ភ្នំពេញៈ នៅពេលថ្មីៗនេះ លេចចេញនូវគម្រោងថា តារាចម្រៀងសម្តែង អេឡិច ច័ន្ទត្រា និងតារាចម្រៀងស្រីរបស់ហង្សមាសនាង ឱក សុគន្ធកញ្ញា នឹងចាប់ដៃគ្នាតែពីរនាក់ទៅកាន់ទឹកដីធ្លាក់ព្រឹលប្រទេសកាដាណា នៅប៉ុន្មានខែខាងមុខនេះ។ សុគន្ធកញ្ញា ហាក់ស្រពេចស្រពិលនឹងការឆ្លើយព័ត៌មាននេះ តែអេឡិច ច័ន្ទត្រា ទទួលស្គាល់១០០ភាគរយ។
ប្រសិនបើពួកគេទទួលបានវីហ្សា នេះជាលើកទីមួយដូចគ្នាសម្រាប់តារាទាំងពីរក្នុងការចេញទៅសម្តែង ច្រៀងនៅប្រទេសកាដាណា។ បើតាមគម្រោងពួកគេនឹងត្រូវសំចតស្នាក់នៅច្រៀងរយៈពេល១ខែ តាមរយៈការធានារបស់មូលនិធិមួយដើម្បីស្វែងរកថវិកាជួយដល់កុមារ កំព្រា។
ឱក សុគន្ធកញ្ញា បានកើបប្រាក់មិនតិចទេកាលពីរដូវក្តៅ ខណៈដែលនាងទទួលបានការងារច្រៀងច្រើននៅតាមបណ្តាខេត្ត និងថតស្ប៉តពាណិជ្ជកម្មធំៗ ហើយនៅពេលដែលឈានដល់រដូវភ្លៀងធ្លាក់នាងក៏ជ្រៀតរកច្រកចេញច្រៀង នៅក្រៅប្រទេស។ តែសម្រាប់ការចេញទៅច្រៀងនៅប្រទេសកាដាណា ជាមួយនឹងអេឡិច ច័ន្ទត្រានេះនាងមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយ តែសាច់ញាតិរបស់នាងបានឲ្យដឹងថា នឹងបានចេញទៅច្រៀង ឬយ៉ាងណានោះទេ ព្រោះនាងមិនទាន់ទទួលបានទិដ្ឋាការ។
អេឡិច ក៏ឲ្យដឹងស្របគ្នានោះថា ជាការពិតប្រសិនបើទទួលបានវីហ្សា នោះលោក និងសុគន្ធកញ្ញា នឹងត្រូវចេញទៅសម្តែងនៅទីនោះតែពីរនាក់៕
ភ្នំពេញ ប៉ុស្តិ៍






