ​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ហើយ​លោក​នាយក​រដ្ឋ​មន្រ្តី បាន​ចារ​មក​យើង​វិញ​ឯកភាព​ឲ្យ​បិទ​សាលា​នៅ​មុន​វិស្សមកាល​»។

ទន្ទឹម​នេះ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ពាក្យ​ចចាម​អារ៉ាម​ថា ឲ្យ​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ដើម្បី​ចៀស​ពី​ជំងឺ EV-71 ដែល​សម្លាប់​កុមារ​នេះ​។

លោក ស៊ី សាវី អធិការ​នគរបាល​ស្រុក​មង្គល​បុរី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​លោក​បាន​ឮ​អំពី​ពាក្យ​ចចាម​អារ៉ាម​នៃ​ការ​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​លាយ​ ជាមួយ​ទឹក​ឃ្មុំ​ដើម្បី​ចៀស​ពី​ជំងឺ EV-71 ​នេះ​  ហើយ​ឥឡូវ​លោក​កំពុង​ធ្វើ​ការ​ស្វែងរក​អ្នក​ដែល​បង្ក​ឲ្យ​កើត​ពាក្យ​នេះ​។

លោក ជីវ ឡា  ដែល​ជា​ឪពុក​មាន​កូន​ពីរ​នាក់ ដែល​បាន​ឲ្យ​កូន​របស់​គាត់​ផឹក​ភេសជ្ជៈ​បែប​នេះ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​រក​ស៊ី​លក់​ដូរ​របស់​លោក​មាន​ភាព​កាក់កប​ប្រសើរ​ខ្លាំង ប៉ុន្មាន​ថ្ងៃ​នេះ ដោយ​លក់​ដាច់​អស់​នូវ​ភេសជ្ជៈ​ប៉ូវ​កម្លាំង។

លោក​បន្ត​ថា​ កន្លង​មក​មិន​សូវ​មាន​នរណា​មក​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់​លោក​សោះ ​ប៉ុន្តែ​កាល​ពី​ដើម​សប្តាហ៍​នេះ​ លោក​មាន​អ្នក​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ជាង​សប្តាហ៍​មុនៗ​៕ PS



This content has been locked. You can no longer post any comments.
Show/hide comments
busy