កោះកុងៈ បុរសជនជាតិចិន វ័យ៤៧ឆ្នាំម្នាក់ ដែលបម្រើការជាកម្មករតបណ្ដាញអគ្គិសនី នៅការដ្ឋានទំនប់វារីអគ្គីសនីឫស្សីជ្រំក្រោមនៅក្នុងស្រុក មណ្ឌលសីមាខេត្តកោះកុង បានឆក់ខ្សែភ្លើងស្លាប់កាលពីថ្ងៃពុធ។
លោក ឡៅ ដែន មន្ត្រីការិយាល័យសរុបនៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយថា ជនរងគ្រោះ ឡាន ជីសុ អាយុ៤៧ឆ្នាំ ពីព្រឹកថ្ងៃពុធបានឆក់ខ្សែភ្លើងស្លាប់ភ្លាមនឹងកន្លែង ក្នុងពេលតខ្សែភ្លើងនៅចំណោតឫស្សី ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាដោយមិនបានបិទបារ៉ែត។
លោកបានថ្លែងថា៖«សពជនរងគ្រោះត្រូវបានដឹកយកទៅរក្សាទុកនៅបន្ទប់រក្សាសពនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរង់ចាំសាច់ញាតិមកទទួលយក»។
លោកបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ក៏មានកម្មករខ្មែរម្នាក់ដែលបម្រើការនៅការដ្ឋានសាងសង់ទំនប់វារី អគ្គិសនី តាតៃ បានឆក់ខ្សែភ្លើងហើយបានស្លាប់នៅពាក់កណ្ដាលផ្លូវពេលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ដែលអាចមានកម្លាំងថាមពល ដល់ទៅ ៣៣៨ មេហ្គាវ៉ាត់ បានចាប់ផ្ដើមដំណើរការសាងសង់នៅដើមឆ្នាំ ២០០៨ ដោយក្រុមហ៊ុនចិនមួយ ឈ្មោះ China's Michelle Corporation ក្នុងគម្រោងចំណាយទឹកប្រាក់ សរុប ៤៩៥,៧ លានដុល្លារអាមេរិក ហើយដំណើរការគ្រោងបញ្ចប់ជាស្ថាពរ នៅត្រឹមឆ្នាំ ២០១៥ ខាងមុខនេះ៕
ភ្នំពេញ ប៉ុស្តិ៍

