ពីក្មេងរើសអេតចាយ មកជាសិស្សពូកែទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសសិង្ហបុរី
«មានតែការសិក្សាទេ ដែលអាចចម្លងមនុស្សពីត្រើយម្ខាង ទៅត្រើយម្ខាងទៀតបាន» នេះជាពាក្យទូន្មានដែលឪពុករបស់វីរៈតែងតែប្រាប់ដល់វីរៈ។ យុវជន វីរៈ និយាយថា៖ «ខ្ញុំតែងតែទុករាល់សម្តីទាំងអស់របស់ឪពុកខ្ញុំនៅក្នុងចិត្ត របស់ខ្ញុំជានិច្ច ហើយតែងតែគិតពីវាគ្រប់ពេលវេលាទាំងអស់»។
យុវជន ថី វីរៈ ជាយុវជនម្នាក់ក្នុងចំណោមយុវជនកម្ពុជារាប់លាននាក់ ដែលមានឱកាសជាប់អាហារូបករណ៍ទៅបញ្ចប់ថ្នាក់វិទ្យាល័យនៅប្រទេស សិង្ហបុរី។ ប្អូនប្រុស វីរៈ បានធ្វើដំណើរទៅសិក្សានៅទីនោះកាលពីឆ្នាំ២០០៩ អំឡុងពេលដែលប្អូននៅសិក្សាថា្នក់ទី៩មកម្ល៉េះ។ បច្ចុប្បន្ននេះ យុវជន វីរៈ ជាសិស្សថ្នាក់ទី១០ នៅប្រទេសសិង្ហបុរី។
ស្ថិតក្នុងគ្រួសារដែលមានសមាជិកប្រាំនាក់ រួមមាន ឪពុក ម្តាយ ប្អូនស្រី ប្អូនប្រុស នឹងរូបលោកផ្ទាល់ ប្អូនប្រុសវីរៈ គឺជាកូនច្បងក្នុងគ្រួសារ។ វីរៈ មានស្រុកកំណើតនៅខេត្តកំពង់ចាម ក្រោយមក នៅឆ្នាំ២០០៦ ក្រុមគ្រួសាររបស់ប្អូន បានប្តូរទៅរស់នៅខេត្តរតនគិរី។
យុវជនឆ្នើមរបស់យើង បាន រៀបរាប់ពីភាពលំបាករបស់ខ្លួននៅពេលដែលទៅដល់ខេត្តរតនគិរីថា៖ «ជីវិតថ្មីនៅកន្លែងថ្មី ពិតជាមិនសូវល្អនោះទេ ប៉ុន្តែដោយសារគ្រួសារខ្ញុំក្រីក្រ ពេលពួកយើងមកដល់រតនគិរីមានលុយត្រឹមតែ២០ដុល្លារប៉ុណ្ណោះ។ នៅពេលនោះដែរ ពួកយើងបានជួលផ្ទះតូចមួយដែលមានតម្លៃ៥ដុល្លារក្នុងមួយខែ ហើយផ្ទះនោះមានសភាពញ័រយោលៗទៀតផង»។ យុវជន វីរៈ បានបន្ថែមថា ថ្វីដ្បិតតែគ្រួសារក្រលំបាកយ៉ាងណាក៏ដោយ ក៏ប្អូនប្រុសមិនដែលចង់បោះបង់ការសិក្សាឡើយ។
ក្រោយពីរកផ្ទះសម្បែងបានស្នាក់នៅហើយ វីរៈ ក៏បានចូលសិក្សាថ្នាក់ទី៦នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ។
ដើម្បីជួយសម្រាលការលំបាករបស់ឪពុកម្តាយ ក្រៅពីយុវជនយើងចូលសិក្សាថ្នាក់ទី៦ ក៏ឆ្លៀតពេលវេលាខ្លះធ្វើជាក្មេងរើសអេតចាយ ហើយនៅពេលនោះដែរ វីរៈ ត្រូវទទួលរងនូវការមើលងាយមើលថោកជាខ្លាំងពីសំណាក់អ្នកនៅ ជុំវិញខ្លួន។
យ៉ាងណាមិញ ពាក្យសម្តីមើលងាយទាំងនោះមិនបានធ្វើឲ្យ វីរៈ មិនអាចជាឧបសគ្គរបស់ប្អូនប្រុសទេ ប៉ុន្តែវាបានប្រែក្លាយឲ្យយុវជនរូបនេះកាន់តែខំខិតប្រឹងប្រែង ខ្លាំងឡើងៗ។
មួយឆ្នាំក្រោយមក ប្អូន វីរៈ ឈប់ដើររើសអេតចាយទៀត ពីព្រោះនៅពេលនោះគ្រួសារមានជីវភាពធូរធារបន្តិច។ ដូច្នេះ វីរៈ ក៏អាចចំណាយពេលវេលាច្រើនទៅលើការសិក្សាវិញម្តង។
បើនិយាយដល់ក្រុមគ្រួសាររបស់វីរៈវិញ ឪពុករបស់ប្អូនគឺជាគ្រូបង្ហាត់គណិតវិទ្យា ហើយម្តាយជាអ្នកលក់ចាប់ហួយ។ វីរៈ តែងតែរៀនគណិតវិទ្យាពីឪពុក ហើយខំមើលសៀវភៅ និងរៀនអនុវត្តដោយខ្លួនឯងបន្ថែមជារៀងរាល់ថ្ងៃ។
ដោយសារតែការខំប្រឹងប្រែងរបស់វីរៈ យុវជនដ៏វ័យក្មេងរូបនេះ បានក្លាយជាសិស្សឆ្នើមនៅក្នុងថ្នាក់ ហើយក៏បានក្លាយជាសិស្សពូកែខាងគណិតវិទ្យាប្រចាំខេត្តរតនគិរីផងដែរ ។ យុវជន វីរៈ បានប្រាប់ឲ្យដឹងថា៖ «កាលពីថ្នាក់ទី៩ ខ្ញុំបានជាប់ជាសិស្សពូកែខាងគណិតវិទ្យាទូទាំងខេត្តរតនគិរី ប៉ុន្តែវាក៏ជាការសោកស្តាយមួយដែរ ដែលខ្ញុំមិនបានជាប់ជាសិស្សពូកែទូទាំងប្រទេស»។
ទោះបីជាយុវជន វីរៈ មិនបានជាប់ជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស ក៏វាមិនថ្វីនោះទេ ពីព្រោះមានឱកាសជាច្រើនដែលកំពុងរង់ចាំប្អូន។ វីរៈ បាននិយាយថា៖ «មានឱកាសល្អៗជាច្រើនដែលកំពុងរង់ចំាខ្ញុំ ប៉ុន្តែបើខ្ញុំមិនស្វះស្វែងរកវាទេ ឱកាសទាំងនោះនឹងបាត់បង់ទៅវិញដោយឯកឯង»។
នៅឆ្នាំ២០០៩ យុវជន ថី វីរៈ បានទទួលអាហារូបករណ៍ទៅសិក្សានៅសាលា United World college of South East Asia (UWCSEA) នៅប្រទេសសិង្ហបុរី។ ប្អូន វីរៈ បានបង្ហើបប្រាប់ថា៖ «ទម្រាំតែបានជាប់ ខ្ញុំត្រូវឆ្លងកាត់ការប្រឡងជាច្រើនដំណាក់កាល បើសរុបទាំងអស់៧ដង ហើយក្នុងការប្រឡងម្តងៗ ខ្ញុំតែងតែឈរនៅចំណាត់ថ្នាក់លេខ២រហូត។ វគ្គចុងក្រោយ មាននិស្សិតខ្មែរតែ២នាក់ប៉ុណ្ណោះបានជាប់ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ»។
ពេលទៅដល់ប្រទេសសិង្ហបុរីលើកដំបូង វាពិតជាលំបាកជាខ្លាំង ពីព្រោះការសិក្សាជាភាសាអង់គ្លេស។ ប្អូន វីរៈ បានត្អូញត្អែរថា៖ «កាលពីបីខែដំបូង វាពិតជាលំបាកខ្លាំងមែនទែនក្នុងការសិក្សា ពីព្រោះមិនទាន់ស៊ាំជាមួយនឹងការប្រើភាសាអង់គ្លេសសុទ្ធនោះទេ ប៉ុន្តែបន្ទាប់ពីនោះមក វាក៏មិនមែនជាបញ្ហាទៀតឡើយ»។
ទោះបីជាលំបាកយ៉ាងនេះក្តី យុវជនវីរៈ តែងតែទទួលបាននូវការកោតសរសើរពីគ្រូបង្រៀន និងមិត្តភក្តិនៅទីនោះជារឿយៗ រហូតមកដល់ពេលនេះ ប្អូនប្រុសទទួលបានប័ណ្ណសរសើរទាំងអស់៨ពីសាលានៅប្រទេស សិង្ហបុរី។
បន្ទាប់ពីបញ្ចប់ថ្នាក់ទី១០នៅក្នុងប្រទេសសិង្ហបុរី យុវជនថី វីរៈ បានត្រឡប់មកលេងស្រុកកំណើតនៅកម្ពុជាវិញ កាលពីថ្ងៃទី៣០ មិថុនា កន្លងទៅនេះ។ បច្ចុប្បន្ន វីរៈ កំពុងតែរង់ចាំលទ្ធផលសិក្សាដែលនឹងត្រូវចេញនាចុងខែកក្កដានេះ។
ប្អូនប្រុស វីរៈ ជាក្មេងម្នាក់ដែលមានមហិច្ឆតាខ្ពស់ និងមានទំនុកចិត្តលើខ្លួនឯង។ គាត់បាននិយាយទាំងជឿជាក់ថា៖ «ប្រសិនបើខ្ញុំទទួលបាន GPA ៤២ទៅ៤៥ នៅពេលបញ្ចប់ថ្នាក់ទី១២ ខ្ញុំនឹងមានឱកាសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ផ្នែកស្ថាបត្យកម្មរយៈពេល៩ឆ្នាំ។ ខ្ញុំពិតជាមានការជឿជាក់ជាខ្លាំងថា ខ្ញុំនឹងទទួលបានវា ហើយខ្ញុំក៏បានរើសមហាវិទ្យាល័យរួចរាល់ហើយដែរ គឺនៅ Massachusetts Institution of Technology (MIT)។
ចំពោះមហិច្ឆតានេះ យុវជន វីរៈ បានបន្ថែមទៀតថា ប្អូនចង់ក្លាយជាស្ថាបត្យករម្នាក់ ហើយក៏ចង់ក្លាយជាអ្នកនយោបាយម្នាក់ដែរ។
ដោយមានភាពជឿជាក់ថាខ្លួននឹងជាប់បានទៅសហរដ្ឋអាមេរិក វីរៈ បានត្រៀមខ្លួនរួចជាស្រេចថានឹងសរសេរសៀវភៅមួយក្បាលដែលទាក់ទង នឹងប្រវត្តិសាស្ត្រស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្ត ដើម្បីដាក់ជូនសាលាដែលនឹងទៅបន្តការសិក្សានោះ ពីព្រោះគេត្រូវការវាដើម្បីអាចចូលរៀនខាងផែ្នកស្ថាបត្យកម្មនៅទី នោះបាន។
យ៉ាងណាមិញ ប្រសិនបើវីរៈ មិនបានជាប់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកទេ ក៏មានមហាវិទ្យាល័យនៅប្រទេសបីទៀតស្វាគមន៍វីរៈដែរ គឺមានប្រទេសអង់គ្លេស អូស្ដ្រាលី និងប្រទេសសិង្ហបុរី។
ជាចុងក្រោយយុវជនថី វីរៈ ចង់ប្រាប់យុវជនខ្មែរថា៖ «មានតែការខិតខំប្រឹងប្រែងតស៊ូប៉ុណ្ណោះទេ ដែលអាចផ្តល់ឲ្យខ្ញុំនូវជីវិតថ្មី ដូចសព្វថ្ងៃនេះ ហើយវានឹងនាំខ្ញុំទៅរកអនាគតមួយដ៏ភ្លឺស្វាង»។
ដូចនេះយុវជន វីរៈ សង្ឃឹមថា យុវជនយើងទាំងអស់គ្នាគួរតែចេះតស៊ូ ហើយត្រឡប់មកមើលពីសារៈសំខាន់របស់ការសិក្សាវិញ ជាជាងធ្វើអ្វីដែលឥតប្រយោជន៍៕
ភ្នំពេញ ប៉ុស្តិ៍







