ស្របពេលដែលកម្ពុជាកំពុងអភិវឌ្ឍ មានវិនិយោគិនជាច្រើនមើលឃើញពីសក្តានុពលក្នុងការប្រកបអាជីវកម្ម។ ជាក់ស្តែង យើងឃើញថា មានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនបានរីកដុះឡើងដូចផ្សិតទូទាំង ប្រទេសកម្ពុជា។ មិនមែនមានត្រឹមតែធនាគារដាក់លុយ ឬខ្ចីលុយប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានធនាគារសត្វទៀតផង ដូចជា ធនាគារក្តាម គោ ជ្រូក និងធនាគារមាន់ជាដើម។ ដែល ធនាគារនោះ គឺវាអាស្រ័យលើតំបន់នោះសម្បូរអ្វី ហើយអាចចិញ្ចឹមអ្វីបានសមប្រកប។
សម្រាប់សប្តាហ៍នេះ LIFT លើកយកធនាគារមួយក្នុងបណ្តារធនាគារខាងលើមកបង្ហាញប្រិយមិត្តអ្នក អាន ដែលទាក់ទិនទៅនឹងតំបន់កម្សាន្ត។ ជាការពិត មានភ្ញៀវទេសចរជាច្រើន មិនថាភ្ញៀវជាតិ ឬអន្តរជាតិទេ ដែលចូលចិត្តទៅកម្សាន្តនៅតំបន់សមុទ្រ បានស្គាល់ ឬក៏ដឹងថា តើអ្វីទៅជាធនាគារក្តាម ហើយធនាគារនេះបង្កើតឡើងក្នុងគោលបំណងអី្វ?
ដើម្បីឲ្យអស់ចម្ងល់លោក ប្រាក់ សាន ជាប្រធានសហគមន៍នេសាទភូមិថ្មីនៃខេត្តកែប បានប្រាប់ទស្សនាវដ្តី LIFT ថា ធនាគារក្តាម គឺជាធនាគារមួយដែលបង្កើតឡើងក្នុងគោលបំណងបង្កើនផលស្តុកក្តាម ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជានេសាទ។ ជាងនេះទៅទៀត ធនាគារក្ដាមបានលើកកម្ពស់ការយល់ដឹងរបស់អ្នកនេសាទលើការអភិរក្ស ធនធានក្តាមក្នុងធម្មជាតិ។
ជាការពិត ធនាគារក្ដាម ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ប្រាក់កម្ចីឥត យកការប្រាក់ដល់ប្រជានេសាទ ដោយគ្រាន់តែសងមកវិញនូវក្តាមសេះញីដែលមានពងកូននៅក្រៅសម្បក មួយចំនួនទៅតាមលក្ខខណ្ឌរបស់សហគមន៍នេសាទនោះជាការស្រេច។ បន្ទាប់ពីកា្តមទាំងអស់ ជម្រុះកូនរួចរាល់ វាត្រូវបានគេ (អ្នកគ្រប់គ្រងធនាគារ)យកទៅលក់ធម្មតា។
រីឯប្រាក់បានពីការលក់នោះ គឺត្រូវយកទៅទ្រទ្រង់ការងាររបស់គណកម្មាការធនាគារក្តាម និងមួយចំនួនទៀតបង្វិលចូលគណនីសហគម។
លក្ខខណ្ឌទាំងនេះ នៅតែត្រូវបានអនុវត្ដរហូតដល់បច្ចុប្បន្ន ហើយបើតាមការសង្កេតផ្ទាល់របស់លោកប្រាក់ សាន បានឲ្យដឹងថា៖ «ពីមួយឆ្នាំ ទៅមួយឆ្នាំ ខ្ញុំឃើញថា ផលក្តាមមានការកើនឡើងជាលំដាប់ នេះបើធៀបនឹងទិន្នផលកាលពីមិនទាន់បង្កើតធនាគារក្តាមនេះ»។
គួរកត់សម្គាល់ថា ធនាគារក្តាមត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលស្ថិតក្រោមជំនួយរបស់អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះថា CORIN-Asia និងមានការសហប្រតិបត្តិការជាមួយរដ្ឋបាលជលផល។
ជាងនេះទៅទៀត គួរដឹងផងដែរថានៅក្នុងពោះក្តាមញីដែលផើមមួយ អាចមានពងកូនក្តាមរហូតដល់ទៅ១លានកូនឯណោះ៕
ភ្នំពេញ ប៉ុស្តិ៍







