Headlines:

សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ អាច​ក្លាយ​ជា​តំបន់​បេតិកភណ្ឌ សម្រាប់​អភិរក្ស​ផ្ទះ​សម័យ​អាណា​និគម​និយម​បារាំង

ភ្នំពេញៈ សំណង់​សម័យ​អាណា​និគម​នៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កំពុង​ត្រូវ​បាន​គេ​រៀបចំ​អភិរក្ស ក្នុង​គោល​បំណង​ដាក់​សង្កាត់​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​សង្កាត់​បេតិកភណ្ឌ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​តំបន់​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត​។

លោក អើម សុខុន អភិបាល​ក្រុង​បាត់ដំបង បាន​ថ្លែង​ថា ទីក្រុង​បាត់ដំបង មាន​សង្កាត់​ចំនួន​១០​ ដោយ​ក្នុង​ចំណោម​សង្កាត់​ទាំង​នោះ​ យើង​បាន​សម្រេច​ជ្រើសរើស​យក​សង្កាត់​ស្វាយប៉ោ ជា​តំបន់​អភិរក្ស​ផ្ទះ​សល់​ពី​សម័យ​អាណា​និគម​ ព្រោះ​សង្កាត់​នេះ​មាន​នៅ​ផ្ទះ​សល់​ពី​សម័យ​នោះ​យ៉ាង​ច្រើន​។ លោក​បន្ត​ថា ផ្ទះ​សម័យ​អាណា​និគម​ ក្នុង​សង្កាត់​នេះ​នៅ​សល់​ប្រមាណ​ពី៧០០ ទៅ​៨០០​ខ្នង​ផ្ទះ​។

លោក​ សុខុន បាន​និយាយ​ថា៖«​ក្រុម​ការ​ងារ​ជំនាញ​ បាន​រៀបចំ​ប្លង់​គោល​រួច​ហើយ​ ដើម្បី​អភិរក្ស​សំណង់​ទាំង​នោះ ហើយ​បើ​ប្រជាជន​ត្រូវ​ការ​ជួស​ជុល ឬ​វាយ​ចោល​ធ្វើ​ថ្មី​ ត្រូវ​រក្សា​រចនា​ប័ទ្ម​ចាស់​»។

លោក​ប្រាប់​ថា អង្គការ GIZ​ បាន​ជួយ​លើ​ការ​ងារ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​ថវិកា​មួយ​ចំនួន​សម្រាប់​ការ​ស្រាវជ្រាវ​ពី​ការងារ​អភិរក្ស​សំណង់ បុរាណ​នេះ​។

លោក ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់​ បាន​ប្រាប់​ថា ទីក្រុង​បាត់​ដំបង​ជា​ទីក្រុង​ចាស់ មាន​នៅ​សល់​សំណង់​ពី​សម័យ​អាណា​និគម​និយម​បារាំង​ជាច្រើន ដែល​កំពុង​រៀបចំ​អភិរក្ស ហើយ​ក្រុម​ការ​ងារ​ប្លង់​គោល​របស់​ក្រុង​ជា​អ្នក​រៀបចំ​ចុះ​បញ្ជី ដោយ​ចែកចេញ​លំនៅដ្ឋាន​ទាំង​នោះ​ជា​បី​ប្រភេទ គឺ​ទី១ ជា​ប្រភេទ​ហាម​មិន​ឲ្យ​ជួស​ជុល ទី​២​អគារ​​អនុញ្ញាត​ឲ្យ​ជួស​ជុល​បាន​ខ្លះ និង​ទី​៣ ជា​អគារ​អាច​វាយ​ចោល​និង​សង់​ថ្មី​បាន​ដោយ​សំណង់​ត្រូវ​នៅ​រក្សា​រចនា​ប័ទ្ម ដើម។

លោក​លើក​ឡើង​ថា៖​«ទោះ​បី​ជា​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​ មាន​អនុ​ក្រឹត្យ​ដើម្បី​គ្រប់គ្រង​ការងារ​អភិរក្ស​សំណង់​បុរាណ​ទាំង​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ ការ​ងារ​នេះ​ទាម​ទារ​​ឲ្យ​មាន​អនុក្រឹត្យ​ច្បាស់​លាស់​ដើម្បី​ធ្វើ​ឲ្យ​នីតិវិធី​នៃ​ការ​គ្រប់គ្រង​មាន​ប្រសិទ្ធភាព​»។

លោក បេង ហុងសុជាតិខេមរ៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​ ដែល​ធ្លាប់​បាន​ដឹក​នាំ​ក្រុម​និស្សិត​ចុះ​សិក្សា​ពី​សំណង់​បុរាណ​ទាំង​នោះ មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​ការ​សិក្សា​ជា​ជំហាន​ដំបូង ពាក់​ព័ន្ធ​នឹង​ការងារ​អភិរក្ស​សំណង់​បុរាណ​នៅ​ទីក្រុង​នេះ​រួច​មក​ហើយ តែ​ទោះ​បី​ជា​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​ក្រប​ខ័ណ្ឌ​គតិ​យុត្តិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​អភិរក្ស សំណង់​សម័យ​បុរាណ​ទាំង​នោះ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ​។

លោក​ប្រាប់​ថា៖​«​លោក​អភិបាល​ខេត្ត​គាំទ្រ​ការងារ​នេះ​ណាស់ លោក​ចង់​ឲ្យ​ការ​គ្រប់​គ្រង សំណង់​បុរាណ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទាក់​ទាញ​វិនិ​យោ​គិន និង​អ្នក​ទេស​ចរចូល​មក​ដាក់​ទុន​វិនិ​យោគ និង​ទស្សនា​តំបន់​នេះ​»​។

ទីក្រុង​បាត់​ដំបង ជា​ទីក្រុង​ធំ​មួយ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ ដោយ​មាន​សង្កាត់​ចំនួន​១០ និង​ភូមិ​ចំនួន​៦២​ជា​ចំណុះ ហើយ​មាន​ប្រជា​ជន​រស់នៅ​ជាង​១៤​ម៉ឺន​នាក់។

លោក អ៊ុក គីម ចៅ​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ជាទី​ដែល​មាន​ផ្ទះ​សល់​ពី​សម័យ​អាណា​និគម​បារាំង​ច្រើន​ បាន​ប្រាប់​ថា លោក​មិន​ទាន់​បាន​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ផ្ទះ​សម័យ​អាណា​និគម​និយម​បារាំង​ សល់​ប៉ុន្មាន​ពិត​ប្រាកដ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ដឹង​ថា ផ្ទះ​សល់​ពី​សម័យ​អាណា​និគម​សល់​នៅ​តាម​បណ្តោយ​ផ្លូវ​ចំនួន​៥ គឺ​ផ្លូវ​លេខ​១ ផ្លូវ​លេខ​១កន្លះ ផ្លូវ​លេខ​២ ផ្លូវ​លេខ​២កន្លះ​ និង​ផ្លូវ​លេខ​៣​។ លោក​បន្ត​ថា លោក​នឹង​ឲ្យ​មន្រ្តី​ចុះ​ស្រង់​បញ្ជី​ចំនួន​ផ្ទះ​សម័យ​អាណា​និគម​ដែល​នៅ​សល់ តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ពីពេល​វេលា​ជាក់​លាក់ ដែល​ត្រូវ​ចុះ​ធ្វើ​ការ​ងារ​នេះ​ទេ​។

លោក ប្រាជ្ញ ច័ន្ទ អភិ​បាល​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថា ខេត្ត​មិន​មាន​ថវិកា​សម្រាប់​ការ​ងារ​នេះ​ទេ ប៉ុន្តែ​យើង​បាន​កំណត់​តំបន់​ដែល​ត្រូវ​អភិរក្ស​រួច​ហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ជន​ជួសជុល​ធ្វើ​ថ្មី​ក្នុង​រចនាប័ទ្ម​ថ្មី​ទេ គឺ​បើ​ពួក​គាត់​ចង់​ជួស​ជុល ឬ​ធ្វើ​ថ្មី​ត្រូវ​តែ​រក្សា​រចនា​ប័ទ្ម​ដើម ដើម្បី​យើង​ចូល​រួម​រក្សា​ទុក​ស្នាដៃ​ស្ថាបត្យ​ករ​ពី​សម័យ​ដើម​ឲ្យ​បាន​គង់ វង្ស។

លោក​ថ្លែងថា៖​«​ការ​រក្សា​អត្ត​សញ្ញាណ​ដើម​នេះ ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន ដើម្បី​ទាក់​​ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា ក៏​ដូច​ជា​ចង់​រក្សា និង​ឲ្យ​តម្លៃ​វិស័យ​ស្ថាបត្យកម្ម​បុរាណ​របស់​​យើង​ផង​ដែរ»៕