Headlines:

គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​គឺ​មក​ពី​កត្ដា​ជាច្រើន​ដែល​ចាំ​បាច់​ត្រូវ​តែ​ដោះ​ស្រាយ

120727_02
គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ឡាន​ដែល​បាន​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ​ពីពេលកន្លងមក។ រូបថត ជីវ័ន

ការ​ជិះ​យាន​ជំនិះ​ក្នុង​រាជធានី​ភ្នំពេញ ពេល​ខ្លះ​អាច​ជា​បញ្ហា​ប្រឈម។ មិន​ថា​មធ្យោបាយ​ធ្វើ​ដំណើរ ឬ​ដឹក​ជញ្ជូន​របស់​ពួក​គេ​ជា​រថយន្ត តុកតុក ម៉ូតូ ឬ​កង់​នោះ​ទេ ចរាចរណ៍​ធ្វើ​ដំណើរ​មាន​លក្ខណៈ​គួរ​ឲ្យ​ញញើត ហើយ​ការ​ជិះ​ឡូក​ឡំ​គ្នា​រវាង​ឡាន ម៉ូតូ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​អាច​មាន​លក្ខណៈ​គ្រោះ​ថ្នាក់។

គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​បុព្វ​ហេតុ​នាំ​មុខ​នៃ​ករណី​ស្លាប់​នៅ​ក្នុង ប្រទេស​កម្ពុជា។ ការ​បើក​បរ​ហួស​ល្បឿន និង​ការ​បើក​បរ​ដោយ​ស្រវឹង គឺ​ជា​បុព្វហេតុ​ចម្បង ហើយ​ម៉ូតូ គឺ​ជា​យាន​ជំនិះ​ភាគ​ច្រើន​បំផុត​​ដែល​ពាក់​ព័ន្ធ​ករណី​គ្រោះ​ថ្នាក់ ចរាចរណ៍។

ច្បាប់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ត្រូវ​បាន​អនុវត្ត ទៀង​ទាត់ និង​សម​ស្រប​នៅ​ឡើយ​ទេ។ មន្រ្តី​នគរ​បាល​មួយ​ចំនួន​មាន​ប្រចាំ​ការ​នៅ​តាម​កែង​ផ្លូវ​ដែល​មាន ចរាចរណ៍​ច្រើន​បំផុត ប៉ុន្តែ​ភាគ​ច្រើន​បំផុត​គេ​ឃើញ​មន្រ្តី​នគរ​បាល​ធ្វើ​ការ​ងារ​តែ​ហៅ​ម៉ូតូ ឈប់ និង​ផាក​លើ​បទ​ល្មើស​ចរាចរណ៍​កំប៉ិក​កំប៉ុក​ប៉ុណ្ណោះ។ ដោយ​សារ​តែ​ប្រាក់​ខែ​ទាប​របស់​មន្រ្តី​នគរបាល​ទាំង​នោះ ប្រាក់​ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ គឺ​យក​ដាក់​ចូល​ហោ​ប៉ៅ​ខ្លួន​ឯង ហើយ​ពួក​គេ​ជា​ទូទៅ​ធ្វើ​ការ​ផាក​លើ​ជន​បរទេស​ក្នុង​តម្លៃ​ខ្ពស់​ជាង តម្លៃ​ផាក​លើ​ប្រជា​ជន​កម្ពុជា។

ហេតុ​អ្វី​បាន​ជា​មន្រ្តី​អនុវត្ត​ច្បាប់​សម្លឹង​រកតែ​ជន​បរទេស? វា​គឺ​ដោយ​សារ​តែ​ជន​បរទេស​មិន​ចង់​នៅ​ប្រកែក​តវ៉ា​ជាមួយ​ការ​ផាក ពិន័យ​នោះ ហើយ​នឹង​បង់​ឲ្យ​ទៅ​តាម​ចំនួន​ដែល​មន្រ្តី​នគរ​បាល​ផាក​ពួក​គេ​។ ប៉ុន្តែ​ចំពោះ​ប្រជា​ជន​ក្នុង​ស្រុក​វិញ ពួក​គេ​នឹង​នៅ​ធ្វើ​ការ​តវ៉ា និង​ចរចា​តម្លៃ​ជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​ទាំង​នោះ រហូត​ទាល់​តែ​មន្រ្តី​ទាំង​នោះ​ធុញ ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​បង់​ទៅ​តាម​ចំនួន​ដែល​ពួក​គេ​ស្នើ​សុំ គឺ​ដើ​ម្បី​ឲ្យ​ពួកគេ​ចេញ​ឲ្យ​ផុត​បាត់​ពី​មុខ​មន្រ្តី​ទាំង​នោះ និង​ដើម្បី​ឲ្យ​ខ្លួន​អាច​ធ្វើ​ការ​ហៅ​ម៉ូតូ​ដទៃៗ​ផ្សេង​ទៀត​មក​ផាក។ ប្រជាជន​មួយ​ចំនួន​ដំបូង​ព្យាយាម​តថ្លៃ​សិន ហើយ​នៅ​ពេល​ពួកគេ​ត្រូវ​បាន​ផាក ពួក​គេ​ទារ​រក​វិក្កយ​បត្រ។

អំពើ​ពុក​រលួយ​ក្នុង​ចំណោម​មន្រ្តី​នគរ​បាល គឺ​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ដទៃៗ អំពើ​ពុក​រលួយ​ត្រូវ​បានលាក់​បាំង​។

ការ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​នូវ​បទ​ពិសោធ​ឈឺ​ចាប់​ទាំង​ផ្នែក រាង​កាយ និង​ទាំង​ផ្លូវ​ចិត្ត។ ករណី​ស្លាប់​ចម្បង គឺ​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ ហើយ​ក៏​ពាក់ព័ន្ធ​នឹង​រថយន្ត​ក្រុង​ទេសចរណ៍។ ករណី​គ្រោះ​ថ្នាក់​ទាំង​នោះ​អាច​កើត​ឡើង​ពី​ការ​បើក​បុក​ដោយ​អ្នក​បើក​បរ ស្រវឹង ជា​ពិសេស​នៅ​ពេល​យប់។ អ្នក​បើក​បរ​ទាំង​នោះ​មាន​អាយុ​ពី​១៧ ទៅ​១៨​ឆ្នាំ ហើយ​មិន​មាន​ប័ណ្ណ​បើកបរ​យាន​ជំនិះ និង​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង។ ជា​លទ្ធផល ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​មួយ​ចំនួន បាន​ឈប់​លក់​ធានា​រ៉ាប់រង​ទៅ​ក្រុម​ហ៊ុន​រថយន្ត​ក្រុង។ បញ្ហា​នេះ​មិន​ស្ថិត​នៅក្នុង​បញ្ជី​អាទិភាព​របស់​រដ្ឋា​ភិបាល​នោះ​ទេ បើទោះ​បី​ជា​ការ​ពិត​ថា បុព្វ​ហេតុ​នាំមុខ​នៃ​ករណី​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា គឺ​បណ្តាល​មក​ពីគ្រោះ​ថ្នាក់​ចរាចរ។

កម្មវិធី​សុវត្ថិភាព​តាម​ដង​ផ្លូវ​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​មួយ ចំនួន​ដើម្បី​បង្កើន​ការ​យល់​ដឹង និង​ការ​អប់រំ​ចំពោះ​បញ្ហា​នេះ។ វា​សំខាន់​ណាស់​ដែល​ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព​នៅ​ពេល​បើក​បរ ម៉ូតូ។ អង្គការ​ជន​ពិការ​អន្តរ​ជាតិ (Handicap International) បាន​បង្ហាញ​ថា ជាង​៨០​ភាគរយ​នៃ​ករណី​ស្លាប់គឺ​បណ្តាល​មក​ពី​របួស​ត្រង់​ក្បាល។ យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​សុវត្ថិភាព តាម​ដង​ផ្លូវ​​ដើម្បី​ឲ្យ​មាន​ការ​ពាក់​មួក​ការ​ពារ​សុវត្ថិភាព​គឺ ទទួល​បាន​ប្រសិទ្ធ​ភាព ហើយ​ចំនួន​អ្នក​បើក​បរ​ពាក់​មួក​ការ​ពារ​សុវត្ថិភាព​បាន​កើន​ឡើង​ទ្វេ​ដង នៅ​ឆ្នាំ​នេះ។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មួយ​ទៀត​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​គឺ​ការ ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​សម្រាប់​រថយន្ត។ នេះ​គឺ​ជា​ការ​អនុវត្ត​ទូទៅ​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច ហើយ​ប្រជាជន​ជាច្រើន​ក៏​បាន​គោរព​តាម​ច្បាប់​នេះ​ផង​ដែរ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​វា​យ៉ាង​ម៉េច​វិញ ប្រសិន​បើ​ឡាន​ដែល​អ្នក​បើក​មិន​មាន​ខ្សែ​ក្រវាត់​សុវត្ថិភាព? រថយន្ត​ភាគ​ច្រើន​បំផុត គឺ​ជា​រថយន្ត​ជជុះ ដែល​មិន​បាន​ឆ្លង​កាត់​ដំណើរ​ការ​ត្រួត​ពិនិត្យ​ស្តង់​ដារ ឬ​រថយន្ត​ទាំង​នោះ គឺ​ជា​រថយន្ត​ដែល​បុក​គ្នា​នៅ​បរទេស ហើយ​ជួស​ជុល​តែ​ផ្នែក​ខាង​ក្រៅ រួច​ត្រូវ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​ត្រូវ​ធ្វើ​អន្តរាគមន៍​លើ​បទ​បញ្ញត្តិ​ចរាចរណ៍ ហើយ​ច្បាប់​ចរាចរណ៍​លើ​ករណី​ដូច​ជា ការ​បើក​បរ​ស្រវឹង និង​ហួស​ល្បឿន ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​តឹង​រ៊ឹង។

ខ្ញុំ​ចង​ចាំ​អ្វី​ដែល​គ្រូ​បង្រៀន​បើកបរ​បាន​បង្រៀន​ខ្ញុំ​កាល ពេល​ខ្ញុំ​កំពុង​រៀន​បើក​បរ​រថយន្ត​នៅ​អាមេរិក គឺថា ត្រូវ​ត្រៀម​ខ្លួន​ប្រុង​ប្រយ័ត្ន​ជា​មុន ជា​ជាង​មាន​បញ្ហា​ទើប​ប្រុង​ប្រយ័ត្ន៕ PS



This content has been locked. You can no longer post any comments.
Show/hide comments
busy