ក្រុងអាក្រាៈ ក្រុមមន្រ្តី បាននិយាយថា ប្រធានាធិបតីរបស់ប្រទេសហ្គាណា លោក ចនអាត្តា មីល វ័យ៦៨ឆ្នាំ ដែលទទួលបានការសរសើរពីអន្តរជាតិក្នុងនាមជាមេដឹកនាំប្រទេស លទ្ធិប្រជាធិបតេយ្យគំរូដែលមានស្ថិរភាពនៅទ្វីបអាហ្វ្រិក បានស្លាប់ភ្លាមៗកាលពីថ្ងៃអង្គារ និងត្រូវបានជំនួស ដោយអនុប្រធានាធិបតីរបស់លោកនៅក្នុងប្រទេសផលិតប្រេង មាស និងកាកាវ នៅអាហ្វ្រិកខាងលិចនេះ។
ការស្លាប់ដែលស្មានមិនដល់របស់មេដឹកនាំប្រទេសដាំកាកាវលំដាប់ទី ពីរក្នុងពិភពលោក នេះ បានកើតឡើងប៉ុន្មានខែមុនពេលលោក គ្រោងឈរឈ្មោះបោះឆ្នោតជាថ្មីនៅខែធ្នូ។
ហ្គាណា ក៏ជាប្រទេសផលិតមាសធំនៅអាហ្វ្រិកផងដែរ បានចាប់ផ្តើមបូមប្រេងកាលពីឆ្នាំ២០១០ និងមានកំណើនពីរខ្ទង់នៅឆ្នាំ២០១១ ដោយកែប្រែមុខមាត់របស់ខ្លួន ជាគោលដៅវិនិយោគកាន់តែទាក់ទាញនៅលើទ្វីបនេះ។
សេចក្តីថ្លែងការណ៍មួយដែលបញ្ជូនមករ៉យទ័រដោយការិយាល័យរបស់ប្រធានាធិបតី បានសរសេរថា៖ «វាជារឿងទុក្ខព្រួយមួយ...ដែលយើងប្រកាសពីមរណភាពរបស់ ប្រធានាធិបតីសាធារណរដ្ឋហ្គាណាភ្លាមៗ និងមិននឹកស្មានដល់»។ ក្រុមមន្រ្តី បាននិយាយថា អនុប្រធានាធិបតីលោក ចន ត្រាម៉ានី ម៉ាហាម៉ា បានស្បថចូលកាន់តំណែងជំនួសលោក មីលក្រោមរដ្ឋធម្មនុញ្ញរបស់ហ្គាណា។
ការិយាល័យប្រធានាធិបតី បាននិយាយថា លោកមីល ដែលបានប្រារព្ធខួបកំណើតលើកទី៦៨របស់លោកកាលពីថ្ងៃសៅរ៍ បានស្លាប់មួយ-ពីរម៉ោង បន្ទាប់ពីធ្លាក់ខ្លួនឈឺ ប៉ុន្តែគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។
ជំនួយការម្នាក់របស់ប្រធានាធិបតី បាននិយាយថា លោកប្រធានាធិបតី បានត្អូញឈឺពោះកាលពីយប់ថ្ងៃចន្ទ ហើយបានស្លាប់កាលពីវេលាទៀបភ្លឺនាថ្ងៃអង្គារ៕ NR
ភ្នំពេញ ប៉ុស្តិ៍






