សិង្ហបុរីៈ ក្លិនក្រអូបគ្រប់ទិសទី រូបគំនូរព្យួរស្ទើរគ្រប់ជញ្ជាំង ភោជនីយដ្ឋាននៅជាន់ក្រោម មនុស្សម្នាចម្រុះសាសន៍ចេញចូលពុំសូវដាច់ ដែលធ្វើឲ្យ ហ្គលិនៀហ្គល (Gleneagles) មើលទៅដូចជាផ្សារទំនើបច្រើនជាង។ ប៉ុន្តែមិនមែនទេ ទីនេះគឺជាមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី ដែលល្បីខាងព្យាបាលជំងឺធ្ងន់ធ្ងរឲ្យជាសះស្បើយ ជាពិសេសការវះកាត់ប្តូរថ្លើម។
ហ្គលិនៀហ្គល ជាមន្ទីរពេទ្យរបស់ក្រុមហ៊ុន ផាកវ៉េ ហ៊ែល (Parkway Health) ដែលមានមន្ទីរពេទ្យរបស់ខ្លួនបីផ្សេងទៀតក្នុងប្រទេសសិង្ហបុរី រួមមាន Mount Elizabeth, Parkway East, និង Mount Elizabeth Novena។
ក្រុមហ៊ុន ផាកវ៉េ ហ៊ែល បានបោះការិយាល័យតំណាងរបស់ខ្លួននៅតាមបណ្តាប្រទេសផ្សេងៗក្នុង ពិភពលោក ដែលក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ ការិយាល័យតំណាងនេះតែងតែនាំអ្នកជំងឺខ្មែរទៅព្យាបាលនៅមន្ទីរ ពេទ្យក្នុងប្រទេសសិង្ហបុរីជាញឹកញយ។
កញ្ញា ភួង នីមល អ្នកសម្របសម្រួលទូទៅរបស់ការិយាល័យតំណាងរបស់ក្រុមហ៊ុន ផាកវ៉េ ហ៊ែល ប្រចាំនៅកម្ពុជាថ្លែងថា៖ «អ្នកជំងឺពីប្រទេសកម្ពុជាភាគច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យពីរគឺ Mount Elizabeth និង ហ្គលិនៀហ្គលនេះ។ មន្ទីរពេទ្យ Mount Elizabeth គឺជំនាញព្យាបាលជំងឺបេះដូង សួត ក្រពះ ពោះវៀន និងជំងឺដទៃទៀត។ ប៉ុន្តែសម្រាប់ជំងឺថ្លើមវិញ គេតែងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យហ្គលិនៀហ្គល ដែលជំនាញខាងជំងឺប្រភេទនេះ»។
អ្នកសម្របសម្រួលទូទៅរូបនេះថ្លែងថា ក្នុងរយ:ពេលបួនឆ្នាំដែលក្រុមហ៊ុន ផាកវ៉េ ហ៊ែល បានបង្កើតការិយាល័យតំណាងនៅស្រុកខ្មែរ ក្រុមហ៊ុននេះបាននាំយកប្រជាជនខ្មែរទៅព្យាបាលនៅប្រទេសសិង្ហបុរីជាច្រើននាក់មកហើយ។ ភាគច្រើននៃអ្នកជំងឺមានបញ្ហាក្រពះ ពោះវៀន និង ជំងឺថ្លើម។ កន្លងមកអ្នកជំងឺពីស្រុកខ្មែរក៏មានបញ្ហាខូចថ្លើមផងដែរ ដែលមន្ទីរពេទ្យក្នុងសកលលោកមើលឃើញថា ជាជំងឺដ៏ពិបាកព្យាបាលមួយ។
ជាទូទៅ អ្នកដែលមានថ្លើមខូច គឺដោយសារការសេពសុរាច្រើនជាអចិន្រៃយ៍ ឬ ពុំបានព្យាបាលជំងឺថ្លើមប្រភេទ B និង C ដែលមាននៅក្នុងខ្លួនស្រាប់។ ការព្យាបាលអ្នកដែលមានបញ្ហាខូចថ្លើមគឺត្រូវតែវះកាត់ប្តូរដាក់ថ្លើមថ្មី។ ប៉ុន្តែការវះកាត់ប្តូរថ្លើមបានលុះត្រាតែមានអ្នកបរិច្ចាគថ្លើម។
យោងតាមវេជ្ជបណ្ឌិត តាយ ឃូនហៀន ប្រចាំនៅមន្ទីរពេទ្យ ហ្គលិនៀហ្គល ឲ្យដឹងថា ការវះកាត់ប្តូរថ្លើម គឺធ្វើឡើងដំបូងនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៣ដោយក្រុមវះកាត់ប្តូរថ្លើមដឹកនាំដោយលោកវេជ្ជបណ្ឌិត ថូម៉ាស ស្តាសល (Thomas Startzl)។ ក្រោយមក មន្ទីរពេទ្យទាំងអស់លើសកលលោក ក៏ជ្រើសរើសការព្យាបាលអ្នកមានថ្លើមខូច ដោយការវះកាត់ប្តូរ។
សម្រាប់វិធីសាស្រ្តវះកាត់ប្តូរថ្លើមនៅមន្ទីរពេទ្យហ្គលិនៀហ្គល លោកវេជ្ជបណ្ឌិត តាយ ឃូនហៀន ថ្លែងថា គឺគេនឹងកាត់យកថ្លើមទាំងអស់របស់អ្នកជំងឺចោល និង កាត់យកថ្លើមល្អ ឬថ្លើមគ្មានជំងឺរបស់អ្នកបរិច្ចាគផ្នែកខាងស្តាំចំនួន៥០ភាគរយ មកដាក់។ ប៉ុន្តែមុននឹងអាចឈានដល់ការប្តូរថ្លើមនេះបាន គេក៏ត្រូវពិនិត្យថា តើអ្នកបរិច្ចាគថ្លើម និងអ្នកទទួលថ្លើមមានប្រភេទឈាមដូចគ្នា និង អ្វីៗផ្សេងទៀតស៊ីគ្នាឬអត់ ដើម្បីចៀសវាងបញ្ហាក្រោយពេលវះកាត់រួច។
លោកវេជ្ជបណ្ឌិត តាយ ឃូនហៀន បញ្ជាក់បន្ថែមថា៖ «ទូទាំងពិភពលោក យើងមិនសូវមានអ្នកបរិច្ចាគថ្លើមបានគ្រប់គ្រាន់នោះទេ។ នៅប្រទេសសិង្ហបុរី គឺមានជនជាតិសិង្ហបុរីប្រហែលជា១២ ទៅ ១៥នាក់ប៉ុណ្ណោះ ដែលបានបរិច្ចាគថ្លើមរបស់គេ កាលពីឆ្នាំកន្លងទៅ»។
ប៉ុន្តែបូករួមនឹងអ្នកជំងឺមកពីខាងក្រៅប្រទេសផង មន្ទីរពេទ្យហ្គលិនៀហ្គល បានធ្វើការវះកាត់ប្តូរថ្លើមប្រហែលជាជាង២០០នាក់ កាលពីឆ្នាំកន្លងទៅ។
វេជ្ជបណ្ឌិតនៃជំងឺទូទៅ និង ជាអ្នកចាត់ការទូទៅនៃមន្ទីរពេទ្យ D.N Polyclinic ក្នុងរាជធានីភ្នំពេញ លោក ជា ប៉ោ ថ្លែងបន្ទាប់ពីទៅទស្សនកិច្ចនៅមន្ទីរពេទ្យហ្គលិនៀហ្គថា មន្ទីរពេទ្យនេះមានឧបករណ៍វះកាត់ និង បរិក្ខារពេទ្យទំនើបៗ ហើយការវះកាត់របស់ពួកគេចំណាយពេលតិច និង មានសុវត្ថិភាពខ្ពស់។
ប៉ុន្តែលោកបន្តថា៖ «សម្រាប់ការព្យាបាលជំងឺថ្លើមប្រភេទ B និង C គឺនៅមន្ទីរពេទ្យក្នុងស្រុកខ្មែរក៏ធ្វើការព្យាបាលដោយការលេប ថ្នាំ និង ការចាក់ដូចគ្នានឹងមន្ទីរពេទ្យនៅក្នុងប្រទេសសិង្ហបុរីដែរ»។ លើកលែងតែការវះកាត់ប្តូរថ្លើម ទេដែលនៅស្រុកខ្មែរពុំទាន់មាន ដូច្នេះអ្នកជំងឺពីស្រុកខ្មែរអាចស្វែងរកការវះកាត់ប្តូរថ្លើមបាន នៅក្រៅប្រទេស។
ប៉ុន្តែសម្រាប់តម្លៃនៃការវះកាត់គឺចាប់ពីជាង២០ម៉ឺនដុល្លារអាមេរិកឡើងទៅ។
អ្នកនាង សីដា ហ្វារ៉ាហ៍ អ្នកទំនាក់ទំនងនៃមន្ទីរពេទ្យហ្គលិនៀហ្គល ថ្លែងថា សម្រាប់តម្លៃថ្លៃគឺដោយសារអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យរាប់ ខែបន្ទាប់ពីធ្វើការវះកាត់រួច ចំណែកអ្នកបរិច្ចាគថ្លើមក៏ត្រូវស្នាក់នៅព្យាបាលរាប់សប្តាហ៍ដែរ ទំរាំគាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបាន។ ប៉ុន្តែ អ្នកទំនាក់ទំនងមន្ទីរពេទ្យរូបនេះ យល់ថា បច្ចេកទេស ឬ បរិក្ខារពេទ្យតែមួយមុខគត់ មិនអាចធ្វើឲ្យអ្នកជំងឺមានការជាសះស្បើយបានឆាប់រហ័សនោះទេ។ ជួនកាលបរិស្ថាននៅជុំវិញអ្នកជំងឺក៏អាចឲ្យអ្នកជំងឺជាសះស្បើយបានលឿនដែរ ដូច្នេះហើយទើបក្នុងបន្ទប់អ្នកជំងឺនីមួយៗមានទូដើម្បីបិទបាំង បរិក្ខារពេទ្យ។ ចំណែកតាមជញ្ចាំងមានដាក់តាំងរូបគំនូរ មើលទៅដូចសណ្ឋាគារច្រើនជាងមន្ទីរព្យាបាល៕
ភ្នំពេញ ប៉ុស្តិ៍







