ក្រុងបាដាត: មនុស្ស១១៦នាក់ត្រូវបានស្លាប់ នៅក្នុងការវាយ ប្រហារដោយគ្រាប់បែក និងកាំភ្លើងនៅអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីមនុស្ស២០នាក់ បានស្លាប់នៅក្នុងការផ្ទុះជាច្រើន នៅក្នុងការកើនឡើងនូវអំពើហិង្សាប្រឆាំងនឹងគោលដៅមូស្លីមនិកាយស៊ីអ៊ីតភាគច្រើន។
ការបង្ហូរឈាមដែលកើតឡើងជួនគ្នានឹងការកើនឡើងនូវជម្លោះនៅស៊ីរី ដែលជាអ្នកជិតខាង បានបង្ហាញពីការខ្សោយនៃកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលមិនបានទប់ស្កាត់ការបះបោរមិនឲ្យវាយប្រហារលើតំបន់ជា ច្រើនទូទាំងប្រទេស។
ប្រភពមន្ទីរពេទ្យនិងប៉ូលិសបាន និយាយថា ដោយមានអ្នកស្លាប់ច្រើន មនុស្សយ៉ាងចិត២៦៨នាក់បានរងរបួសពីការបំផ្ទុះគ្រាប់បែកនិងបាញ់ ប្រហារនៅក្នុងតំបន់ខាងនិកាយស៊ីអ៊ីតនៃក្រុងបាដាត ទីប្រជុំជនតាជីនិកាយស៊ីអ៊ីតនៅភាគខាងជើង ក្រុងគើគួកភាគខាងជើង និងក្រុងម៉ូស៊ូល ព្រមទាំងកន្លែងជាច្រើនទៀត ធ្វើឲ្យវាក្លាយជាថ្ងៃមួយបង្ហូរឈាមបំផុតនៅអ៊ីរ៉ាក់នៅក្នុង ប៉ុន្មានសប្ដាហ៍នេះ។
គ្មានក្រុមណាមួយបានអះអាងទទួលខុសត្រូវចំពោះរលកនៃការវាយ ប្រហារនេះទេ ប៉ុន្តែមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ាក់បានស្តី បន្ទោស ក្រុមអាល់កៃដាក្នុងតំបន់ ដែលបានបង្កើតក្រុមសកម្មប្រយុទ្ធមូស្លីមនិកាយស៊ុននីប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយនិកាយស៊ីអ៊ីតដែលជាមិត្តភក្តិអ៊ីរ៉ង់។
ដោយសុំមិនប្រាប់ឈ្មោះ មន្ត្រីរូបនេះបាននិយាយថា៖ «ការវាយប្រហារថ្មីៗគឺជាសារច្បាស់មួយថា អាល់កៃដានៅអ៊ីរ៉ាក់បានតាំងចិត្តធ្វើសង្គ្រាមបង្ហូរឈាមនិកាយ»។
មន្ត្រីរូបនេះបាននិយាយថា៖ «ជាមួយអ្វីដែលកំពុងកើតមាននៅស៊ីរី ការវាយប្រហារទាំងនេះគេ គួរតែច្បាស់លាស់ថា ជាការគំរាមជាសក្ដានុពលចំពោះប្រទេសយើង។ ក្រុមអាល់កៃដាកំពុងព្យាយាមរុញអ៊ីរ៉ាក់ឲ្យខិតទៅក្បែរមាត់ជ្រោះនៃសង្គ្រាមនិកាយស៊ីអ៊ីត និងនិកាយស៊ុននី។ ពួកគេ ចង់ឲ្យអ្វីៗអាក្រក់ដូចនៅស៊ីរី»។
ប្រទេសអ៊ីរ៉ាក់ដែលមានខេត្តវាលខ្សាច់ អាន់បារ ជាទឹកដីកំណើតរបស់និកាយស៊ុននីជាប់នឹងស៊ីរីនោះ មានការភ័យខ្លាំងពីឥទ្ធិពលនៃជម្លោះនៅក្នុងប្រទេសជិតខាងខ្លួន ដែលក្រុមឧទ្ទាមនិកាយស៊ុននីភាគច្រើនកំពុងតែប្រយុទ្ធដើម្បី បញ្ចប់ការគ្រប់គ្រងពីនិកាយអាឡាវីត របស់លោកអាសាដ។
រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបដិសេធការអំពាវនាវរបស់សម្ព័ន្ធអារ៉ាប់សុំឲ្យលោកអាសាដ ចេញពីអំណាចដោយនិយាយថា វាគឺមានតែពលរដ្ឋស៊ីរីប៉ុណ្ណោះ ដែលអាចសម្រេចពីជោគវាសនាប្រធានាធិបតីរូបនេះទេ ហើយអ្នកដទៃ«មិនគួរជ្រៀតជ្រែកទេ»៕ PN
ភ្នំពេញ ប៉ុស្តិ៍







