Headlines:

កម្ពុជា​ជំរុញ​ឲ្យ​ថៃ​វិនិយោគ​លើ​កសិកម្ម ទេសចរណ៍

120727_11
នេះជា​រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក​មួយកន្លែង។ កម្ពុជា​កំពុង​តែ​ជំរុញ​ឲ្យវិនិយោគិនថៃ​មក​វិនិយោគលើការ​កែច្នៃអង្ករ​ និង​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ ។ រូបថត ផា លីណា

ភ្នំពេញៈ មន្ត្រី​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​កម្ពុជា​បាន​ជំរុញ​ឲ្យ​ថៃ​វិនិយោគ​លើ ​វិស័យ​កែច្នៃ​អង្ករ និង​ទេសចរណ៍ នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​លើក​កម្ពស់​ការ​វិនិយោគ​របស់​ថៃ​មក​កម្ពុជា បន្ទាប់​ពី​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា​មក។

ថ្លែង​ទៅ​កាន់​គណៈ​ប្រតិភូ​ថៃ ដែល​មាន​គ្នា​ចំនួន​៣០​នាក់​មក​ពី​ក្រសួង​ចម្រុះ ដឹក​នាំ​ដោយ​លោក​ស្រី Hirunya Suchinai ​អ្នក​ផ្តល់​ប្រឹក្សា​វិនិយោគ​ជាន់​ខ្ពស់​របស់​ក្រុម​ប្រឹក្សា​វិនិយោគ​ថៃ លោក គង់ វិបុល រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​លើក​កម្ពស់ និង​បើក​ការ​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​បរទេស​នៅ​ក្នុង​វិស័យ​ដែល​ជា អាទិភាព។

លោក​បាន​លើក​ឡើង​ថា៖ «ថៃ​មាន​បទពិសោធ​ច្រើន​ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ទេសចរណ៍​។ ខ្ញុំ​គិត​ថា ពួក​គេ​គួរ​តែ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ដោយ​យើង​មាន​សក្តានុពល​ធំ​ធេង»។ លោក​បាន​ចង្អុល​បង្ហាញ​អំពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ក្នុង​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន នៅ​ត្រឹម​២០១៥​។    លោកស្រី Hirunya Suchinai បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ​កំពុង​មក​ស្វែង​រក​ព័ត៌មាន​ដើម្បី​ប្រាប់​វិនិយោគិន​របស់​ ខ្លួន​ពី​ការ​សម្រេច​ចិត្ត​មក​បណ្តាក់​ទុន​នៅ​ទី​នេះ។

លោក​ស្រី​បាន​បញ្ជាក់​ថា នាយកដ្ឋាន​នេះ​ជា​កន្លែង​លើក​ទឹក​ចិត្ត​វិនិយោគិន​ថៃ ឲ្យ​បណ្តាក់​ទុន​នៅ​ក្រៅ​ប្រទេស។ លោក​ស្រី​បន្ត​ថា​៖ «វត្ថុ​បំណង​របស់​យើង មក​ថ្ងៃ​នេះ គឺ​ដោយ​សារ​យើង​ចង់​ដឹង​កាន់​តែ​ច្រើន​អំពី​គោលនយោបាយ​វិនិយោគ​របស់​ កម្ពុជា»។

ទិន្នន័យ​ពី CDC បាន​បង្ហាញ​ថា ការ​វិនិយោគ​សរុប​របស់​ថៃ​ក្នុង​ឆ្នាំ​២០១១ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​CDC មាន​ចំនួន​៧៤៥​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១០​ ដែល​មាន​តែ​២​លាន​ដុល្លារ​ប៉ុណ្ណោះ។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​មក​ពី​ថៃ បាន​កើន​ឡើង​៨៨,៨​ភាគរយ​ដល់ ៧៨ ១៥៦​នាក់​ក្នុង​រយៈ​ពេល​៥ខែ​ ឆ្នាំ​នេះ​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ​ដែល​តែ​ ៤១ ៣៨៧​នាក់​ប៉ុណ្ណោះ។

លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​កម្ពុជា បាន​រួច​ពន្ធ និង​ទទួល​បាន​កូតា​ពី​ទីផ្សារ​អឺរ៉ុប ខណៈ​ដែល​ថៃ និង​វៀតណាម មិន​បាន​ទទួល​នោះ។

លោក​បន្ត​ថា៖ «​បើ​ពួក​គេ​មក​ផលិត​ទំនិញ​ទីនេះ​សម្រាប់​នាំ​ចេញ​ទៅ​អឺរ៉ុប គឺ​មិន​ចាំបាច់​បង់​ពន្ធ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​ថៃ​នាំ​ចេញ​ទៅ​អឺរ៉ុប ពួក​គេ​ត្រូវ​ចំណាយ​២៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន សម្រាប់​អង្ករ​ក្រអូប»។

លោក គង់ វិបុល បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ពី​ថៃ ស្ថិត​នៅ​លំដាប់​ទី​មួយ ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​ឥឡូវ​ចិន និង​វៀតណាម បាន​នាំ​មុខ​ប្រទេស​នេះ។

លោក​សង្ឃឹម​ថា ក្រុម​នេះ​នឹង​ជួយ​បង្កើន​ការ​វិនិយោគ​របស់​ថៃ មក​កាន់​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា កម្ពុជា ថៃ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​វិនិយោគិន ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក៕



This content has been locked. You can no longer post any comments.
Show/hide comments
busy