ក្រុមអ្នកជំនាញផ្នែកច្បាប់របស់រដ្ឋាភិបាល នៅថ្ងៃអង្គារនេះ បានពិភាក្សាពីសេចក្តីព្រាងច្បាប់បង្ការនិងពន្លត់អគ្គិភ័យ ដែលផ្តល់សិទ្ធិឲ្យតុលាការ អាចផ្តន្ទាទោសបុគ្គលឬម្ចាស់សំណង់ណាដែលបង្កគ្រោះមហន្តរាយអគ្គិភ័យដោយចេតនា ដល់ទ្រព្យសម្បត្តិឬជីវិតអ្នកដទៃ ជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
លោក នេត វន្ថា ប្រធានការិយាល័យនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងថា ច្បាប់នេះមាន៨ជំពូក ៣៣មាត្រា ដែលត្រូវបានលោក អ៊ុក គឹមលេខ រដ្ឋអនុលេខាធិការក្រសួងមហាផ្ទៃ ជាសាម៊ីក្រសួងតាក់តែងសេចក្តីព្រាងច្បាប់នេះ ចូលរួមប្រជុំពិភាក្សាផ្តល់យោបល់នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃអង្គារ ជាមួយមន្ត្រីផ្នែកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងដាក់សម្រាប់សម័យប្រជុំពេញអង្គ ធ្វើការអនុម័ត។
លោកនិយាយថា សេចក្តីព្រាងច្បាប់មួយនេះ ត្រូវបានបង្កើតក្នុងការបង្ការនិងទប់ស្កាត់គ្រោះអគ្គិភ័យជាយថាហេតុ និងធ្វើឲ្យបាត់បង់អាយុជីវិត ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោកថា ចំពោះជនបង្កអគ្គិភ័យដោយមានចេតនាអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ និងដាក់ទោសចំពោះសមត្ថកិច្ចដែលធ្វេសប្រហែស មិនអន្តរាគមន៍ចំពោះការពន្លត់អគ្គិភ័យ ចំនួនពី៣ទៅ៧ឆ្នាំ។
ចំណែកប្រជាពលរដ្ឋដែលមិនស្តាប់តាមការបញ្ជា រារាំងសមត្ថកិច្ច ក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យ នោះក៏អាចជាប់ទោសដូចគ្នា។
លោកថ្លែងថា ៖ «នេះជាលើកទីមួយសម្រាប់ប្រទេសកម្ពុជា ដែលនឹងមានច្បាប់អគ្គិភ័យនេះ ហើយវានឹងជួយទប់ស្កាត់ការរីករាលដាលនៃគ្រោះអគ្គិភ័យ»។
បើតាមប្រធាននគរបាលពន្លត់អគ្គិភ័យខាងលើ ឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញ មានករណី៤៩ អគ្គិភ័យដែលតម្រូវឲ្យមាននគរបាលអន្តរាគមន៍ពន្លត់ ក្នុងឆ្នាំ២០១២នេះ ដែលប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ គឺមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែឆ្នាំមុនមានករណីនៃគ្រោះអគ្គិភ័យរហូតដល់៥ករណីច្រើនជាងឆ្នាំនេះ៕
ភ្នំពេញ ប៉ុស្តិ៍

