Headlines:

សេវាកម្ម​ធានា​រ៉ាប់រង​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​កើន​ឡើង​ចំនួន​៣៣​ភាគរយ

120726_02
ក្រុម​ហ៊ុន​ធានារ៉ាប់​រង FORTE បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​លើ​សេវាកម្ម​ធានារ៉ាប់​រង​អចលន​ទ្រព្យ​ នៅ​កម្ពុជា ។ រូបថត វីរៈ ម៉ៃ

ភ្នំពេញ: ទឹក​ប្រាក់​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​ធានា​រ៉ាប់រង​លើ​វិស័យ​អចលនទ្រព្យ ​នៅ​កម្ពុជា​បាន​កើន​ឡើង​សរុប​ចំនួន​៣២​ភាគរយ​នៅ​រយៈ​ពេល​៥​ខែ​ដំបូង​ឆ្នាំ​ នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ ​នេះ​បើ​តាម​ទិន្នន័យ​ដែល​ប៉ុស្តិ៍​ អចលនទ្រព្យ​ទើប​ទទួល​បាន​ពី​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​កាល​ដើម​សប្តាហ៍ នេះ។​

លោក ទី អាទិត្យ ជំនួយ​ការ​អគ្គនាយក​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ចំនួន​ទឹក​ប្រាក់​ដែល​អតិថិជន​បង់​ ថ្លៃ​សេវាកម្ម​ធានា​រ៉ាប់រង​លើ​អចលនទ្រព្យ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​៥​ខែ ដើម​ឆ្នាំ​នេះ​មាន​ចំនួន​៤លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​កើន​ឡើង​​៣៣​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១១ ដែល​មាន​ចំនួន​៣​លាន​ដុល្លារ​អាមេរិក។​

លោក​បាន​ប្រាប់​ទៀត​​ថា​ ដោយ​សារ​​មាន​ផល​ប៉ះ​ពាល់ ​ដែល​បណ្តាល​មក​ពី​គ្រោះ​អគ្គិភ័យ​ទៅលើ​រោងចក្រ​ និង​លំនៅ​ដ្ឋាន​ក៏​ជំរុញឲ្យ​សេវាកម្ម​ធានា​រ៉ាប់រង​លើ​អចលនទ្រព្យ​កើន​ឡើង ​បែប​នេះ​។ ​លោក​បន្ថែម​ថា កំណើន​សេដ្ឋកិច្ច​ និង​គម្រោង​វិនិយោគ​វិស័យ​សំណង់​ក្នុង​ប្រទេស​បាន​កើន​ឡើង​ច្រើន​ជា​បន្ត បន្ទាប់​ ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​តម្រូវ​ការ​ប្រើប្រាស់​សេវាកម្ម​ធានា​រ៉ាប់រង កើន​ឡើង​ ហើយ​ចំនួន​ទឹក​ប្រាក់​ក៏​កើន​ឡើង​ផង​ដែរ​។

លោក​ យក់ ចំរើនប្ញទ្ធិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន FORTE​ បាន​និយាយ​ថា បច្ចុប្បន្ន​សេវាកម្ម​ធានា​រ៉ាប់រង​លើ​វិស័យ​អចលនទ្រព្យ​គេ​សង្កេត​ឃើញ​ថា ​ មាន​តម្រូវ​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​រៀង​រាល់​ឆ្នាំ ខណៈ​ដែល​ប្រជាជន​ខ្មែរ​ចាប់​ផ្តើម​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ ពី​សារ​ប្រយោជន៍​នៃ​ការ​ទិញ​សេវាកម្ម​ធានារ៉ាប់រង​។​ លោក​បន្ត​ថា ប្រសិន​បើ​អ្នក​ខ្ចី​ប្រាក់​ពី​ធនាគារ​​កើន​ច្រើន​នោះ​វា​នឹង​ធ្វើ​ឲ្យ​ កំណើន​នោះ​កើន​ឡើង​ដែរ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ FORTE រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​សេវា​ធានា​រ៉ាប់រង​លើ​អចលនទ្រព្យ​មាន​ដូច​ជា​សំណង់​អគារ​ខ្ពស់ៗ​ សំណង់​លំនៅដ្ឋាន​ ភោជនីយដ្ឋាន រោងចក្រ​ សណ្ឋាគារ និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​។ លោក​បន្ត​ថា ​គ្រប់​ផ្នែក​នៃ​សេវាកម្ម​ធានា​រ៉ាប់រង​បាន​កើន​ឡើង​ទន្ទឹម​គ្នា​ទៅ​នឹង កំណើន​នៃ​វិស័យ​សេដ្ឋកិច្ច សំណង់ កសិកម្ម ឧស្សាហកម្ម​កាត់ដេរ​ ទេសចរណ៍ និង​វិស័យ​ធនាគារ​។​ លោក​បាន​បញ្ជាក់​ថា​៖«​មិន​ថា​សេវាធានា​រ៉ាប់រង​ទេ គ្រប់​វិស័យ​ទាំង​អស់​គឺ​កើន​ឡើង​ដូចៗ​គ្នា​»។

លោក ចំរើនប្ញទ្ធិ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ និយាយ​ជា​រួម​ពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​ច្រើន​ពី​ផល​ប្រយោជន៍​នៃ​ការ ទិញ​ធានា​រ៉ាប់រង និង​មិន​ទិញ​ធានា​រ៉ាប់រង​។ លោក​បញ្ជាក់​ថា​៖«​កំណើន​អ្នក​ទិញ​ធានា​រ៉ាប់រង​នៅ​ក្នុង​រយៈ​ពេល​៥​ខែ ឆ្នាំ​២០១២​នេះ ​បាន​កើន​៣០​ភាគរយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន»។ លោក​បន្ត​ថា នៅ​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​អចលនទ្រព្យ​ប្រទេស​កម្ពុជា​ បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​គ្រោះអគ្គិភ័យ​ និង​គ្រោះ​ធម្មជាតិ​។

លោក ឆេង គឹមឡុង​ សាស្រ្តាចារ្យ​ផ្នែក​ជំនួញ​ និង​សេដ្ឋកិច្ច​ នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ ធ្លាប់​មាន​ប្រសាសន៍​ថា សេវាកម្ម​ធានា​រ៉ាប់រង​លំនៅដ្ឋាន​ដ្បិត​តែ​មិន​ទាន់​រីក​ចម្រើន​ខ្លាំង​ក៏ ​ពិត​មែន ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សេដ្ឋកិច្ច​ដូច​ជា​ បញ្ហា​អគ្គិភ័យ​ គ្រោះ​ធម្មជាតិ​ ទឹក​ជំនន់​ ខ្យល់​ព្យុះ និង​អាច​ជួយ​រំងាប់​អារម្មណ៍​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក​បាន​លើក​ឡើង​ថា សេវាកម្ម​ធានា​រ៉ាប់រង​ ក៏​ជា​ការ​ជួយ​រក្សា​ឲ្យ​មាន​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា និង​ក៏​ជា​ការ​ទាញ​យក​ ប្រាក់​ចំណូល​ចូល​រដ្ឋ​តាម​រយៈ​ការ​កាត់​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​ ក្រុមហ៊ុន​នានា​ដែល​មាន​អាជីវកម្ម​លើ​វិស័យ​ធានារ៉ាប់រង​នេះ​។ មិន​តែ​ប៉ុណ្ណោះ​វិស័យ​មួយ​នេះ​ថែម​ទាំង​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​មាន​ ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន​ផង​ដែរ ៕