ក្រុងសេអ៊ូលៈ ប្រព័ន្ធឃោសនារដ្ឋ បាននិយាយ កាលពីថ្ងៃពុធថា មេដឹកនាំវ័យក្មេងថ្មីរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរៀបការរួចហើយ ដោយបញ្ចប់នូវពាក្យខ្សិបខ្សៀវ អំពីទំនាក់ទំនងជាមួយនារីម្នាក់ដែលគេឃើញនៅក្បែរលោកក្នុងអំឡុង ពេលព្រឹត្តិការណ៍ថ្មីៗកន្លងទៅនេះ។
សេចក្តីប្រកាស ជារសនិយមមួយដែលលោក គីម បានធ្វើដើម្បីបំបែកស្ទីលគ្រប់គ្រងតឹងរ៉ឹងនៃសពឪពុកលោក គឺលោក គីម ជុងអ៊ីល បានកើតឡើងត្រឹមតែពីរសប្តាហ៍ បន្ទាប់ពីលោក ត្រូវបានគេឃើញនៅឯការសម្តែងនាមហាស្រពមួយ អមដោយស្ត្រីរូបនោះ ជាមួយពាក្យចចាមអារ៉ាម លេចឮថា តើនាងជាភរិយា គូស្នេហ៍ ឬជាប្អូនស្រីរបស់លោក។
សាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់ នៃ ក្រុមពិគ្រោះយោបល់នៃវិទ្យាស្ថាន សេចុង លោក ចុងសុង-ចាង បានថ្លែងថា៖ «ទង្វើរបស់លោក គីម ជុងអ៊ុន ទំនងជាផ្តល់ឲ្យយុវជននូវក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ ជាពិសេសសម្រាប់ស្រ្តីវ័យក្មេង ដែលចាប់អារម្មណ៍ពេញចិត្តនឹងលោក។ ថ្វីបើលោក គីម ជុងអ៊ុន នៅតែជាថ្នាក់ដឹកនាំផ្តាច់ការតែម្នាក់ក្តី ក៏លោកត្រូវគេរំពឹងថា មានអាកប្បកិរិយាបើកទូលាយខាងវប្បធម៌ជាងសម័យលោគីម ជុងអ៊ីលដែរ»។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានហៅ ភរិយារបស់លោក គីម ថា លោកស្រី រី ស៊ូល-ជូ ប៉ុន្តែមិន បាននិយាយថា អ្នកទាំងពីរ បានរៀបការពីពេលណានោះទេ។
ដកស្រង់ប្រភពមួយដែលស្និទ្ធនឹងកិច្ចការផ្ទៃក្នុងរបស់រដ្ឋនេះ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បាននិយាយថា លោកស្រីជាសមាជិកនៃក្រុមសម្តែងសិល្បៈ និងបានការបណ្តុះបណ្តាលខាងសុភាវធម៌ប្រមាណ៦ខែ មុនពេលទទួលតួនាទីជាស្ត្រីទីមួយនេះ ។
រូបភាពទូរទស្សន៍ថ្មីៗនេះ បានបង្ហាញពីអ្នកទាំងពីរសើចជាមួយគ្នា ស្ទាបសក់ក្មេងម្នាក់ជាមួយគ្នា និងទះដៃខណៈកំពុងទស្សនាបទចម្រៀងលោកខាងលិច និងតុក្កតារឿង Mickey Mouse។
នៅក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលអាមេរិក បានជូនពរកាលពីថ្ងៃពុធដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជុំវិញរបាយការណ៍នៃរៀបការ ប៉ុន្តែបានសង្កត់ធ្ងន់លើសុខុមាលភាពប្រជាជនរបស់រដ្ឋនេះ ដែលអត់ឃ្លាន និងការរំលោភសិទ្ធិមនុស្ស៕ NR
ភ្នំពេញ ប៉ុស្តិ៍







