Headlines:

បាល់​ទះ​លីអូ ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

120803_27b
ជំនួប​រវាង​សាលា​ខេត្ត​កំពង់​ចាម (ទឹក​ក្រូច) និង​កង​ពល​តូច​លេខ​៣១។ ស្រេង ម៉េង​ស្រ៊ុន​

ភ្នំពេញៈ ក្រុម​កីឡា​បាល់​ទះ​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ក្រសួង​មហា​ផ្ទៃ និង​ក្រុម​សាលា​ខេត្ត​កំពង់ចាម សុទ្ធ​តែ​បាន​បង្ហាញ​ភាព​ខ្លាំង​រៀងៗ​ខ្លួន ដើម្បី​បន្ត​ដំណើរ​ឡើង​ទៅ​កាន់​វគ្គ​១/២ផ្តាច់​ព្រ័ត្រ នា​កម្ម​វិធី​ប្រកួត​កីឡា​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​ប្រចាំ​ឆ្នាំ​ ២០១២ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ជ័យ​ជម្នះ​រៀងៗ​ខ្លួន កាល​ពី​ថ្ងៃម្សិល​មិញ​។

ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​ទី​លាន Beeline Arena ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ពូល ​A បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស បាន​​យក​ឈ្នះ​លើ​ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ពូល​C នាគ​សមុទ្រ​បញ្ជា​ការ​ដ្ឋាន​ជើង​ទឹក ក្នុង​លទ្ធ​ផល ៣-២ ប៉ុន្តែ​ការ​ឈ្នះ​លើក​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ ចន្លោះ​ប្រហោង​របស់​ខ្លួន​។

បន្ទាប់​ពី​ឈ្នះ​គ្រាប់​បាល់ ២៥-១៧ ២៥-១១ នា​ការ​ប្រកួត​២​សិត​ដំបូង បញ្ជា​ការ​ដ្ឋាន​អង្គរក្ស ហាក់​បង្ហាញ​នូវ​ទម្រង់​លេង​បែប​មិន​សូវ​យល់​ចិត្ត​គ្នា ហើយ​កត្តា​នាំ​ឲ្យ​ក្រុម​នាគ​សមុទ្រ​បញ្ជា​ការ​ដ្ឋាន​ជើង​ទឹក បាន​ធ្វើ​ការ​វាយ​បក​២​សិត​វិញ​ភ្លាមៗ ជា​មួយ​គ្រាប់​បាល់ ២៥-១៥ និង ២៥-២២។ ប៉ុន្តែ​ភាព​រីក​រាយ​វិល​ត្រឡប់​មក​វិញ​ខណៈ​ពួក​គេ​បាន​ប្រមូល​ស្មារតី​លេង​ ដោយ​ភាព​ជឿ​ជាក់​យក​ឈ្នះ​លើ​ក្រុម​នាគ​សមុទ្រ​បញ្ជាការ​ដ្ឋាន​ជើង​ទឹក ក្នុង​សិត​ទី​៥​កាត់​សេចក្តី​ក្នុង​លទ្ធ​ផល​១៥-៧ នោះ​។

ផ្ទុយ​ស្រឡះ​ពី​នេះ​ ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ពូល​ B កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ មិន​បាន​បង្ហាញ​នូវ​ភាព​ទន់​ជ្រាយ​ឡើយ។ ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​ក្រុម​លេខ​២ ​ពូល ​D សាកល​វិទ្យាល័យ​ចេនឡា ពួក​គេ​បាន​បំបាក់​ក្រុម​និស្សិត​មួយ​នេះ ​៣​សិត​ដាច់​តែ​ម្តង ជា​មួយ​គ្រាប់​បាល់ ២៥-២២ ២៦-២៤ និង ២៥-១៧។ ជ័យ​ជ​ម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ទាហាន​មក​ពី​ខេត្ត​ព្រះ​វិហារ​ ឡើង​ទៅ​ជួប​ក្រុម​ខ្លាំង​បញ្ជាការ​ដ្ឋាន​អង្គរក្ស នៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​សុក្រ​នេះ។

ដូច​គ្នា​នេះ​ដែរ​ ក្រុម​ចំណាត់​ថ្នាក់​ពូល​C  ក្រសួង​មហា​ផ្ទៃ ​នៅ​តែ​រក្សា​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ ហើយ​ការ​ជួប​ក្រុម​លេខ​២​ ពូល ​A កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស កាល​ពី​ម្សិល​មិញ​នេះ ពួក​គេ​បាន​លត់​គូ​ប្រកួត​របស់​ខ្លួន​៣​សិត​ដាច់​តែ​ម្តង ជា​មួយ​គ្រាប់​បាល់ ២៥-៨ ២៥-១៥ និង ២៥-១៥។

ក្រុម​លេខ​១​ពូល​ D សាលា​ខេត្ត​កំពង់​ចាម បាន​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​ជា​មួយ​ក្រុម​លេខ​២​ពូល ​B កង​ពល​តូច​លេខ​៣១ នា​ល្ងាច​ម្សិល​មិញ​នេះ ហើយ​ជា​លទ្ធ​ផល​ ខេត្ត​កំពង់​ចាម​បាន​យក​ឈ្នះ​ក្នុង​លទ្ធ​ផល​៣-២ ជាមួយ​គ្រាប់​បាល់ ២៥-១៩ ២៣-២៥ ១៦-២៥ ២៥-១៦ និង ១៥-១៣។ ជ័យ​ជម្នះ​ដ៏​លំបាក​នេះ បាន​ធ្វើ​ឲ្យ​ពួក​គេ​ឡើង​ទៅ​ជួប​ក្រសួង​មហា​ផ្ទៃ នៅ​វគ្គ១/២ផ្តាច់​ព្រ័ត្រ នៅ​ល្ងាច​ម៉ោង​៤​ថ្ងៃ​សុក្រ​នេះ៕