Headlines:

ភ្លើង​ឆេះ​ព្រៃ​នៅ​អេស្ប៉ាញ ហួស​ពី​ការ​គ្រប់គ្រង

120725_18a
ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គិភ័យ ទម្លាក់​ទឹក​ក្នុង​អំឡុង​ពេល​ភ្លើង​ឆេះ​ព្រៃនៅ​តំបន់​តារ៉ាដេស ក្នុង​ខេត្ត​ជី​រ៉ូ​ណា ភាគ​ខាង​ជើងរបស់​អេស្ប៉ាញ។ Reuters

ក្រុង​ម៉ាទ្រីតៈ ក្រុម​អាជ្ញាធរ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ពីរ​កន្លែង ដែល​កំពុង​ឆេះ​ពេញ​បន្ទុក​នៅ​តំបន់​ព្រំ​ដែន​រវាង​ប្រទេស​បារាំង​ និង​រដ្ឋ​កាតាឡូនី ភាគ​ខាង​ជើង​អេស្ប៉ាញ​ បាន​សម្លាប់​មនុស្ស​៤​នាក់ ខណៈ​ខ្យល់​បក់​ខុស​ប្រ​ក្រតី​ បាន​រារាំង​ដល់​កិច្ច​ប្រឹង​ប្រែង​គ្រប់គ្រង​អគ្គិភ័យ​នេះ។

ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ ដោយ​កំពុង​ប៉ះពាល់​តំបន់​កូស្តា ប្រាវ៉ា ដែល​ជា​គោលដៅ​ឆ្នេរ​ខ្សាច់ដ៏​មាន​ប្រជាប្រិយ​មួយ​របស់​ប្រទេស​នេះ ក៏​ដូច​ជាផ្លូវ​ធំ​មួយ​ដែល​គេ​ប្រើ​ប្រាស់​សម្រាប់​អ្នក​កម្សាន្ត​វិស្សមកាល បើក​បរ​ទៅ និង​មក​ភាគ​ខាង​ត្បូង​បារាំង។ ផេះ​ពីភ្លើង​ឆេះ​ព្រៃ​នេះ ក៏ បាន​ចាប់​ផ្តើម​ហុយ​ធ្លាក់​ទៅ​ដល់​តំបន់​បាសេឡោន​ដែរ។

ភ្លើង​ឆេះ​ព្រៃ​នោះ​ ក៏បាន​ឆេះនៅ​ក្នុង​តំបន់​ច្រើន​ទៀត នៅ​ភាគ​ខាង​ត្បូង​អឺរ៉ុប​ដែរ កាល​ពី​មួយ-ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ ប្រទេស​ក្រូអាស៊ី  បាន​ជម្លៀស​អ្នក​ទេសចរ​ នៅ​ក្បែរ​ ភូមិ​ឆ្នេរ​សមុទ្រ​មួយ ហើយ​ផ្សែង​ដ៏​ក្រាស់​ បាន​បង្ខំ​ឲ្យ​បិទ​ផ្លូវ​ធំ​ដែល​ ភ្ជាប់​ទៅ​តំបន់​អាទ្រីយ៉ាទិក ភាគ ខាង​ជើង​និង​កណ្តាល​។ កាល​ពី​ សប្តាហ៍​មុន​ អគ្គិ​ភ័យ​បាន​វាយប្រហារ​ព្រៃ​នៅ​ក្បែរ​ក្រុង​អាថែន​ហើយ ក្រុម​អ្នក​ភូមិ​ត្រូវ​គេ​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន​នៅ​លើ​ជ្រោយ​ម៉ាដេរ៉ា នៃ ប្រទស​ព័រទុយហ្គាល់​។

រដ្ឋការ​ក្នុង​តំបន់​បាន​និយាយ​ថា អគ្គិភ័យ​នៅ​ខេត្ត​ជីរ៉ូណា និង​កាតាឡូនី របស់​អេស្ប៉ាញ​នេះ​គឺជា​ការ​បំផ្លិច​បំផ្លាញ​បំផុត​ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​នេះ ហើយ​ទិន្នន័យ​បរិស្ថាន បង្ហាញ​ថា​ឆ្នាំ​២០១២ គឺជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​នៅ​អេស្ប៉ាញ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ។

រដ្ឋ​ការ​ខេត្ត​កាតាឡូនី​និង​សេវាកម្ម​អគ្គិភ័យ​បាន​និយាយ​ថា  ជន​រងគ្រោះ​ទាំង​៤​នាក់​នោះ ជាជន​ជាតិ​បារាំង។ ជន​រងគ្រោះ​ទី៤ គឺជា បុរស វ័យ​៦៤​ឆ្នាំ ដែល​បាន​ស្លាប់ ដោយ​ភ្លើង​ឆេះ​កាល​ពី​ថ្ងៃ​ចន្ទ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ឪពុក​និង​កូន​ស្រី​អាយុ​១៥​ឆ្នាំ បាន​ស្លាប់​បន្ទាប់​ពី​ព្យាយាម​រត់​គេច​ពី​អណ្តាត​ភ្លើង​ ដោយ​ចុះ​តាម​ច្រាំង​ជ្រោះ​នៅ​ទី ប្រជុំជន​ផតប៊ូ ឆ្នេរ​សមុទ្រ​ដែល​ភ្លើង បាន​​ឆេះ។ បុរស​ម្នាក់ បាន​ស្លាប់ ដោយ​សារ​គាំង​បេះដូង​នៅ​ក្នុង​ទី​ប្រជុំជន​ព្រំដែន​ La Junquera នៅ ឯ​ចំណុច​កណ្តាល​នៃ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​នោះ៕ IN