ខណៈពេលដែលអង្គការសហប្រជាជាតិបរាជ័យក្នុងការបញ្ឈប់ការបង្ហូរឈាមនៅប្រទេសស៊ីរីកាលពីថ្ងៃម្សិលមិញមក ក្រុមពួកបះបោរបានប្រញាប់ប្រញាល់កាន់កាប់ព្រំដែន ហើយធ្វើការវាយប្រហារនៅទីក្រុង Damascus ដែលរឹតតែបានបង្កភាពគ្រោះថ្នាក់ ដែលលោកប្រធាបធិបតី Bashar al-Assad នឹងធ្វើការសងសឹកដោយអាវុធគីមី។
យោងទៅតាមការរាយការណ៍របស់ទូរទស្សន៍ Al Arabiya បានឲ្យដឹងថា ក្រុមអ្នកប្រឆាំងស៊ីរីបានផ្ទុះការវាយប្រហារជាមួយកងកម្លាំងសន្តិសុខ ស៊ីរី ១៥ថ្ងៃមកហើយកាលពីម្សិលមិញ និងបានដណ្តើមបានការកាន់កាប់ព្រំដែនបីជាមួយប្រទេស ទួរគី និងមួយជាមួយប្រទេសអ៊ីរ៉ាក់។
នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទីក្រុង ញ៉ូយ៉កវិញ ប្រទេសរូស្ស៊ីបានប្រើសិទ្ធិVeto ក្នុងការបង្អាក់នូវសេចក្តីព្រាងដំណោះស្រាយ ដែលកំពុងគំរាមដល់របបគ្រប់គ្រងស៊ីរីជាមួយនឹងទណ្ឌកម្ម។ ខណៈពេលកិច្ចប្រឹងប្រែងសន្តិភាពអន្តរជាតិឈានដល់ដំណាក់កាលចុងក្រោយ កងកម្លាំងរបស់លោក Assad បានវាយបកមកកំទេចកន្លែងលាក់ខ្លួនរបស់ក្រុមបះបោរ ដែលបានសម្លាប់មនុស្សជាន់ខ្ពស់៣នាក់របស់លោក Assad។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានប្រាប់ក្រុមប្រឹក្សាកាលពីម្សិលមិញថា «អំណាចរបបនេះ បើគិតពីការប្រើប្រាស់អាវុធគីមីមកលើប្រជាជនខ្លួន គួរតែជាក្តីបារម្ភសម្រាប់យើងទាំងអស់គ្នា»។Reuter/ លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

