Headlines:

ទេសចរ​ថៃ​ទស្សនា​ខេត្ត​ឧត្តរមានជ័យ​កើន

ឧត្តរមានជ័យៈ ចំនួន​ភ្ញៀវ​ជនជាតិ​ថៃ ដែល​បាន​ចូល​មក​ទស្សនា​ស្រុក​អន្លង់វែង ក្នុង​ខេត្ត​ឧត្តរមានជ័យ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​បាន កើន​ឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ​បណ្តោះ​អាសន្ន​នៃ​កាស៊ីណូ​ និង ​សណ្ឋាគារ​នៅ​ជាប់​ច្រក​ជាំ។ នេះ​បើ​តាម​មន្ត្រី​ច្រក​ព្រំដែន។

លោក ​នេត្រ​ ដារ៉ា ប្រធាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រក​ជាំ​ក្នុង​ស្រុក​អន្លង់វែង បាន​និយាយ​ថា ​បន្ទាប់​ពី​កាស៊ីណូ​បើក​ដំណើរ​ការ​បណ្តោះ​អាសន្ន​កាល​ពី​ខែ​កុម្ភៈ ​មក​ រហូត​មក​ទល់​ពេល​នេះ​ចំនួន​ភ្ញៀវ​ថៃ​ចូល​មក​កាន់​កម្ពុជា​មាន​ច្រើន​ គួរ​ឲ្យ​កត់​សម្គាល់។ លោក​បន្ត​ថា​ ភ្ញៀវ​ជន​ជាតិ​ថៃ​ជា​មធ្យម​ពី​៤០០​ទៅ​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ចូល​មក ​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ ​កម្សាន្ត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ តាម​ច្រក​ជាំ​នេះ​ ដោយ​កើន​ឡើង​យ៉ាង​ច្រើន​បើ​ធៀប​នឹង​ស្ថានភាព​នៅ​មុន​ពេល​មាន​ការ​សាងសង់​សណ្ឋាគារ និង​កាស៊ីណូ​។

លោក​បន្ថែម​ថា​ មុន​ការ​បើក​កាស៊ីណូ និង​សណ្ឋាគារ​ ចំនួន​ភ្ញៀវ​ទេសចរ​ថៃ​ដែល​ចូល​មក​កម្ពុជា​មាន​ប្រហែល​១០០​នាក់​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​។ លោក​ថ្លែង​ថា​៖ ​«បើ​យើង​ធៀប​កាល​មិន​ទាន់​មាន​កាស៊ីណូ​ ចំនួន​អ្នក​ចូល​មក​តិច​ណាស់​។ ​ភ្ញៀវ​ចូល​មក​តែ​ថ្ងៃ​ព្រហស្បតិ៍និង ថ្ងៃ​អាទិត្យ​ទេ​ ក្រៅ​ពី​​នោះ​តិចតួច​ណាស់​»។  ​លោក​បន្ថែម​ថា ទី​តាំង​នោះ​នឹង​កាន់​តែ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន​ទៀត​ពី​សំណាក់ ភ្ញៀវ​ក្នុង​ស្រុក​ និង​ភ្ញៀវ​ថៃ។

លោក លឹម ហេង ​អ្នក​វិនិយោគ​សម្រាប់​ការ​សាង​សង់​កាស៊ីណូ ​និង​​សណ្ឋាគារ​កម្ពស់​ជាង​ ១០​ជាន់​នៅ​ជាប់​ច្រក​ជាំ ​ដែល​បាន​ដាក់​ដំណើរ​ការ​បណ្តោះ​អាសន្ន​កាលពី​ខែ​មករា​ឆ្នាំ​២០១២ ​ចំ​ថ្ងៃ​ចូល​​ឆ្នាំ​ចិន​នោះ​បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ដំណើរ​ការ​ទៅ​មុខ​មាន​កម្រិត​ ព្រោះ​ការ​សាង​សង់​សំណង់​អគារ​នៅ​មិន​ទាន់​ចប់។ លោក​បន្ត​ថា​៖ ​«វា​មិន​ទាន់​ណាស់​ណា​ទេ​ តែ​វា​​អាច​ដំណើរ​ការ​ខ្លះ​ៗ​ដែរ។ ភ្ញៀវ​មក​ពី​ថៃ​ទាំងអស់»។

គម្រោង​វិនិយោគ​កាស៊ីណូ​ និង​សណ្ឋាគារ​ក្នុង​ដំណាក់​កាល​ដំបូង មាន​ទឹក​ប្រាក់​៥០​លាន​ដុល្លារ តែ​រហូត​ដល់​ពេល​នេះ​ម្ចាស់​គម្រោង​វិនិ​យោគ​មិន​ទាន់​បាន​បង្ហាញ​តួលេខ​ ផ្លូវ​ការ​នៅ​​ឡើយ​ទេ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy