ភ្នំពេញៈ អតីតនិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់ និងយុវជនម្នាក់ទៀត កាលពីថ្ងៃម្សិលមិញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្រោមការចោទប្រកាន់ ពីបទជួញដូរថ្នាំញៀន។
លោកស្រី ចាំង ស៊ីណាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានី បានថ្លែងថា ងួន ម៉ូរីណា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងពុទ្ធ ថេរ៉ាស៊ី ភេទប្រុសអាយុ២៤ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃសាលាយុគន្ធរ ត្រូវជាប់ចោទពីបទជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ ហើយត្រូវឃុំខ្លួននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំនេះ។
ក្នុងសវនាការ ងួន ម៉ូរីណា បានប្រាប់តុលាការថា គាត់បានទិញថ្នាំញៀន៥កញ្ចាប់ ពីឈ្មោះរ៉ូ នៅម្តុំផ្សារទួលទំពួង ក្នុងតំលៃ៧៥ដុល្លារ យកទៅរំលេកបាន៦កញ្ចាប់ លក់តំលៃ១៥ដុល្លារក្នុង១កញ្ចាប់ គាត់បានប្រព្រឹត្តបែបនេះ៤ដង ហើយបានប្រើប្រាស់ជាង១០ដង។
គាត់បានបញ្ជាក់ថា៖« ខ្ញុំពិតជាបានប្រព្រឹត្តដូចការចោទមែន»។
រីឯជនជាប់ចោទ ថេរ៉ាស៊ី បានសារភាពថា គាត់ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន គាត់បានទិញថ្នាំញៀន១កញ្ចប់ ពីឈ្មោះ ឌី ក្នុងតំលៃ៥០ដុល្លារ រំលេកជា៣កញ្ចប់។
គាត់ថា ម៉ូរីណា ជាប្អូនមិត្តភ័ក្ររបស់គាត់ នៅថ្ងៃកើតហេតុគាត់បានទៅខ្ចីម៉ូតូពីម៉ូរីណា។គាត់បានអះអាងថា៖« នេះជាកាប្រព្រឹត្តទី២ របស់គាត់»។
លោក ខៀវ ផល្លា តំណាងអយ្យការ ឆ្លងតាមការសួរដេញដោល លោកសុំឲ្យតុលាការផ្តន្ទាទោសតាមច្បាប់។
លោកស្រី ចាំង ស៊ីណាត ចៅក្រមជំរះក្តីថ្លែង មុនបិទសវនាការថា សាលក្រមនេះនឹងប្រកាសនៅថ្ងៃទី ១៥ ខែសីហាខាងមុខ៕
ភ្នំពេញ ប៉ុស្តិ៍

